ភ្នំពេញ៖ ក្រសួងសុខាភិបាល រាយការណ៍ពី​ការកើនឡើង​​ជំងឺ​​កញ្ជ្រឹល​​នៅតាម​បណ្តា​ខេត្ត​ចំនួន​ ១៧ ជាមួយ​ការ​រក​ឃើញ ៣៧៥ ករណី​រយៈ​ពេល ១២​ខែ​។

ក្រសួង​បាន​កត់សម្គាល់​ឃើញថា ករណី​នៃ​ជំងឺ​ក​ញ្ជឹ​ល​មានការ​កើនឡើង ជាបន្តបន្ទាប់​ជាពិសេស​នៅតាម​សាលារៀន និង​ខេត្ត​មួយចំនួន​នៅតាម​ព្រំដែន ចាប់តាំងពី ខែតុលា ឆ្នាំ​២០២៤​មក។

នេះជា​ការ​ជំរុញ​ឱ្យ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ រួមទាំង​អង្គការសុខភាព​ពិភពលោក (WHO) បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ទ្រទ្រាយ​ធំ​កាលពី​ចុង​ខែ​តុលា​កន្លង​ទៅ​ក្នុង​គោលបំណង​ផ្ដល់​ការការពារ​កុមារ​ ១,៥​លាន​នាក់​។

ក្រសួងសុខាភិបាល បានដាក់​ចេញ​នូវ​យុទ្ធនា​ការផ្តល់​វ៉ាក់សាំង​បន្ថែម បង្ការ​ជំងឺ​ក​ញ្ជឹ​ល​-​ស្ដួច នៅ​ទូទាំងប្រទេស​ដល់​កុមារ​ដែលមាន​អាយុ​ចាប់ពី​៩​ខែ​ដល់​៥៩​ខែ ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែតុលា ឆ្នាំ​២០២៤ រហូតដល់​បច្ចុប្បន្ននេះ ដើម្បី​បង្កើន​ភាពស៊ាំ​នៅក្នុង​សហគមន៍​។

យោងតាម​ក្រសួង​បាន​ឱ្យដឹងថា​៖ «​ករណី​នៃ​ជំងឺ​​កញ្ជ្រឹល​មានការ​កើនឡើង ជាបន្តបន្ទាប់​ជាពិសេស​នៅតាម​សាលារៀន និង​ខេត្ត​មួយចំនួន​នៅតាម​ព្រំដែន ចាប់តាំងពី ខែតុលា ឆ្នាំ​២០២៤​មក ក្នុងនោះ​ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​២០២៤​នេះ ប្រទេស​កម្ពុជា បាន​រកឃើញ​ករណី​វិជ្ជមាន​ជំងឺ​កញ្ជ្រឹល​សរុប ​៣៧៥ ករណី​ក្នុង​ខេត្ត​ចំនួន​១៧​»។

ជំងឺ​កញ្ជ្រឹល​​គឺជា​ជំងឺ​បង្កដោយ​វីរុស មាន​លក្ខណៈ​ឆ្លង​ខ្លាំង ហើយ​រាលដាល​លឿន​តាមផ្លូវ​ដង្ហើម ក្អក ឬ​កណ្តាស់ វា​អាច​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ និង​ស្លាប់​បាន ជាពិសេស​លើ​កុមារ​តូចៗ​ដែល​ខ្វះ​អាហារូបត្ថម្ភ​។

របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០២៣ ​មក មានការ​ផ្ទុះ​រាលដាល​នៃ​ជំងឺ​ក​ញ្ជឹ​ល​នៅ​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​តំបន់ ​និង​លើ​ពិភពលោក ដោយសារ​អត្រា​គ្របដណ្តប់​វ៉ាក់សាំង​បង្ការ​ជំងឺ​ក​ញ្ជឹ្រ​ល​បាន​ធ្លាក់ចុះ ក្នុងអំឡុងពេល​ផ្ទុះ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។

