មហាសន្និបាតនៃអង្គការសហប្រជាជាតិ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នេះបានអនុម័តសេចក្តីសម្រេច A/៧៩/L.៤៩ សម្រាប់ការចាកចេញរបស់ប្រទេសកម្ពុជាពីក្រុមប្រទេសអភិវឌ្ឍតិចតួច ឬ LDC។ កម្ពុជានឹងចាកចេញពីប្រទេសក្រីក្រ ចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩ បន្ទាប់ពីរយៈពេល៥ឆ្នាំដែលផ្ដល់ឲ្យសម្រាប់ការត្រៀមចាកចេញដោយរលូន។
ប្រទេសដែលត្រូវចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច ឬ ប្រទេសក្រីក្រជាមួយនិងកម្ពុជា គឺប្រទេសសេណេហ្គាល់។
សេចក្ដីប្រកាសព័ត៌មានរបស់មហាសន្និបាតនៃអង្គការសហប្រជាជាតិ ថ្លែងថា៖ «ប្រទេសទាំងពីរនឺងត្រូវចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩ បន្ទាប់ពីទទួលបានរយៈពេលសម្រាប់ការត្រៀមខ្លួន ៥ ឆ្នាំ ដោយគោលការណ៍លើកលែង ដែលជាធម្មតា ពេលវេលាសម្រាប់ត្រៀមមានរយៈពេលតែ ៣ឆ្នាំប៉ុណ្ណោះ ដើម្បីឲ្យប្រទេសនានាត្រៀមខ្លួនដោយប្រសិទ្ធភាព និងធានាបាននូវការចាកចេញពីក្រុមប្រទេសទាំងនេះដោយរលូន»។
ប្រទេសកម្ពុជា ត្រូវបានចាត់ចូលក្នុងក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ឬប្រទេសក្រីក្រនៅឆ្នាំ១៩៩១។
ការចាត់ចូលក្នុងចំណាត់ថ្នាក់នៃក្រុមប្រទេសនេះ ជួយឲ្យកម្ពុជាទទួលបានផលប្រយោជន៍ជាច្រើន ជាពិសេសការអនុគ្រោះពន្ធ ដូចជា ករណី EBA របស់សហភាពអឺរ៉ុប និង ប្រព័ន្ធ GSP របស់សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ក៏ដូចជា ជំនួយអភិវឌ្ឍន៍នានា។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះ បានថ្លែងថា កម្ពុជាបាននិងកំពុងត្រៀមខ្លួនដើម្បីចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ដោយរដ្ឋាភិបាលបានដាក់ចេញយន្តការ និង គោលនយោបាយពាក់ព័ន្ធជាច្រើន៕