រដ្ឋាភិបាលកំណត់យកវិស័យអាទិភាពចំនួន ៣ សម្រាប់អនុវត្តគម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជន ក្នុងរយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ ២០២៥ ដល់ ២០៣៥ ខណៈដែលវិស័យទាំងនេះនៅមានតម្លៃខ្ពស់ និងបញ្ហាប្រឈមមួយចំនួន។
យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ដែលត្រូវបានផ្សព្វផ្សាយកាលពីចុងសប្ដាហ៍ បានឲ្យដឹងថា វិស័យអាទិភាពទាំង៣ រួមមាន ដឹកជញ្ជូននិងភស្តុភារកម្ម ដូចជា ផ្លូវថ្នល់និងស្ពាន កំពង់ផែ និងភស្តុភារកម្ម, វិស័យថាមពល និង វិស័យសេវាសាធារណៈ ដូចជាការផ្គត់ផ្គង់ទឹកស្អាតនិងការគ្រប់គ្រងសំណល់។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលអាចនឹងបញ្ចូលវិស័យដទៃទៀតក្នុងអាទិភាពនេះ ប្រសិនបើមានការចាំបាច់។
យោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ មានគម្រោងអភិវឌ្ឍលើវិស័យនេះចំនួន ១៧៤គម្រោង ទាំងរឹងនិងទន់ ក្នុងទឹកប្រាក់សរុប ៣៦,៦ពាន់លានដុល្លារ។
ផែនការមេនេះ ដាក់ចេញក្នុងគោលដៅតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ទាំងនៅក្នុងប្រទេស និងនៅក្នុងតំបន់ដែលអាចចូលរួមធ្វើឲ្យមានកំណើនសេដ្ឋកិច្ច និងតម្រូវការសង្គមសេដ្ឋកិច្ច និងបរិយាប័ន្ន។
យ៉ាងណាក៏ដោយ ប្រព័ន្ធភស្តុភារកម្ម និងដឹកជញ្ជូននៅកម្ពុជា នៅជួបបញ្ហាមួយចំនួន ដូចជា គុណភាពផ្លូវថ្នល់ គុណភាពផ្លូវដែកដែលមិនទាន់បានតភ្ជាប់ជាមួយប្រទេសជិតខាង ធនធានវិនិយោគសាធារណៈមានកម្រិត និងបញ្ហាធនធានមនុស្ស។ នេះបើយោងតាមអគ្គនាយកដ្ឋានភស្តុភារកម្មនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Linehaul Express (Cambodia) យល់ឃើញថា សព្វថ្ងៃនេះ ប្រព័ន្ធភស្តុភារកម្ម និងដឹកជញ្ជូននៅកម្ពុជា មានការរីកចម្រើនច្រើនទាំងផ្នែករឹង និងផ្នែកទន់ ហើយរដ្ឋាភិបាលកំពុងពង្រីកបន្ថែមទាំងចំនួន និងគុណភាព ទោះបីជាការខ្វះចន្លោះនៅតែមាន។
យ៉ាងណាក៏ដោយ លោកលើកឡើងថា តម្លៃដឹកជញ្ជូននៅកម្ពុជា នៅមានតម្លៃខ្ពស់នៅឡើយបើប្រៀបធៀបទៅនឹងប្រទេសជិតខាងដូចជា វៀតណាម និងថៃ។ លោកសង្ឃឹមថា តម្លៃភស្តុភារកម្ម និងដឹកជញ្ជូននឹងចុះថោកទៅថ្ងៃមុខ ខណៈដែលកម្ពុជា កំពុងតែរកមធ្យោបាយធ្វើឲ្យប្រសើរឡើងលើវិស័យនេះ។
លោកថ្លែងថា៖ «យើងសង្ឃឹមថា ទៅថ្ងៃមុខ យើងនឹងអាចមានការប្រកួតប្រជែងជាមួយប្រទេសជិតខាង ក៏ដូចជា ហើយប្រព័ន្ធភស្តុភារកម្មរបស់យើងនឹងមានភាពប្រសើរឡើង ដោយសាររដ្ឋាភិបាលមានផែនការ និងកំពុងអនុវត្តគម្រោងជាច្រើន ដូចជា កំពង់ផែទឹកជ្រៅ ព្រលានយន្តហោះខ្នាតធំ ការតភ្ជាប់ផ្លូវល្បឿនលឿន និងផ្លូវសំខាន់ៗសម្រាប់តំបន់ដែលមានសេដ្ឋកិច្ចធំៗ ការពង្រីកកំពង់ផែ ដូចដែលមាននៅក្នុងផែនការមេ ដែលបានចេញដំណើរហើយ»។
លោកថា ការកែលម្អរចនាសម្ព័ន្ធផ្នែកទន់ក៏មានភាពចាំបាច់ដែរ ដូចជា ការធ្វើបែបបទ និងឯកសារផ្សេងៗពាក់ព័ន្ធនឹងភស្តុភារកម្ម និងការដឹកជញ្ជូន ដូចជាការងាកទៅប្រើប្រព័ន្ធឌីជីថល ដើម្បីពន្លឿនការងារជាដើម។
លោកបន្ថែមថា៖ «ក្រៅពីនេះក៏ត្រូវបានការកែលម្អជាច្រើនទៀតដែលទាក់ទងទៅនឹងការចំណាយមិនផ្លូវការ ដែលជាចំណុចគន្លឹះមួយដែរ ដែលយើងត្រូវតែជំរុញការដោះស្រាយ»។
ពាក់ព័ន្ធនឹងវិស័យថាមពលវិញ វាមានសារៈសំខាន់សម្រាប់ការផលិតផ្សេងៗ បន្ថែមទៅលើប្រព័ន្ធភស្តុភារកម្ម និងដឹកជញ្ជូន ហើយបច្ចុប្បន្ននេះ បញ្ហាដែលកើតមាននៅក្នុងវិស័យថាមពលគឺតម្លៃខ្ពស់។ នេះជាការលើកឡើងរបស់លោក ស៊ិន ចន្ធី។
លោកថ្លែងថា៖ «ដូច្នេះអ្វីដែលយើងជួបគឺ តម្លៃថាមពលខ្ពស់ វាប៉ះពាល់ដល់ការដឹកជញ្ជូននិងភស្តុភារកម្ម និងវិស័យផលិតផ្សេងៗទៀត។ យើងត្រូវតែធ្វើឲ្យបានប្រសើរឡើងវិស័យថាមពលឲ្យប្រសើរឡើងដើម្បីជំរុញដល់សេដ្ឋកិច្ចកម្ពុជា។ ខ្ញុំមើលឃើញថា ពិតជាចាំបាច់ណាស់ដែលរដ្ឋាភិបាលកំណត់វិស័យទាំង៣នេះ ជាវិស័យអាទិភាពនៃភាពជាដៃគូរវាងរដ្ឋនិងឯកជន រយៈពេល ១០ ឆ្នាំនេះ»។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព ក៏ស្នើឲ្យរដ្ឋាភិបាលពិនិត្យមើលលើវិស័យផ្សេងទៀតផងដែរ នៅក្នុងភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន ដូចជាវិស័យអប់រំ ដែលត្រូវផ្ដោតលើគុណភាព និងការជួយដល់វិស័យទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នានាដែលចូលរួមយ៉ាងសំខាន់ដល់ជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ៕