ក្រុងព្រះសីហនុ៖ នៅក្នុងសមិទ្ធផលដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មដែនសមុទ្ររបស់កម្ពុជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានអបអរសាទរក្នុងការសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់សរុបចំនួន ១លាន ធីអ៊ីយូ (ម្ភៃហ្វីតសមមូល - ជារង្វាស់កុងតឺន័រ ប្រវែង ៥,៩០ម៉ែត្រ ទទឹង ២,៣៥ម៉ែត្រ និងកម្ពស់ ២,៣៩ម៉ែត្រ) ប្រចាំឆ្នាំ។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះលទ្ធផលបរិមាណកំណើនកុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុពុំធ្លាប់មានរហូតដល់ ចំនួន ១លាន TEUs។
លោកបានសរសេរនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី២១ ខែធ្នូថា៖ «នាឱកាសព្រឹកនេះវេលាម៉ោង៨ កំពង់ផែស្វ័យតក្រុងព្រះសីហនុ ទទួលបានកុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុមានកំណើនខ្ពស់មិនធ្លាប់មានបានដល់ចំនួន ១លាន TEUs ( កំណើនជាង២៩ភាគរយ)»។
នេះគូសបញ្ជាក់អំពីការរីកចម្រើនជាបន្តបន្ទាប់របស់កំពង់ផែ និងការពង្រីកសមត្ថភាពរបស់ខ្លួនដើម្បីគ្រប់គ្រងបរិមាណទំនិញដែលមានទំហំធំជាងមុន ជាពិសេសនៅពេលដែលតួនាទីរបស់កម្ពុជានៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកនៅតែបន្តវិវឌ្ឍ។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានទីតាំងនៅឈូងសមុទ្រកំពង់សោម គឺជាកំពង់ផែសមុទ្រទឹកជ្រៅចម្បងរបស់ប្រទេសកម្ពុជា និងជាទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បំផុតរបស់ប្រទេស។
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៦ កំពង់ផែនេះគឺជាចំណុចកណ្តាលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលបម្រើជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងពាណិជ្ជកម្មសមុទ្រពិភពលោក។
កំពង់ផែទទួលបានអត្ថប្រយោជន៍ពីគុណសម្បត្តិភូមិសាស្ត្រធម្មជាតិ រួមទាំងទឹកជ្រៅ និងការការពារពីរលកទឹកដែលធ្វើឱ្យវាក្លាយជាទីតាំងដ៏ល្អសម្រាប់ការដឹកជញ្ជូនកុងតឺន័រ។
នៅឆ្នាំ១៩៩៨ កំពង់ផែក្រុងព្រះសីហនុត្រូវបានទទួលស្គាល់ជាផ្លូវការជាស្ថាប័នស្វយ័ត ដែលអនុញ្ញាតឱ្យមានការគ្រប់គ្រង និងប្រតិបត្តិការហិរញ្ញវត្ថុកាន់តែមានប្រសិទ្ធភាព។
ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន PAS បានដើរតួយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ដោយចរាចរណ៍កុងតឺន័រមានការកើនឡើងជាលំដាប់។ នៅឆ្នាំ២០១៥ កំពង់ផែបានដំណើរការ ៣៩១០០០ ធីអ៊ីយូ ហើយបរិមាណបានកើនឡើងតាំងពីពេលនោះមក។
