មណ្ឌលគិរីៈ យ៉ាងហោចណាស់ឈើជាង១៦០សន្លឹក/កំណត់ត្រូវបានរកឃើញ ក្រោយពីជនសង្ស័យបានលួចកប់លាក់ទុកនៅក្នុងអតីតដីសម្បទានសេដ្ឋកិច្ចមួយកន្លែង ស្ថិតក្នុងភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យាបានឱ្យដឹងនៅថ្ងៃទី២០ ខែធ្នូនេះថា មន្ត្រីឧទ្យានុរក្សបរិស្ថាន នៃដែនជម្រកសត្វព្រៃភ្នំព្រេច និងអាជ្ញាធរមូលដ្ឋានបានរកឃើញទីតាំងលាក់ឈើខុសច្បាប់ចំនួន៣ន្លែង ដែលជនសង្ស័យបានលួចលាក់កប់យ៉ាងជ្រៅក្នុងដី ស្ថិតក្នុងអតីតដីសម្បទានសេដ្ឋកិច្ចមួយកន្លែង។
ក្រុមមន្រ្តីបានចុះបង្ក្រាបករណីសន្និធិឈើខុសច្បាប់នេះ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការលួចសន្និធិឈើខុសច្បាប់នៅចំណុចស្រែតាអង។
មន្រ្តីឧទ្យានុរក្សនៃការិយាល័យ ដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះទៅដល់ទីកន្លែងកើតហេតុខាងលើ ហើយបានរកឃើញទីតាំងលាក់ឈើមានចំនួន៣ន្លែង។
លោកបានបញ្ជាក់ថា៖«សមត្ថកិច្ចមានការសង្ស័យក្នុងជំហានដំបូង ថាជនល្មើសអាចកប់ចោលឈើក្នុងដី ក្នុងកំឡុងពេលដែលមានគណៈកម្មធិការថ្នាក់ជាតិចុះការបង្ក្រាបកាលពីឆ្នាំ២០១៥»។
ក្រុមការងារបានបង្ក្រាប និងដកហូតឈើនៅ ទីតាំងទី១ ដែលជនសង្ស័យបានទុកចោលក្នុងព្រៃល្បោះ មានឈើមូលប្រភេទឈ្លីជ ចំនួន ១២កំណាត់ ស្មើនឹង១,៩២ម៉ែត្រត្រីគុណ។ ឈើនេះមានស្ថានភាពពុកផុយ គុណភាពប្រមាណ ២០ ទៅ២៥ ភាគរយ។
នៅទីតាំងទី២ គឺជាអតីតរោងស្នាក់នៅរបស់កម្មកររបស់អតីតក្រុមហ៊ុនសម្បទាន បានរកឃើញឈើអារប្រភេទសុក្រម ចំនួន ១៣០សន្លឹក ស្មើ៣,៥២ម៉ែត្រត្រីគុណ។ ឈើនេះ មានស្ថានភាពពុកផុយ គុណភាពប្រមាណ៣០ ភាគរយ។
នៅទីតាំងចុងក្រោយ ក្រុមការងារបានធ្វើការជីកកកាយរកឃើញឈើមូលចម្រុះចំនួន១៩កំណាត់ស្មើនឹង១,៣៨៣ម៉ែត្រត្រីគុណ ដែលខូចគុណភាពប្រមាណ២០ ភាគរយ។
លោកអាទិត្យាបានឱ្យដឹងថា ក្នុងពេលចុះធ្វើប្រតិបត្តិការកម្លាំងសមត្ថកិច្ចពុំបានប្រទះឃើញជនសង្ស័យនៅកន្លែងកើតហេតុនោះ។ ក្រុមការងារបានប្រមូល វត្ថុតាង មករក្សាទុកនៅស្នាក់ការរងនៃដែនជម្រកសត្វព្រៃភ្នំព្រេច ដើម្បីបន្តចាត់ការតាមនីតិវិធី។
លោកបានលើកឡើងថា ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការស្នូល ចំនួន៤ចំណុច ដើម្បីគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការលើកកម្ពស់ជីវភាពប្រជាសហគមន៍ តាមរយៈការអភិវឌ្ឍគម្រោងលំហែបៃតង។ ការពង្រឹងវិធានការទាំងនេះ ធ្វើឱ្យបទល្មើសព្រៃឈើត្រូវបានគ្រប់គ្រងបាន ជាពិសេស ការឃ្លុំដីទុក នៅក្នុង ប្រតិបត្តិការកន្លងមក ហើយករណី ដែលត្រូវបានបញ្ជូនទៅតុលាការក៏មានច្រើនផងដែរ។
ប្រធានសមាគមយុវជនស្រលាញ់ធម្មជាតិ លោកតាន់ គឹមសួរ និងអាជ្ញាធរពាក់ព័ន្ធក៏បានសហការគ្នាចុះបង្រ្កាបបទដឹកជញ្ជូន និងលាក់ទុកឈើនេះជាច្រើនករណីផងដែរ ក្នុងខេត្តមណ្ឌលគិរី នាពេលថ្មីៗនេះ។
លោកគឹមសួរបានលើកឡើងថា លោកធ្លាប់តែឃើញឈើ ដែលក្រុមឈ្មួញបានយកទៅលាក់ក្នុងព្រៃ ឬក្នុងទឹក។ ប៉ុន្តែ ម្តងនេះ ពួកគេបានលាក់ទុកនៅក្នុងដី ដែលជារឿងមួយ មិនគួរឱ្យជឿនោះទេ។
លោកបានសរសេរនៅលើបណ្តាញសង្គមដូច្នេះថា៖«ពិតជាមាន IQ ខ្ពស់មែន សូមសរសើរដល់ក្រុមឈ្មួញ ដែលមានការវៃឆ្លាតក្នុងការខិតខំស្វះស្វែងរិះរកគ្រប់មធ្យោបាយ ក្នុងការបំផ្លិចបំផ្លាញធនធានធម្មជាតិ ដែលជាសម្បត្តិរបស់រដ្ឋ របស់រួម ធ្វើយ៉ាងណាឱ្យតែខ្លួនមាន ខ្លួនបាន មិនគិតពីអ្វីទាំងអស់ ប៉ុន្តែទោះជាយ៉ាងនេះក្តីអាថ៌កំបាំងគ្មានទេនៅលើលោកនេះ»៕