ស្ទឹងត្រែងៈ​ ត្រីប៉ាវ៉ាមុខ២ ដែលមានតម្លៃប្រមាណជា២០ម៉ឺនរៀល​ក្នុង១គីឡូក្រាម និង​ត្រី​ប៉ាសេ​អ៊ី ត​ម្លៃ​យ៉ាង​ហោ​ចណា​ស់​៥​០ម៉ឺន​ក្នុង១គីឡូក្រាមដែរនោះ មិនស្ថិតក្នុងចំណោមត្រីទាំង៥៨ប្រភេទ​ ដែល​ត្រូវ​ហាម​ឃាត់​ក្នុ​ង​ការ​ធ្វើ​កា​រ​នេសាទ និងល​ក់​ដូរនោះទេ ដោយសារតែតម្រូវការទីផ្សារ។

ត្រីប៉ាវ៉ាមុខ២ មួយក្បាលត្រូវបាននេសាទបាន និងលក់បានតម្លៃជាង១លានរៀលនៅផ្សារសាមគ្គីខេត្តស្ទឹងត្រែង ដែល​ធ្វើ​ឱ្យមានការភ្ញាក់ផ្អើល​ចាប់តាំង​ពី​សប្តា​​ហ៍មុនមក ជាពិសេសគឺនៅតាមបណ្តាញសង្គមហ្វេសប៊ុក។ ​ការ​ផ្ស​​ព្វ​ផ្សាយ​ និងចែករំលែក​ព័ត៌​មាននេះ ធ្វើឱ្យមានការឆ្ងល់ថា ហេតុអ្វីបានជាត្រីនេះមានតម្លៃថ្លៃម៉្លេះ។​

តម្លៃថ្លៃ«ដូចមាស»នេះ គឺដោយសារតែត្រីនេះមានរសជាតិផ្អែមឆ្ញាញ់ ហើយនាពេលបច្ចុប្បន្ននេះកម្រ​នឹង​នេ​សាទ​បា​ន​ត្រី​ប្រ​ភេ​ទនេះណាស់។​នេះជាការលើកឡើងរបស់មន្រ្តីមួយរូបនៅក្នុងក្រុងស្ទឹងត្រែង ដែលលោកធ្លាប់​បាន​ហូ​ប​ត្រី​នេះ​ម្តងជាច្រើនឆ្នាំមកហើយ នៅពេលដែលវាមានតម្លៃប្រមាណជា១០ម៉ឺនរៀលក្នុង១គីឡូក្រាម។ 

លោកបញ្ជាក់ថា៖«អ្នកទន្លេ ឬពលរដ្ឋធម្មតាមិនហ៊ានហូបត្រីនេះទេ ព្រោះវាថ្លៃដូចមាសអញ្ជឹង។ មានតែអ្នកមាន អ្នកធំ មកពីចំងាយទេ ដែលទិញហូបនោះ។ កម្ររកបានណាស់ យូរៗឃើញមានលក់ម្តងអញ្ជឹងទៅ។ ១ឆ្នាំ ជួនកាល​មិន​ឃើញមានលក់ធំៗអញ្ជឹងទេ»។

លោកបានឱ្យដឹងថា ត្រីប៉ាវ៉ាមុខ២នេះ ១គីឡូមានតម្លៃ២០ម៉ឺនរៀល។ ប៉ុន្តែត្រីត្រី​ប៉ាសេ​អ៊ី មានតម្លៃថ្លៃជាងនេះទៅទៀត គឺ១គីឡូខ្ទង់ ៥០ម៉ឺនឯនោះ។

លោកថ្លែងដូច្នេះថា៖«ខ្ញុំបានហូបតាំងពីមកនៅស្ទឹងត្រែងដំបូង។ រសជាតិវាផ្អែមឆ្ញាញ់មែន។ ពេលគេចាប់បានមួយមក​ដូចជីក​មាសបាន​អញ្ជឹង។ ហើយត្រីប្រភេទនេះភាគច្រើនសុទ្ធតែធំៗ ទម្ងន់ជិត១០គីឡូក៏មានដែរ»។  

កាលពីឆ្នាំ២០០៩ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ១២៣ ដោយកំណត់ប្រភេទត្រីចំនួន​៥៨ ជាប្រភេទកំពុង​តែ​រង​គ្រោះ​ថ្នាក់ ដែលហាមឃាត់ក្នុងការនេសាទ និងជួញដូរ។ ទោះយ៉ាងណា ប្រភេទត្រីប៉ាវ៉ាមុខ២ និងត្រី​ប៉ាសេ​អ៊ី មិនស្ថិតក្នុងបញ្ជីចំណាត់ថ្នាក់ ដែលត្រូវហាមឃាត់នោះទេ។

ត្រីប៉ាវ៉ាមុខ២ ដែលមានតម្លៃប្រមាណជា២០ម៉ឺនរៀលក្នុង១គីឡូក្រាម ត្រូវបានដាក់លក់ក្នុងផ្សារសាមគ្គីស្ទឹងត្រែងកាលពីពេលថ្មីៗនេះ។ រូបថត ហ្វេសប៊ុក