យោងតាម PAS បានឲ្យដឹងថា៖ «សព្វថ្ងៃនេះ កំពង់ផែក្រុងព្រះសីហនុ ដំណើរការចំណតចំនួនប្រាំបី និងមានឧបករណ៍ដឹកជញ្ជូនទំនិញទំនើបៗ ដែលគាំទ្រសេវាកម្មចម្រុះ ចាប់ពីការដឹកជញ្ជូនកុងតឺន័រ រហូតដល់ការដឹកជញ្ជូនប្រេង និងប្រតិបត្តិការនាវាចរណ៍»។
កំពង់ផែនេះមានសមត្ថភាពផ្ទុកកប៉ាល់ដែលមានចំណុះរហូតដល់ 20,000 DWT (Deadweight Tonnage) ដែលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចទាំងមូលរបស់ប្រទេស។
ផែនការកំណើន និងពង្រីកកំពង់ផែស្វយ័ត
ខណៈពេលដែលការអបអរក្នុងការសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់សរុបចំនួន ១លាន ធីអ៉ីយូ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ វាគ្រាន់តែជាជំហានមួយនៅក្នុងចក្ខុវិស័យដ៏ទូលំទូលាយរបស់កំពង់ផែ។
ជាមួយនឹងប្រទេសកម្ពុជាក្នុងគោលបំណងបង្កើនការប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក កំពង់ផែស្វយ័តក្រុងព្រះសីហនុកំពុងដំណើរការពង្រីកដ៏ធំមួយ។
សមត្ថភាពរបស់កំពង់ផែនេះត្រូវបានរំពឹងថានឹងកើនឡើងយ៉ាងខ្លាំងនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ជាមួយនឹងផែនការឈានដល់ ២,៦៤ លាន ធីអ៊ីយូ នៅឆ្នាំ២០៣០។
លោក ទី សាគុណ អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានថ្លែងនៅក្នុងវេទិកាវិនិយោគក្នុងខេត្ដព្រះសីហនុ ដែលរៀបចំឡើងនៅសណ្ឋាគារសុខា ថ្ងៃទី១៧-១៨ ខែធ្នូកន្លងទៅ ក្នុងឆ្នាំ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានទំនិញឆ្លងកាត់ក្នុងមួយឆ្នាំគឺ ១លាន ធីអ៊ីយូ។
លោកបាននិយាយថា ទំនិញនាំចូលភាគច្រើនពីទីផ្សារប្រទេសចិន ខណៈទំនិញនាំចេញភាគច្រើនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។
លោក សាគុណ បាននិយាយថា៖ «យោងតាមការទស្សទាយ Macro-scenario និង Micro-scenario ដែលក្នុងឆ្នាំ២០២៧ បរិមាណចរាចរណ៍ទំនិញនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទំនងជាកើនឡើងដល់ ១,៥លាន ធីអ៊ីយូ ខណៈឆ្នាំ២០៣០ វាអាចកើនដល់ ១,៨លាន ធីអ៊ីយូ ហើយឆ្នាំ២០៣៥ វាមានប្រហែលជាខ្ទង់ ២,៤ លាន ធីអ៊ីយូ»។
លោកបានថ្លែងថា នេះជាកំណើនដែលជាការប៉ាន់ស្មាន និងមានការផ្ទៀងផ្ទាត់ជាបណ្ដើរៗ ពេលទទួលទិន្នន័យកុងតឺន័រឆ្លងកាត់។
លោកបាននិយាយថា៖ «នៅពេលសាងសង់ចប់នៅឆ្នាំ២០២៧ យើងអាចទទួលបានកប៉ាល់ឆ្លងកាត់ប្រហែលជា ៩៣ភាគរយនៃកប៉ាល់ដែលធ្វើការដឹកទំនិញក្នុតំបន់អាស៊ីប៉ាស៊ីហ្វិក។
គន្លងកំណើនប្រកបដោយមហិច្ឆតានេះត្រូវបានគាំទ្រដោយផែនការពង្រីកជាដំណាក់កាល ជាមួយនឹងការវិនិយោគសរុបមានចំនួនជាង ១,៣ ពាន់លានដុល្លារ។
