ភ្នំពេញ​៖ គម្រោង «​ខែ​នៃ​ការយល់ដឹង​អំពី​សន្តិសុខ​សាយ​ប័​រ - Cyber Security Awareness Month» ត្រូវបាន​រៀបចំឡើង​ ជា​យុទ្ធនា​ការចូលរួម​លើកកម្ពស់ និង​បញ្ជ្រាប​ចំណេះដឹង​អំពី​ទិន្នន័យ​ឯកជន​ភាព ​និង​សុវត្ថិភាព​សន្តិសុខ​សាយ​ប័​រ ស្រប​ពេលនៃការ​កើនឡើង​នៃ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ក ធនាគារ​ចល័ត និង​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។

ក្រុមការងារ​បច្ចេកទេស​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន នៃ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ បាន​ផ្ដួច​ផ្ដើមធ្វើ​នូវ​គម្រោងនេះ​ក្នុង​ការ​​ជួយ​ជំរុញ​យ៉ាង​ឆាប់រហ័ស​នូវ​ការវិវត្ត​នៃ​ប្រទេស​កម្ពុជា ដើម្បី​ឆ្ពោះទៅរក​សង្គម​ឌីជីថល​។

យោងតាម​ក្រសួង​ប្រៃសណីយ៍ បានឱ្យដឹងថា៖ «ខណៈពេលដែល​វឌ្ឍនភាព​ឌីជីថល​នេះ​នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន វា​ក៏បាន​ពង្រីក​ហានិភ័យ​នៃ​សុវត្ថិភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ផងដែរ​»។

​ក្រសួងប្រៃសណីយ៍ បានឱ្យដឹង​បន្ថែមថា បច្ចុប្បន្ននេះ ចំនួន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​នៅ​ប្រទេស​កម្ពុជា មានការ​កើនឡើង។ ប៉ុន្តែ​ចំណេះដឹង​ពី​សុវត្ថិភាព​សន្តិសុខ​សាយ​ប័​រ​នៅ​មិនទាន់​ទូលំទូលាយ​នៅឡើយ ដែលនាំឱ្យ​កម្រិត​ហានិភ័យ​នៃ​ការរង​គ្រោះ​ស្ថិតក្នុង​លំដាប់​ខ្ពស់ និង​មិនអាច​ឆ្លើយតបបាន​ទាន់ពេលវេលា​នៅពេល​មាន​ឧប្បត្តិហេតុ​ណាមួយ​កើតឡើង​។

ហានិភ័យ​ទាំងនោះ រួមមាន​ការបោក​បញ្ឆោត​អន​ឡាញ ការផ្ញើ​តំណ​ភ្ជាប់​ក្លែងបន្លំ ការ​ជ្រៀតចូល​នៃ​មេរោគ ការ​លួច​អត្តសញ្ញាណ និង​ការ​លួច​ព័ត៌មាន​ទិន្នន័យ​ជាដើម​។

ស្ថាប័នរដ្ឋ​ស្ថាប័នឯកជន និង​សាធារណជន​ទូទៅ​សុទ្ធតែ​អាច​ប្រឈមមុខ​នឹង​ហានិភ័យ​ក្នុង​លំហ​សាយ​ប័​រ​ដែល​កំពុង​លេចឡើង​ទាំងអស់នេះ​។​

ក្រសួងប្រៃសណីយ៍ បាន​បង្ហាញថា​៖ «គម្រោង ​(​ខែ​នៃ​ការយល់ដឹង​អំពី​សន្តិសុខ​សាយ​ប័​រ​) មាន​គោលបំណង​សំខាន់ៗ ៤ រួមមាន​ ការ​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ ការ​បង្កើន​ការយល់ដឹង​ដល់​និស្សិត ការ​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ដល់​អ្នកចូលរួម និង​ការ​ជំរុញ​ លើកទឹកចិត្ត និង​បង្កើត​ទម្លាប់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​ជាន់ថ្នាក់។

ក្រសួង​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​អំពី​ការគំរាមកំហែង និង​សុវត្ថិភាព​តាម​អ៊ី​ន​ធឺ​ណែ​ត ដល់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​យ៉ាងហោចណាស់​ចំនួន​ ៥​ម៉ឺន​​នាក់ តាមរយៈ​ការផ្សព្វផ្សាយ​ខិត​បណ្ណ​ព័ត៌មាន​ឌីជីថល និង​វីដេអូ​អប់រំ​ខ្លី​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​របស់ក្រសួង​​។​