ប្រទេស​កម្ពុជា​រួមជាមួយ​នឹង​ប្រទេសជិតខាង​កម្ពុជា កំពុងតែ​ប្រឈម​នឹង​ហានិភ័យ នៃ​ការផ្ទុះ​រាលដាល​ជំងឺ​កញ្ជ្រឹលឡើងវិញ ជាពិសេស​ប្រជាជន​ដែល​ងាយ​រងគ្រោះ ដូចជា​កុមារ ជន​ចំណាកស្រុក ប្រជាជន​ចល័ត និង​សហគមន៍ នៅតាម​ព្រំដែន​ជាដើម​។

ក្រសួងសុខាភិបាលរាយការណ៍ពីការកើនឡើងជំងឺកញ្ជ្រឹលនៅតាមបណ្តាខេត្តចំនួន ១៧ ជាមួយការរកឃើញ ៣៧៥ ករណីរយៈពេល ១២ខែ។ រូបថត ភ្នំពេញប៉ុស្ដិ៍

យោងតាម​អង្គការ​សុខភាព​ពិភពលោក (WHO) បានឱ្យដឹងថា នៅ​ទូទាំង​ពិភពលោក ការផ្ទុះ​ជំងឺ​កញ្ជ្រឹល​បាន​កើនឡើង​ទ្វេដង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​
​​អង្គការ​សុខភាព​ពិភពលោក បានឱ្យដឹងថា៖ «​នៅ​ឆ្នាំ២០២៣​ ​តែមួយ មាន​​ករណី​ដែល​បាន​រាយការណ៍​បាន​កើនឡើង​ពី ១៧​ម៉ឺន​ក្នុង​ឆ្នាំ២០២២​ កើន​ដល់​ជាង ៣២ម៉ឺន​ករណី​»។​

WHO រួមជាមួយ​នឹង​ដៃគូ​សកល​ដូចជា UNICEF និង Gavi ដែលជា​សម្ព័ន្ធ​វ៉ាក់សាំង បាន​ជំរុញ​ឱ្យ​ប្រទេស​នានា​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​ចាក់​ថ្នាំ​បង្ការ ជាពិសេស​ក្នុងចំណោម​កុមារ ដែល​ប្រឈមមុខ​នឹង​ផលវិបាក​ធ្ងន់ធ្ងរ​បំផុត​ពី​ជំងឺ​នេះ​។​

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើត​ឡើងវិញ ក្រសួងសុខាភិបាល​កម្ពុ​ជា​បានដាក់​ចេញ​នូវ​សកម្មភាព​ចាក់​ថ្នាំ​បង្ការ​បន្ថែម​ជំងឺ​កញ្ជ្រឹល​-​ស្អូច នៅ​ទូទាំងប្រទេស​ចំនួន​ពីរ​ដំណាក់កាល (MR SIA)​។​

លោក ឈាង រ៉ា រដ្ឋមន្ដ្រី​សុខាភិបាល បាន​ថ្លែងថា​៖ «​បុគ្គលិក​សុខាភិបាល​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​ពួកគេ​អាចធ្វើ​បាន​ដើម្បី​ផ្ដល់​ថ្នាំ​បង្ការ​ទៅដល់​កុមារ​ទាំងអស់ ជាពិសេស​អ្នក​ដែល​រស់នៅក្នុង​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់ និង​ពិបាក​ទៅដល់ ដូចជា​កុមារ​ដែល​រស់នៅក្នុង​គ្រួសារ​ក្រីក្រ​ក្នុង​ទីក្រុង​​ អ្នក​ដែល​រស់នៅក្នុង​សហគមន៍​ជនបទ​ដាច់ស្រយាល កុមារ​ជនជាតិភាគតិច និង​កុមារ​ចំណាកស្រុក​»​។​

