ភ្នំពេញ​៖ ក្រសួង​សុខាភិបាល​កម្ពុជា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ឱ្យ​ប្រជាពលរដ្ឋ​យកចិត្ដ​ទុក​ដាក់​ខ្ពស់​ចំពោះ​អនាម័យ​ ស្រប​ពេល​របាយ​ការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក WHO បាន​បង្ហាញថា នៅ​ទូទាំងពិភពលោក​មនុស្ស ២០​ម៉ឺន​នាក់​បាន​ស្លាប់​ដោយសារ​វីរុស​ណូរ៉ូ (Norovirus)។

​យោងតាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃទី១៩ ខែធ្នូ​ម្សិលមិញ បាន​បង្ហាញថា៖ «អង្គការ​សុខភាព​ពិភពលោក​បាន​រកឃើញ​ថា ជា​រៀងរាល់ឆ្នាំ​នៅលើ​សកលលោក មាន ៦៨៥​លាន​ករណី​បង្កដោយ​វីរុស​ណូ​រ៉ូ ស្លាប់​ប្រមាណ ២០ម៉ឺន​នាក់ ក្នុងនោះដែរ ២០០​លាន​ករណី កើត​លើ​កុមារ​អាយុ​ក្រោម ​៥​ឆ្នាំ និង​មាន​កុមារ​ចំនួន ៥ម៉ឺន​នាក់​បាន​ស្លាប់»​។

នៅលើ​ពិភពលោក វីរុស​ណូ​រ៉ូ (Norovirus) ជា​មូលហេតុ​ចម្បង​នៃ​ការ​ក្អួត និង​រាក និង​ជំងឺ​ដែល​បណ្តាល មកពី​អាហារ ដែល​បង្កឱ្យមាន​ជំងឺ​រលាក​ក្រពះ​ស្រួចស្រាវ រលាក​ក្រពះ​ពោះវៀន​។

ក្រសួង​សុខាភិបាល​បាន​ឱ្យដឹងថា ការផ្ទុះ​រាតត្បាត​នៃ​ជំងឺ​បង្កដោយ​វីរុស​ណូ​រ៉ូ ភាគច្រើន​កើតមាន​នៅ​ប្រទេស​​មាន​រដូវ​ត្រជាក់ កន្លែង​មានការ​ប្រមូលផ្តុំ អាកាសធាតុ​ត្រជាក់​មេរោគ​រស់​យូរ រដូវ​ត្រជាក់​ធ្វើ​ឲ្យ​ប្រព័ន្ធ​​ភាពស៊ាំ​របស់​រាងកាយ​ចុះខ្សោយ​។

បុគ្គល​គ្រប់​វ័យ​អាច​ឆ្លង និង​ឈឺ​ដោយ​វីរុស​ណូ​រ៉ូ រោគសញ្ញា ជាទូទៅ កើតមាន​ចន្លោះ​ពី ១២ ទៅ ៤៨​ម៉ោង បន្ទាប់ពី​ប៉ះពាល់​ឬ​ប្រឈម​នឹង​វីរុស​ណូ​រ៉ូ។ យ៉ាងណាមិញ ក្រសួង​បាន​បញ្ជាក់ថា​៖ «​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ មនុស្ស​ចាស់ និង​អ្នក​ដែលមាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ ទំនងជា​ងាយ​រងគ្រោះ​ធ្ងន់ធ្ងរ​ពេល​ឆ្លង​វីរុស​»។​

រោគសញ្ញា​ភាគច្រើន រួម​មាន រាក ក្អួត ចង្អោរ ចុកពោះ និង​អាចមាន ក្តៅខ្លួន ឈឺក្បាល និង​ឈឺខ្លួន​។ ភាគច្រើន​ជាសះស្បើយ​ឡើងវិញ​ក្នុង​រយៈពេល ១ ទៅ ៣ ថ្ងៃ។
ក្រសួង​បាន​ព្រមាន​ថា​ ប៉ុន្តែ​វីរុស​អាច​ចម្លង​មេរោគ​ទៅ​អ្នកដទៃ​បាន​ក្នុងអំឡុង​២​សប្តាហ៍​ ឬ​លើស​បន្ទាប់ពី​ជាសះស្បើយ​។

ក្រសួង​បាន​បន្ដថា​៖ «​អ្នក​អាច​កើត​ជំងឺ​បង្កដោយ​វីរុស​ណូ​រ៉ូ ច្រើនដង​ក្នុង​ជីវិត​ ពីព្រោះ វីរុស​ណូ​រ៉ូ មាន​ច្រើន​ប្រភេទ​។ ការឆ្លង វីរុស​ណូ​រ៉ូ មួយ​ប្រភេទ មិនអាច​ការពារ​អ្នក​ពី​ប្រភេទ​ផ្សេង​ទៀតឡើយ​។ អាហារ​សមុទ្រ ជាពិសេស​អយ​ស្ទ័​រ​ឆៅ អាច​មាន​ផ្ទុក​វីរុស»​។