គម្រោង​នេះ​បង្កើន​ការយល់ដឹង​ដល់​និស្សិត​ចំនួន ២៥០ នាក់ ទាក់ទង​ទៅនឹង​ឯកជន​ភាព​នៃ​ទិន្នន័យ តាមរយៈ​ការរៀបចំ​កម្មវិធី​សិក្ខាសាលា​នៅតាម​គ្រឹះស្ថានសិក្សា​ចំនួន ៥ ​ដូចជា​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ វិទ្យាស្ថាន​ជាតិ​បច្ចេកវិទ្យា​កម្ពុជា និង​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​។​

គម្រោង​ផ្ដួចផ្ដើម​ក៏​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ដល់​អ្នកចូលរួម​ចំនួន ៣០០-៤០០ តាមរយៈ​វេទិកា​ស្ដីពី​សន្តិសុខ​សាយ​ប័​រ  ទាក់ទង​នឹង​ការជ្រើសរើស​ជំនាញ​សិក្សា ឱកាស​ការងារ បដិវត្តន៍​សន្តិសុខ​សាយ​ប័​រ និង​អនាគត​នៃ​វិស័យ​សន្តិសុខ​សាយ​ប័​រ​នៅ​ប្រទេស​កម្ពុជា និង​ក្រសួង​ក៏​បាន​ជំរុញ​ លើកទឹកចិត្ត និង​បង្កើត​ទម្លាប់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​ជាន់ថ្នាក់​ឱ្យ​យកចិត្តទុកដាក់​លើស​ន្ដិ​សុខ​ឌីជីថល និង​ប្រើប្រាស់​អ៊ី​ន​ធឺ​ណែ​ត​ប្រកបដោយ​ទំនួល​ខុសត្រូវ​។​

ការចែកជូនលិខិតសរសើរដល់អ្នកចូលរួមក្នុងគំនិតផ្ដួចផ្ដើមបង្កើតគម្រោង «ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ»។ រូបថត សហការី

គម្រោង «ខែ​នៃ​ការយល់ដឹង​អំពី​សន្តិសុខ​សាយ​ប័​រ​» ក៏​ជាការ​ចូលរួម​គាំទ្រ​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២២-២០៣៥ ក្នុងនោះ​ការ​ផ្តោតលើ​ការធានា​ឱ្យមាន​សុវត្ថិភាព និង​និរន្ត​ភាព​នៃ​សន្តិសុខ​ឌីជីថល គឺជា​សកម្មភាព​អាទិភាព​យ៉ាងសំខាន់​មួយ​ក្នុង​ការចូលរួម​ជម្រុញ​ការអភិវឌ្ឍ​រដ្ឋាភិបាល​ឌីជីថល​ប្រកបដោយ​ប្រសិទ្ធភាព គុណភាព និង​បរិ​យាប​ន្ន​។

វា​បានដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​ជាច្រើន ដូចជា ​ការផ្សព្វផ្សាយ​តាម​បណ្តាញ​ឌីជីថល ការរៀបចំ​សិក្ខាសាលា​នៅតាម​គ្រឹះស្ថានសិក្សា យុទ្ធនាការ​ផ្សព្វផ្សាយ​តាមរយៈ​វេទិកា​ស្ដីពី​សន្តិសុខ​សាយ​ប័​រ​សម្រាប់​យុវជន  (Cybersecurity Youth Forum) រួមទាំង​ការរៀបចំ​កិច្ចពិភាក្សា​ស្ដីពី សន្តិសុខ​សាយ​ប័​រ​នៅក្នុង​យុគសម័យ​សង្គម​អេឡិចត្រូនិក និង​ការបណ្ដុះ​ទម្លាប់​ក្នុងការ​រក្សា​សុវត្ថិភាព​តាម​អន​ឡាញ ដែល​បាន​រៀបចំឡើង​នៅ​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ នា​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC) ដោយមាន​អ្នកចូលរួម​ជាង ៣០០​នាក់​។

សូមបញ្ជាក់ថា គម្រោង «ខែ​នៃ​ការយល់ដឹង​អំពី​សន្តិសុខ​សាយ​ប័​រ - Cyber Security Awareness Month» មាន​រយៈពេល ១​ខែ ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២៤ និង​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២៤៕​