ដំណើរ​ទស្សនកិច្ច​ទៅ​ខេត្ត​នៅ​តំបន់​ប៉ែក​ឦសាន​នៃ​ប្រទេស​កម្ពុជា​ដែល​រៀប​ចំ​ឡើង​ដោយ​ចំណាយ​ថវិកា​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ឈាន​ដល់​ទី​បញ្ចប់​ដោយ​មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន ២ ៤០០នាក់ បាន​ចូលរួម។

ដំណើរ​ទស្សនកិច្ច​នេះ​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី៧ ខែកញ្ញា ឆ្នាំ​២០២៤ ហើយ​ត្រូវ​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២២ ខែ​ធ្នូ​នេះ ដែល​មាន​ដំណើរ​កម្សាន្ត​សរុប​ចំនួន ១១​លើក ដោយ​ក្នុង​មួយ​លើកៗ មាន​អ្នក​ចូលរួម​ជាង​ ២០០​នាក់ ចូលរួម​ធ្វើ​ដំណើរ និង​ស្នាក់​នៅ​ដោយ​ឥត​គិត​ថ្លៃ ទៅ​ខេត្ត​ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ ខេត្ត​មណ្ឌលគិរី។

ដំណើរ​កម្សាន្ត​នេះ ត្រូវ​បាន​ប្រកាស​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ពេល​ដែល​ក្ដី​បារម្ភ​នៃ​ការ​ភ័យ​ខ្លាច​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​ជិត​ខាង បាន​ពុះ​កញ្ជ្រោល​ចាប់​ពី​ខែ​កក្កដា ពាក់​ព័ន្ធ​នឹង​ការ​ចូលរួម​របស់​កម្ពុជា​ក្នុង​កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV-DTA)។ យ៉ាងណា​ក៏​ដោយ កម្ពុជា​បាន​ដក​ខ្លួន​ពី​កិច្ច​សហប្រតិបត្តិការ​នេះ​ហើយ។

ដំណើរ​កម្សាន្ត​នេះ​ដឹកនាំ​ដោយ​ក្រសួង​ព័ត៌មាន​ និង​មាន​ការ​ចូលរួម​និង​គាំទ្រ​រៀបចំ​ពី​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល និង​រដ្ឋលេខាធិការដ្ឋាន​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន។

លោក​ ទេព អស្នារិទ្ធ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​ថា ដំណើរ​កម្សាន្ត​នេះ បាន​ ឱកាស​បង្កើន​ភាព​ស្និទ្ធ​ស្នាល​សាមគ្គី​ជា​គ្រួសារ​កម្ពុជា​តែ​មួយ​បន្ថែម​ទៀត និង​ផ្តល់​ចំណេះ​ដឹង​ថ្មីៗ​ស្តី​ពី​ការ​គ្រប់​គ្រង​តំបន់​ក្រវាត់​ព្រំដែន និង​ការ​ការ​ពារ​យ៉ាង​រឹង​មាំ​នូវ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​កម្ពុជា។ 

លោក​ថា អ្នក​ដែល​បាន​ចុះ​ឈ្មោះ​ចូលរួម​ដំណើរ​កម្សាន្ត​មាន​រហូត​ដល់​ទៅ​ ៤ ៤០៦​នាក់ ប៉ុន្តែ ការ​រៀបចំ​អាច​ធ្វើ​បាន​តែ​សម្រាប់​មនុស្ស​ ២ ៤០០​នាក់​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា៖ «ទស្សនកិច្ច​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ដំណើរ​ទស្សនកិច្ច​កម្រ​ ព្រោះ​ជា​ទស្សកិច្ច​ពលរដ្ឋ​លើក​ដំបូង​បង្អស់​សម្រាប់​កម្ពុជា ឬ​អាច​ថា​ក្នុង​តំបន់​ទាំង​មូល​ក៏​ថា​បាន​ ហើយ​បាន​ក្លាយ​ជា​សក្ខីកម្ម​រស់​ដោយ​ប្រជាពលរដ្ឋ​ដ៏​សំខាន់​ស្តីពី​ការ​ពិត​និង​ស្ថានភាព​ជាក់​ស្តែង​លើ​កិច្ចការ​ព្រំដែន ការ​គ្រប់​គ្រង​និង​ការពារ​ទឹក​ដី​របស់​រាជរដ្ឋាភិបាល​កម្ពុជា»។