គួរ​បញ្ជាក់ថា ​ជំងឺ​កញ្ជ្រឹលអាច​ប៉ះពាល់​ដល់​មនុស្ស​គ្រប់រូប ប៉ុន្តែ​ភាគច្រើន​កើតមាន​ចំពោះ​កុមារ​។ ​វា​ឆ្លងតាម​ផ្លូវដង្ហើម ក្អក ឬ​កណ្តាស់ មេរោគ​នៅតែ​សកម្ម និង​ចម្លង​តាម​ខ្យល់ ឬ​លើ​ផ្ទៃ​ដែលមាន មេរោគ​រហូតដល់​ទៅ​ពីរ​ម៉ោង​។​

​ជំងឺ​កញ្ជ្រឹល​ឆ្លង​ខ្លាំងណាស់ ប្រសិនបើ​គេ​ដាក់​អ្នកជំងឺ​​​ម្នាក់​នៅក្នុង​បន្ទប់​ជាមួយនឹង​មនុស្ស​១០​នាក់ ផ្សេងទៀត​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​ការពារ នោះ​៩​នាក់ ក្នុងចំណោម​ពួកគេ​នឹង​ឆ្លង​ជំងឺ​កញ្ជ្រឹល ហើយ​វា​​​មាន​សមត្ថភាព​ឆ្លង ក្នុងអំឡុង​បួន​ថ្ងៃ​មុនពេល​ចាប់ផ្តើម​ចេញ​កន្ទួល​ក្រហម រហូតដល់​ទៅ​បួន​ថ្ងៃ បន្ទាប់ពី​កន្ទួល​ក្រហម​រលុប​បាត់​។​

យោងតាម​ក្រសួង​សុខាភិបាល បាន​បង្ហាញថា ​ជាទូទៅ​រោគសញ្ញា​ជំងឺ​ក​ញ្ជឹ​ល​ចាប់ផ្តើម​ចេញ​ក្នុង​ចន្លោះ​ពី​១០​ថ្ងៃ ទៅ​១៤​ថ្ងៃ បន្ទាប់ពី​ឆ្លង​វីរុស​ ដោយ​​រោគសញ្ញា​ដំបូង​ច្រើន កើតមាន​ក្នុង​រយៈពេល ៤ ទៅ​៧ ថ្ងៃ ហៀរ​សំបោរ ក្អក ភ្នែក​ក្រហម ហូរ​ទឹកភ្នែក​ មាន​ចំណុច​ពណ៌​ស​តូចៗ​នៅ​ខាងក្នុង​ថ្ពាល់​។

សញ្ញា​​កន្ទួល​ក្រហម​លើ​ស្បែក គឺជា​រោគសញ្ញា​ចម្បង មាន​លើ​មុខ ផ្នែក​ខាងលើ​នៃ​ក ដែលវា​​កើត​មាន ៧​ទៅ​១៨​ថ្ងៃ​បន្ទាប់ពី​ឆ្លង រួច​រាលដាល​ពេញ​រាងកាយ​រហូតដល់​ដៃជើង​ក្នុង​រយៈពេល​៣​ថ្ងៃ​។ កន្ទួល​ក្រហម និង​រលុប​បាត់​ក្នុងអំឡុង ៥​ទៅ​៦​ថ្ងៃ​។​

​ផលវិបាក​ធ្ងន់ធ្ងរ រួមមាន ​ពិការភ្នែក​ ​ជំងឺ​រលាក​ខួរក្បាល (​ការបង្ក​រោគ​បណ្តាលឱ្យ​ហើម​ខួរក្បាល និង​អាច​ប៉ះពាល់​ដល់​ខួរក្បាល​) ​រាក​ធ្ងន់ធ្ងរ និង​អាច​បាត់បង់​ជាតិ​ទឹក​ក្នុង​រាងកាយ​ ឆ្លង​មេរោគ​ក្នុង​ត្រចៀក​ បញ្ហា​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ រួមទាំង​ជំងឺ​រលាក​សួត​។

