ភ្នំពេញៈ ប្រមុខរដ្ឋាភិបាលបានបញ្ជាក់ថា គ្មានការផ្លាស់ប្តូរដាក់ភាសាបរទេសណាមួយ ជំនួសភាសាខ្មែរជាភាសាជាតិនោះទេ ហើយបានជម្រុញ ឱ្យមានការពង្រឹងបន្ថែមទៀត នូវចំណេះដឹងមូលដ្ឋានលើភាសាខ្មែរ ចាប់ពីថ្នាក់មតេយ្យឡើងទៅ។
ការថ្លែងបញ្ជាក់ នេះបានធ្វើឡើងនាថ្ងៃចន្ទ ទី២៣ ខែធ្នូ នេះ ក្នុងពេល ដែលលោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ២២២៥នាក់ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុប និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំ២០២៤ ។
នេះក៏ជាការឆ្លើយតបទៅនឹងការប្រឌិតព័ត៌មានក្លែងក្លាយនាពេលថ្មីៗនេះ ពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរភាសាជាតិផងដែរ។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖«ថ្ងៃមុន នៅមិននៅទៅស្រែកថា ក្រសួងអប់រំ ដាក់បញ្ជូលភាសាវៀតណាម ចូលនៅក្នុងប្រព័ន្ធជាភាសាជាតិ នៅក្នុងកម្មវិធីអប់រំរបស់ជាតិ។ អត់មានទេ ខ្ញុំសុំបញ្ជាក់ ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែភាសាជាតិ តែ១គត់របស់កម្ពុជា»។
ប្រមុខរដ្ឋាភិបាលបានបន្តថា ការសិក្សាភាសាបរទេសផ្សេងៗ ដូចជាភាសាបារំាង និងអង់គ្លេសជាដើម គឺជារសិក្សាបន្ថែមតែប៉ុណ្ណោះក្នុងកម្មវិធីសិក្សាជាតិ។ លើសពីនោះ ទាំងរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡាគ្មានផែនការយកភាសាបរទេសណាមួយទៅជំនួស ភាសាខ្មែរនោះទេ។
លោកនាយករដ្ឋមន្រ្តីថ្លែងដូច្នេះថា៖«ហេតុនេះហើយបានជាយើងដាក់ទិសដៅ ពង្រឹងសាលាបឋសិក្សា គឺយើងធ្វើយ៉ាងណា ពង្រឹងមូលដ្ឋានភាសាខ្មែរ ឱ្យកាន់តែរឹងមាំទាំងពីថ្នាក់បឋមឡើងមក។ នេះហើយដែលយើងត្រូវធ្វើ។ ជនជាតិខ្មែរ ត្រូវរៀនភាសាខ្មែរ»។
លោកបានលើកឡើងថា ការអភិវឌ្ឍន៍ភាសាខ្មែរ មានជាបន្តបន្ទាប់ ដែលចាប់ទាំងពីចារលើ សាស្ត្រាស្លឹករឹត ទៅជា ការសរសេរលើសៀវភៅ, លើក្រដាស និងបោះពុម្ពថែមទៀតផង។ លើសពីនោះ មិនត្រឹមតែមានការរៀនសរសេរភាសាខ្មែរនៅសាលានោះទេ។ ប៉ុន្តែភាសាខ្មែរ ថែមទាំងត្រូវបានដាក់បញ្ជូនទៅក្នុងហ្គូហ្គល(google)។ នេះជាការជំរុញ ភាសាខ្មែរឱ្យទាន់សម័យបច្ចេកវិទ្យាឌីជីថល ។
លោកមានប្រសាសន៍ថា៖«ឥលូវ គឺភាសាខ្មែរចូលទៅក្នុងប្រព័ន្ធឌីជីថល ដើម្បីឱ្យកូនខ្មែរ ប្រើប្រាស់កាន់តែច្រើន។ ពីមុនគេថា ប្រើឌីជីថល ទាល់តែយើងរៀនអង់គ្លេស ព្រោះយើងអត់មានភាសាខ្មែរ នៅក្នុងKeyboard។ ឥលូវយើងមានហើយ សូមម្បីតែgoogleក៏ចេះភាសាខ្មែរដែរ គួរមានមោទនភាព...អញ្ជឹងកុំភ័យកុំព្រួយថា រាជរដ្ឋាភិបាល ឬក្រសួងអប់រំ លក់ភាសាជាតិ យកភាសាផ្សេងយកមកដាក់។ អត់ទេ ព្រោះអានេះព័ត៌មានប្រឌិតក្លែងក្លាយ»។