​វីរុស​ណូ​រ៉ូ រីក​រាលដាល​យ៉ាង​ងាយ និង​រហ័ស​តាម​វិធី​ផ្សេងៗ​គ្នា ​ដូចជា​ ​ការប៉ះពាល់​ដោយផ្ទាល់​ជាមួយ​អ្នក​ដែលមាន​វីរុស​ណូ​រ៉ូ ដូចជា​ការថែទាំ​អ្នកជំងឺ ការចែករំលែក​អាហារ សម្ភារ ប្រើប្រាស់ និង​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ្នកមាន​វីរុស​ណូ​រ៉ូ​។

ការ​ទទួលទាន​​​អាហារ ទឹក ឬ​ភេសជ្ជៈ​ដែលមាន​មេរោគ​វីរុស​ណូ​រ៉ូ​ ក៏ដូចជា​​ការ​ប៉ះ​វត្ថុ ​ឬ​ផ្ទៃ​​មាន​មេរោគ និង​​បន្ទាប់​មក​ដាក់​ម្រាមដៃ​ដែល​មិនទាន់​លាង​សម្អាត​នៅក្នុង​មាត់​ ក៏​អាច​ឆ្លង​វីរុស​នេះ​ផងដែរ​។

ក្រសួង​សុខាភិបាល​កម្ពុជា បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​យកចិត្ដ​ទុកដាក់​ខ្ពស់​ចំពោះ​អនាម័យ​ដើម្បី​បង្ការ​វីរុស​ណូរ៉ូ​នេះ​។ ពលរដ្ឋ​​ត្រូវ​ប្រកាន់​អនាម័យ លាង​សម្អាត​ដៃ​ឱ្យបាន​ញឹកញាប់​ សម្អាត និង​សម្លាប់​មេរោគ​លើ​ផ្ទៃ​ដែលមាន​មេរោគ​ ​ចម្អិនម្ហូប​អាហារ​ឱ្យបាន​ឆ្អិន​ល្អ ពិសេស​អាហារ​សមុទ្រ ពីព្រោះ​មេរោគ​ស្លាប់​នៅ​សីតុណ្ហភាព​លើសពី ៦០ អង្សា​សេ​។

គួរចងចាំថា ពួកគេ​ត្រូវ​​ស្នាក់​នៅផ្ទះ​ពេល​ឈឺ​រយៈពេល ២ ថ្ងៃ (៤៨ ម៉ោង​) បន្ទាប់ពី​បាត់​រោគសញ្ញា​។ បើ​មាន​រោគសញ្ញា​ដូចខាងលើ ពួកគេ​ត្រូវ​ទៅ​​ពិគ្រោះ​ជំងឺ នៅតាម​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​រដ្ឋ ដែល​នៅ​ជិត​ផ្ទះ​។

​កាលពី​ថ្ងៃចន្ទដើម​សប្ដាហ៍​នេះ ប្រទេស​ថៃ បាន​រាយការណ៍​ពី​ការ​ឆ្លង​វីរុស​ណូរ៉ូ​ជាង ១៤០០​ករណី​ក្នុង​ខេត្ដ​រ៉ាក់យ៉ង​។ យ៉ាងណាមិញ នៅ​កម្ពុជា មិនទាន់​មាន​សេចក្ដីរាយការណ៍​អំពី​ការ​ឆ្លង​វីរុស​នេះ​នៅឡើយទេ។

វីរុស​ណូ​រ៉ូ ត្រូវបាន​គេ​រកឃើញ​នៅ​ឆ្នាំ​១៩៧២ មាន​ប្រភព​មកពី​ទីប្រជុំជន Norwalk រដ្ឋ​អូ​ហៃ​យ៉ូ សហរដ្ឋអាមេរិក ពី​កន្លែង​ដែល​មេរោគ​នេះ​ត្រូវបាន​រកឃើញ និង​ញែក​ដាច់​ពី​បណ្ដា​វីរុស​ដទៃទៀត​ជា​លើកដំបូង​បន្ទាប់ពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​រលាក​ក្រពះ​ពោះវៀន​នៅ​ឆ្នាំ ១៩៦៨​។ នេះ​បើ​យោងតាម​ព្រឹ​ត្ដិ​ប​ត្ដិ The Lancet Infectious Diseases​។​

​វីរុស​ណូ​រ៉ូ គឺជា​មេរោគ RNA ខ្សែ​តែមួយ​នៃ​គ្រួសារ Caliciviridae។ ហ្សែ​ន​វីរុស​នេះ​មាន​អត្រា​ផ្លាស់ប្តូរ​ខ្ពស់ ដែល​មានន័យថា វា​អាច​ចម្លង​តាមរបៀប​ស្រដៀង​គ្នា​ទៅនឹង​មេរោគ​គ្រុនផ្តាសាយ ដោយ​វីរុស​ណូ​រ៉ូ រវែង​វិ​វត្ត​ទៅជា​ទម្រង់​ថ្មី​ដែលមាន​អនុភាព​ខ្ពស់ជាង​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​។​​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​លេខ​ទូរ​សព្ទ​ទាន់​ហេតុការណ៍​របស់​ក្រសួងសុខាភិបាល លេខ​១១៥ ដោយ​ឥតគិតថ្លៃ​៕