លោក​បន្ត​ថា ដំណើរ​ទស្សនកិច្ច​ពលរដ្ឋ​នេះ​គឺ​ទឡ្ហីករណ៍​​ដ៏​សំខាន់​ជម្រះ​អស់​មន្ទិល​ទាំង​ឡាយ​ជុំវិញ​ការងារ​ព្រំដែន ហើយ​បញ្ជាក់​ពី​ភាព​ច្បាស់​លាស់​ប្រាកដ​រស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បន្ត​បេសកកម្ម ការពារ​អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី។

លោក ឈត ប៊ុនថង អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​វប្បធម៌ អប់រំ និង​ទេសចរណ៍ បាន​ថ្លែង​ថា តំបន់​ភាគ​ឦសាន​ជា​កន្លែង​ពិបាក​ទៅ​ដល់ ហើយ​ជា​តំបន់​ដែល​មនុស្ស​ភាគ​ច្រើន​បារម្ភ​ខ្លាច​បាត់​បង់​ទឹក​ដី ហើយ​ការ​រៀប​ចំ​ដំណើរ​កម្សាន្ត​នេះ​បាន​ជួយ​ឲ្យ​មនុស្ស​ជាច្រើន​បាន​ឃើញ​ និង​ជម្រះ​មន្ទិល​សង្ស័យ។

លោក​ថ្លែង​ថា៖ «ប្រសិន​បើ​មនុស្ស​គ្រប់​គ្នា​បាន​ដឹង បាន​ឃើញ​កន្លែង​ដែល​មាន​ក្ដី​បារម្ភ និង​អាថ៌​កំបាំង វា​លែង​ជា​រឿង​អាថ៌​កំបាំង​ទៀត​ហើយ។ បើ​សិន​វា​​លែង​ជា​រឿង​អាថ៌កំបាំង វា​ក៏​មិន​អាច​ក្លាយ​ជា​កម្មវត្ថុ​នៃ​រឿង​នយោបាយ ឬ​ការ​យក​ទៅ​បំប៉ោង​ដោយ​មនុស្ស​មួយ​ចំនួន​ដើម្បី​កេង​ចំណេញ​នយោបាយ»។

យ៉ាង​ណា​ក៏​ដោយ លោក​លើក​ទឹក​ចិត្ត​ដល់​ការ​បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​ព្រំដែន ដូចជា​ផ្លូវ​ជា​ដើម ដើម្បី​បំបាត់​អាថ៌​កំបាំង​ទាំង​ឡាយ។ ប្រសិន​បើ​កន្លែង​មួយ​មិន​មាន​មនុស្ស​ភាគ​ច្រើន​ទៅ​ដល់ គេ​អាច​និយាយ​អ្វី​មួយ​ក៏​បាន ហើយ​ពលរដ្ឋ​ងាយ​នឹង​ជឿ។

ក្រៅ​ពី​បាន​ដឹង​ពី​រឿង​ព្រំដែន លោក​ថា ដំណើរ​កម្សាន្ត​នេះ​ជួយ​ឲ្យ​ពលរដ្ឋ​បាន​យល់​ដឹង​ពី​វប្បធម៌ ទំនៀម​ទម្លាប់ បរិស្ថាន ធនធាន​ធម្មជាតិ និង​ជំរុញ​ទឹក​ចិត្ត​ពលរដ្ឋ​ឲ្យ​ស្រឡាញ់​ទឹកដី និង​ធនធាន​ធម្មជាតិ​របស់​កម្ពុជា ដែល​កន្លែង​ខ្លះ​មាន​ភាព​ស្រស់​ស្អាត និង​សម្បូរ​ជាង​ប្រទេស​មួយ​ចំនួន៕