ទោះយ៉ាងណា ប្រមុខរដ្ឋាភិបាលបានណែនាំ កុំទាន់ឱ្យសិស្សានុសិស្សពីថ្នាក់១ ដល់៣ប្រើប្រាស់កុំព្យូទ័រច្រើនពេក ប៉ុន្តែត្រូវ ដាក់បន្ថែមម៉ោងរៀនអានអក្សរខែ្មរឱ្យបានច្រើន ព្រោះថា បើសិស្សចាប់ផ្តើមពឹងទៅលើសម្ភារបច្ចេកវិទ្យាច្រើន តាំងពីតូចមកនោះ វាធ្វើឱ្យខាតនូវផលប្រយោជន៍ផ្សេងទៀត ដែលពាក់ព័ន្ធនឹងការហ្វឹកហ្វឺនជាដើម។
លោកថ្លែងថា៖«សូមកុំឱ្យបេសកម្មរបស់យើង ចោលមូលដ្ឋានឱ្យសោះ ព្រោះទាល់តែមានមូលដ្ឋានរឹងមាំបានទៅប្រើបច្ចេកវិទ្យាហ្នឹងកាន់តែមានប្រសិទ្ធភាព ហើយយើងម្ចាស់ការខ្លួនឯង។ ការរៀនភាសាខ្មែរ ការគិតលេខ បូកលេខតាំងពីបឋម ដើម្បីពង្រឹងមូលដ្ឋានភាសាជាតិយើងឱ្យច្រើន។ កុំឱ្យជាប់ថ្នាក់ទី១២ សរសេរអក្សរខ្មែរមិនត្រូវជួរ»។
សិស្សនិទ្ទេស Aមា្នក់ៗទទួលបានកាឡាក់ស៊ី (Galaxy Tab)១គ្រឿង និងទឹកប្រាក់ចំនួន២លានរៀលផងដែរពីលោកនាយករដ្ឋមន្រ្តី។ លោកបានលើកឡើងថា ការផលិតបាននូវសិស្សនិទ្ទេស A រាប់ពាន់នាក់ប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា។ នេះគឺស្របពេល ដែលកម្ពុជាកំពុងប្រឹងប្រែងកសាងសមត្ថភាពស្ថាប័ន ការធ្វើទំនើបកម្មមូលដ្ឋានសម្ភារបច្ចេកទេស និងការពង្រឹងប្រសិទ្ធភាពការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីឱ្យកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ ឆ្លើយតបទៅនឹងការរីកចម្រើនក្នុងបរិការណ៍ នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកហង់ជួន ណារ៉ុនបានថ្លែងក្នុងឱកាសនោះថា កំណើនសិស្សទទួលបាននិទ្ទេស A ដែលកើនឡើងពី១ ៦៩១នាក់ ក្នុងឆ្នាំ២០២៣ ដល់២២២៥ នៅឆ្នាំនេះ បង្ហាញពីលទ្ធផល នៃការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ ជាសិសេស គឺការដាក់ចេញនូវយុទ្ធស្រ្តដ៏ត្រឹមត្រូវ របស់ដ្ឋាភិបាល នៅក្នុងការពង្រឹងសាលារៀន ការលើកកម្ពស់ភាពជាដៃគូ រដ្ឋ និងឯកជន ក៏ដូចជាសហគមន៍ ដើម្បីលើកកម្ពស់ការអប់រំ និងការធ្វើកំណែទម្រង់សាលារៀន និងការបើកការប្រឡងប្រណាំង ដើម្បីទទួលបានពានរង្វាន់សាលារៀនគំរូជាដើម។
លោកឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា៖«យើងឃើញថា បេក្ខជននិទ្ទេស A ដែលកើនឡើងពី១១នាក់ ក្នុងឆ្នាំ២០១៤ ដល់២ ២២៥នាក់ ក្នុងឆ្នាំ២០២៤ ក្នុងរយៈពេល១០ឆ្នាំនេះ បង្ហាញពីជោគជ័យរួមគ្នារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញជាវិធានការគន្លឹះ ដើម្បីគាំទ្រវិស័យអប់រំ ជាពិសេសគឺដើម្បីគាំទ្រ អភិបាលកិច្ចសាលារៀន ហើយសាលានីមួយៗក៏បានខិតខំបង្រៀន សិស្សប្រកបដោយគុណភាព»៕