ដំណាក់កាលដំបូងនៃការពង្រីកដែលបានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ២០២៣ រួមមានការសាងសង់ស្ថានីយប្រវែង ៣៥០ ម៉ែត្រដែលមានជម្រៅ ១៤,៥ ម៉ែត្រ ដោយបន្ថែមសមត្ថភាពប្រចាំឆ្នាំ ៤៥ម៉ឺន ធីអ៊ីយូ ជាមួយនឹងថវិកាចំនួន ២០៣ លានដុល្លារអាមេរិក ដែលគាំទ្រដោយកម្ចីពី JICA។
ដំណាក់កាលដំបូងនៃការពង្រីកនេះបានចាប់ផ្តើមជាមួយនឹងពិធីបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្រោមវត្ដមាននាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងលោក Ishibashi Rintaro អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន។
លោក សាគុណ បានឱ្យដឹងថា៖ «ការពង្រីកកំពង់ផែនេះត្រូវបានរំពឹងថានឹងដំណើរការនៅឆ្នាំ ២០២៧ ដោយនាំមកនូវសមត្ថភាពសរុបរបស់កំពង់ផែដល់ទៅ ១,៤៥លានធីអ៊ីយូ ដែលអាចឱ្យមធ្យោបាយដឹកជញ្ជូនទំនិញកាន់តែប្រសើរឡើងពីទីផ្សារដឹកជញ្ជូនក្នុងតំបន់អាស៊ីដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស»។
ដំណាក់កាលទីពីរនៃការពង្រីកដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៩ រួមមានការសាងសង់ពង្រីកកំពង់ផែប្រវែង ៤០០ ម៉ែត្រដែលមានជម្រៅ ១៦,៥ ម៉ែត្រ ដែលរំពឹងថានឹងបន្ថែម ៥៧ម៉ឺនធីអ៊ីយូ ទៅក្នុងសមត្ថភាពប្រចាំឆ្នាំរបស់កំពង់ផែ។
លោកបានបន្តថា៖ «គម្រោងដែលមានទំហំទឹកប្រាក់ ៥៤៧ លានដុល្លារអាមេរិក (ថវិការួមសម្រាប់ដំណាក់កាលទី ២ និងទី ៣) ពីកម្ចីរបស់ JICA នឹងនាំសមត្ថភាពគ្រប់គ្រងសរុបរបស់កំពង់ផែដល់ ២ ០២០ ០០០ ធីអ៊ីយូ នៅឆ្នាំ ២០២៩ ដែលធានាថា កម្ពុជានៅតែមានការប្រកួតប្រជែងក្នុងការដឹកជញ្ជូនក្នុងតំបន់»។
កំពង់ផែនេះកំណត់គោលដៅនាវាកុងតឺន័រពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយផ្តល់ជូននូវថ្លៃដឹកជញ្ជូនដែលមានការប្រកួតប្រជែង និងការកែលម្អសមាហរណកម្មក្នុងតំបន់។
ដំណាក់កាលចុងក្រោយដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០៣០ នឹងរួមបញ្ចូលការពង្រីកកំពង់ផែប្រវែង ៤៣០ ម៉ែត្រដែលមានជម្រៅ ១៧,៥ ម៉ែត្រដែលអាចឱ្យកំពង់ផែអាចផ្ទុកកប៉ាល់កុងតឺន័រដ៏ធំបំផុតដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់។
ដំណាក់កាលនេះនឹងបង្កើនសមត្ថភាពរបស់កំពង់ផែដោយបន្ថែម ៦១៧០០០ ធីអ៊ីយូ ដែលនាំមកនូវសមត្ថភាពសរុបដល់ ២,៦៤លាន ធីអ៊ីយូ ក្នុងមួយឆ្នាំ។
លោក សាគុណ បានបន្ថែមថា៖ «ការអភិវឌ្ឍន៍ទាំងនេះនឹងអនុញ្ញាតឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុដាក់ខ្លួនជាច្រកចេញចូលសកល ដោយទាក់ទាញដោយផ្ទាល់នូវកប៉ាល់ធំៗ និងកាត់បន្ថយតម្រូវការដឹកជញ្ជូនដែលមានតម្លៃថ្លៃនៅកំពង់ផែក្នុងតំបន់ផ្សេងទៀត»។
ឥទ្ធិពលក្នុងតំបន់ និងពិភពលោក