ប្រសិនបើ​ស្ត្រី​មាន​ជំងឺ​កញ្ជ្រោល​អំឡុងពេល​មាន​ផ្ទៃពោះ អាច​បង្ក​គ្រោះថ្នាក់​ដល់​ម្តាយ និង​អាច​បណ្តាលឱ្យ​ទារក​របស់គាត់​កើត​មិន​គ្រប់​ខែ និង​មាន​ទម្ងន់​ទាប​។​

ក្រសួង​បាន​បន្ដថា​៖ «​ផលវិបាក​ភាគច្រើន​កើតមាន​ចំពោះ​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ កុមារ​ខ្វះ​អាហារូបត្ថម្ភ ជា ពិសេស​បុគ្គល​ដែល​មិនមាន​វីតាមីន​អា​គ្រប់គ្រាន់ បុគ្គល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ អ្នក​ផ្ទុកមេរោគ​អេដស៍ ឬ​អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ​។ វីរុសកញ្ជ្រឹលធ្វើឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​ងាយ​ឆ្លង មេរោគ​ផ្សេងៗ​ដទៃទៀត បង្កលក្ខណៈ​ឱ្យ​កុមារ​កាន់តែ​ងាយ​រងគ្រោះ​ខ្លាំង​»។​

​មធ្យោបាយ​ដ៏​ល្អ​បំផុត ក្នុងការ​បង្ការ​ការកើត​ជំងឺ​កញ្ជ្រឹល និង​ទប់ស្កាត់​នៃ​ការផ្ទុះ​រាលដាល​នៃ​ជំងឺ​កញ្ជ្រឹលគឺ មានតែ​ការចាក់​វ៉ាក់សាំង​ចំនួន​ពីរដង ក្នុង​វ័យ​កុមារភាព​តាមរយៈ​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​។

​ដោយសារ​មានការ​កើនឡើង​នៃ​ជំងឺ​កញ្ជ្រឹលឡើងវិញ ក្រសួងសុខាភិបាល​សូម​អំពាវនាវ ដល់​មាតា បិតា និង អាណាព្យាបាល​កុមារ នាំ​កូនៗ​​​អាយុ​ចាប់ពី​៩​ខែ​ដល់​៥៩​ខែ ដែលមាន​ការខកខាន​មិនបាន ទទួល​វ៉ាក់សាំង មក​ទទួល​ថ្នាំ​បង្ការ​ជំងឺ​កញ្ជ្រឹល-​ស្ទូច ឱ្យបាន​ពីរ​ដូ​ស និង​គ្រប់គ្នា នៅតាម​មណ្ឌល​សុខភាព និង មន្ទីរពេទ្យ​នៅ​ទូទាំងប្រទេស​។

​ប្រសិន​ជួប​ករណី​សង្ស័យ​ជំងឺកញ្ជ្រឹលដូច​ជាមាន​រោគសញ្ញា ក្តៅខ្លួន​ខ្លាំង ក្អក ហៀរ​សំបោរ និង​កន្ទួល ក្រហម សូម​នាំ​កុមារ​មក​ពិគ្រោះ​ជំងឺ នៅតាម​មណ្ឌល​សុខភាព និង មន្ទីរពេទ្យ ដែល​នៅ​ជិត​ផ្ទះ​របស់​លោកអ្នក​។​

​ក្រសួងសុខាភិបាល​នឹង​បន្តធ្វើ​ការជូនដំណឹង​ដល់​សាធារណជន អំពី​ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​សុខភាព សាធារណៈ តាម​បណ្តាញ​សង្គម​ផ្លូវការ​របស់​ក្រសួងសុខាភិបាល ក៏ដូចជា​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​នាយកដ្ឋាន ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង​គេហទំព័រ www.cdcmoh.gov.kh​។​

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​លេខ​ទូរ​សព្ទ​ទាន់​ហេតុការណ៍​របស់​ក្រសួងសុខាភិបាល លេខ​១១៥ ដោយ​ឥតគិតថ្លៃ៕