មន្ត្រីរដ្ឋាភិបាលអំពាវនាវឲ្យគ្រួសារដែលមានបណ្ណក្រីក្រ រួសរាន់ចុះឈ្មោះកូនៗដែលរៀននៅកម្រិតបឋមសិក្សា និងមធ្យមសិក្សាដើម្បីទទួលបានប្រាក់ឧបត្ថម្ភបន្ថែមនៅក្នុងកញ្ចប់គ្រួសារ ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី៣០ ខែមករា ខាងមុខនេះ ក្នុងកញ្ចប់ទឹកប្រាក់ឆ្នាំដំបូងចំនួន ២៧លានដុល្លារ។
ការអំពាវនាវនេះធ្វើឡើងដោយលោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម កាលពីសប្ដាហ៍មុន ក្នុងពេលលោកចុះផ្សព្វផ្សាយពីកម្មវិធីនេះនៅក្រុងអរិយក្សត្រ ខេត្តកណ្ដាល។
បើតាមលោក ចន ណារិទ្ធ តាមការប៉ាន់ស្មានដំបូង សិស្សានុសិស្សដែលជាសមាជិកគ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌ ក្រីក្រ១ និងក្រីក្រ២ មានប្រមាណ ៤៥ ម៉ឺននាក់នៅទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។
លោកបញ្ជាក់ថា គ្រួសារក្រីក្រ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែបន្ថែម ទៅតាមចំនួនសមាជិកដែលជាសិស្សានុសិស្សកំពុងសិក្សានៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សា។
កាលពីចុងខែវិច្ឆិកា ក្រុមប្រឹក្សាជាតិគាំពារសង្គម បានប្រកាសពីចុះឈ្មោះដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ ដោយតម្រូវឲ្យសិស្សក្រីក្រដែលគ្រួសារពួកគេមានបណ្ណក្រីក្រ១ និង ក្រីក្រ២ ទៅជួបមន្ត្រីកម្មវិធីនៅតាមសាលារៀនរបស់ពួកគេ ដោយភ្ជាប់ជាមួយបណ្ណក្រីក្រមានសុពលភាព និងលិខិតចុះឈ្មោះចូលរៀន ដើម្បីបញ្ជាក់តាមរយៈ App។
បន្ទាប់មក គ្រួសារសិស្សត្រូវទៅជួបមន្ត្រីឃុំសង្កាត់ ដោយយកបណ្ណក្រីក្រមានសុពលភាពនេះ និងលិខិតចុះឈ្មោះចូលរៀនទៅចុះឈ្មោះនៅឃុំសង្កាត់ដើម្បីទទួលបានការឧបត្ថម្ភ។ ការបើកប្រាក់ឧបត្ថម្ភដំបូងនិងធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។
ប្រាក់ឧបត្ថម្ភសម្រាប់សិស្សានុសិស្សពីគ្រួសារក្រីក្រ ត្រូវបានប្រកាសកាលពីចុងឆ្នាំ ២០២៣ ជាផ្នែកមួយនៃកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។
យោងតាមអនុក្រឹត្យនេះ សិស្សបឋមសិក្សា និងអនុវិទ្យាល័យនៅគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅសាធារណៈនឹងទទួលបានប្រាក់ឧបត្ថម្ភ ២ម៉ឺនរៀលក្នុងមួយខែ ចំណែកសិស្សនៅកម្រិតវិទ្យាល័យនឹងទទួលបាន ៣ម៉ឹនរៀលក្នុងមួយខែ៕