ប្រធាននាយកដ្ឋានអភិរក្សជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអ៊ុក វិបុល​ បាន​ឱ្យដឹងថា ត្រី​ដែល​មិនត្រូវបានដាក់បញ្ជូលក្នុងបញ្ជីទាំង៥៨ប្រភេទនេះ គឺអាចធ្វើការនេសាទបាន ដោយ​ប្រើប្រា​ស់​ឧបករណ៍ ស្រប​ច្បាប់ ដែលអនុញ្ញាតដោយក្រសួងសិកម្ម។

លោកបាន​ពន្យ​ល់ដូច្នេះ​ថា៖​«​ត្រីហ្នឹ​ង​អត់ចាត់ចូលជាប្រភេទកំពុងតែរងគ្រោះ និងជិតផុតពូជទេ ដោយសារតែ កាល​ណា​យើងចាត់ចូល យើង​ត្រូ​វហា​ម​ឃា​ត់​ការនេសាទហើយ។ ប្រភេទត្រីទាំងអស់ហ្នឹង នៅជា​តម្រូវ​ការនៅ​ឡើយ​របស់​ទី​ផ្សារ»។

លោកបានបញ្ជាក់បន្តថា៖«ដូច្នេះបើយើងដាក់ចូលទៅក្នុងប្រភេទកំពុងតែហាមចាប់ហ្នឹង គឺវាប៉ះពាល់ទៅដល់សេដ្ឋកិច្ច​ និងតម្រូវការប្រជាពលរដ្ឋ។ ការដាក់បញ្ជូល គឺត្រូវថ្លឹងថ្លែងពីសេដ្ឋកិច្ច ពីសង្គម និងបរិស្ថានគ្រប់ផ្នែកទាំងអស់»។

លោកបានឱ្យដឹងដែរថា ត្រីប្រភេទនេះ ពិតជាមានតម្លៃថ្លៃមែន ដោយសារតែវាមានរសជាតិឆ្ងាញ់ ហើយម្យ៉ាងទៀត វាពិបាកក្នុងការរកមេពូជរបស់វាណាស់។ 

មេពូជត្រីនេះ គឺមានវត្តមាននៅប្រទេសឡាវ ដែលជាប់ ព្រំ​ដែន​ជា​មួយ​ខេ​ត្តស្ទឹងត្រែង ហើយពេលដែលពងកូន ទើបមានធ្លាក់មកចូលទឹកដីកម្ពុជាខ្លះ។

ទោះយ៉ាងណា ក្រសួងកសិកម្មបានមានវិធានការណ៍ ក្នុងការប្រមូលមេពូជត្រីនេះមួយចំនួន ដើម្បីយកទៅ​ស្ថានីយ៍​បង្កាត់​ភ្ញាស់ ហើយធ្វើការស្រាវជ្រាវ និងបង្កាត់ពូជ យកទៅលែងក្នុងជម្រកធម្មជាតិវិញផងដែរ។

ត្រីប៉ាវ៉ាមុខពីរ ដែលមានឈ្មោះវិទ្យាស្ត្រថា Incisilabeo behri ត្រូវបានចាត់បញ្ជូលក្នុងបញ្ជីក្រហមរបស់អង្គការIUCN ថា ជាប្រភេទត្រីរងគ្រោះ(Vulnerable)។

យោងតាមអង្គការ Wonders of the Mekong កាលពីឆ្នាំ២០២០ បានឱ្យដឹងថា ត្រីប៉ាវ៉ាមុខ២​ ដែលមានក្បាលចម្លែកនេះ ធ្វើដំណើរ​ចេញ​ពីទ​ន្លេសេ​សាន សេកុង និង ទន្លេស្រែពក តាំងពីវានៅតូចៗ ចូលទៅក្នុងទន្លេមេគង្គ។ 

ពួក​វា​ប្រហែ​លជា​ចុះទៅក្រោមទៅព្រំប្រទល់ ខេត្តក្រចេះ និង ខេត្តស្ទឹងត្រែង ឬ ក៏អាចហែលទៅលើដល់ប៉ែកខាងត្បូង នៃប្រទេសឡាវ និង ភាគឦសានប្រទេសថៃ ដើម្បីរកចំណី ដូចជាស្លែ នៅតាមដុំថ្មជាដើម។

ត្រីប្រភេទនេះ អាចមានទំហំធំបំផុតដល់ទៅ ៦០សង់ទីម៉ែត្រ ហើយ វាពង និងកូននៅចំកណ្តាលទន្លេសេកុង ក្នុង​ខែក​ក្ក​ដា និង ខែសីហា។ ការប្រឈមជាចម្បងរបស់ ពួកវា គឺការប្រើប្រាស់មងក្នុងការនេសាទ ក្នុងរដូវត្រីពង និង ពេល​វាផ្លាស់ទីរកចំណី។

អង្គការបាញ្ជាក់ថា៖«កំណើនក្នុងការប្រើប្រាស់ឧបករណ៍ឆក់ និង សំណើ​ក្នុង​ការ​សាង​សង់​ទំនប់វា​រីអ​គ្គិ​សនី​នៅ​តាម​ដង​ទន្លេ​មេគង្គ អាចជះឥទ្ធិពលអវិជ្ជមានដល់ត្រីប្រភេទនេះ នៅអំឡុងពេលវាធ្វើចរាចរ»៕