កិច្ចខិតខំប្រឹងប្រែងពង្រីកដែលកំពុងបន្តនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងមិនត្រឹមតែពង្រឹងតួនាទីរបស់ខ្លួនជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងពង្រឹងការធ្វើសមាហរណកម្មរបស់ប្រទេសទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកផងដែរ។
បច្ចុប្បន្ននេះ ផ្នែកដ៏សំខាន់នៃចរាចរណ៍ទំនិញរបស់កំពង់ផែគឺមកពីប្រទេសចិន ជាមួយនឹងការនាំចេញគោលដៅចម្បងសម្រាប់សហរដ្ឋអាមេរិក។
ការពង្រីកកំពង់ផែនឹងផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់ឧស្សាហកម្មដឹកជញ្ជូនសកល។ នៅឆ្នាំ ២០៣០ កប៉ាល់កុងតឺន័រធំៗនឹងអាចចូលចតដោយផ្ទាល់នៅកំពង់ផែក្រុងព្រះសីហនុ។
លោក សាគុណ បានឱ្យដឹងថា៖ «ជាឧទាហរណ៍ ជាធម្មតា កប៉ាល់ត្រូវផ្ទេរទំនិញនៅកំពង់ផែក្នុងតំបន់ ដោយបន្ថែមរយៈពេលពី ៤៨ម៉ោងដល់ទៅ ៧២ម៉ោងក្នុងការធ្វើដំណើររបស់ពួកគេ។ ជាមួយនឹងការចូលដោយផ្ទាល់ទៅកាន់ខេត្តព្រះសីហនុ នាវានឹងកាត់បន្ថយការពន្យារពេលទាំងនេះ ដោយធ្វើឱ្យកំពង់ផែក្លាយជាជម្រើសដ៏ទាក់ទាញសម្រាប់ខ្សែដឹកជញ្ជូនអន្តរជាតិ»។
លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានបន្ទរថា កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ គឺជាផ្នែកនៃវិស័យសំខាន់ៗចំនួន ៥ សម្រាប់កំណើនសេដ្ឋកិច្ច និងទាក់ទាញវិនិយោគិន។
លោកបានថ្លែងថា៖ «វិស័យអាទិភាពទាំងនេះ រួមមាន ផលិតកម្ម ទេសចរណ៍ និងបដិសណ្ឋារកិច្ច ភស្តុភារ និងការដឹកជញ្ជូន ហិរញ្ញវត្ថុ និងអចលនទ្រព្យ ក៏ដូចជាកសិកម្ម និងកែច្នៃអាហារ»។
លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបន្ថែមថា កំពង់ផែទឹកជ្រៅនេះនឹងដាក់ខេត្តព្រះសីហនុជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ មិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់អាស៊ានកាន់តែទូលំទូលាយ ជាពិសេសនៅពេលដែលពាណិជ្ជកម្មពិភពលោកនៅតែបន្តពង្រីក។
ស្ថានទូតជប៉ុនប្រចាំកម្ពុជា ក៏បានបង្ហាញការសាទរចំពោះជោគជ័យដ៏គួរឱ្យមោទននេះ ដោយបានឱ្យឹងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់កម្ពុជាសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់ប្រចាំឆ្នាំជាង ១ លាន TEUs ។ សមិទ្ធិផលនេះ គឺជា “ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ” ដែលតំណាងឲ្យកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍពាណិជ្ជកម្មរបស់កម្ពុជា។
ស្ថានទូតបានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា៖ «ជប៉ុនបាននិងកំពុងគាំទ្រជាយូរយារណាស់មកហើយក្នុងការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុចាប់តាំងពីឆ្នាំ១៩៩៩។ យើងនឹងបន្តដំណើរជាមួយកម្ពុជាដើម្បីឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់»៕