ភ្នំពេញៈ ផែនការសកម្មភាពសម្រាប់ពង្រឹងការអភិរក្សនិងស្តារសត្វក្តាន់ឆ្នាំ២០២៥-២០៣៥ នៅ​ក្នុង​ប្រទេ​ស​កម្ពុ​ជា​កំពុងតែត្រូវបានព្រាងឡើង ដើម្បី​ទប់ស្កាត់ កុំ​ឱ្យសត្វប្រភេទនេះផុតពូជពីកម្ពុជា ក្រោយពី​ប្រទេសជិតខាង និង​ក្នុង​តំប​ន់​មួ​យ​ចំ​នួន​បានផុត​ពូជប្រភេទសត្វនេះទៅហើយ។

ក្រសួងបរិស្ថានបានឱ្យដឹងនាថ្ងៃអង្គារទី២៤ ខែធ្នូនេះថា កម្ពុជាកំពុងពង្រឹងផែនការសកម្មភាព សម្រាប់ការអភិរក្ស និង​ស្តារសត្វក្តាន់​ ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក។

ប្រភេទសត្វនេះ​ត្រូវបាន​ចាត់ទុក​ជាប្រ​ភេ​ទកំ​ពុងរងគ្រោះថ្នាក់ជិតផុតពូជ នៅក្នុងបញ្ជីក្រហម នៃអង្គការសហភាពអន្តរជាតិ សម្រាប់ការពារធម្មជាតិ (IUCN)។

ក្រសួងបានបញ្ជាក់ថា សត្វក្តាន់មានវត្តមាននៅក្នុងប្រទេសកម្ពុជាប្រមាណ ១០០ក្បាលប៉ុណ្ណោះ នៅក្នុងដែន​ជម្រក​សត្វ​ព្រៃព្រែកប្រសព្វ នៃ​ខេត្ត​ក្រចេះ  និងនៅតាមតំបន់ការពារធម្មជាតិ មួយចំនួនទៀត​មាននៅក្នុងភូមិ​សាស្រ្តខេត្ត​កោះ​កុង។

អង្គការ WWF-កម្ពុជាក៏បានឱ្យដឹងផងដែរថា សត្វក្តាន់ គឺជាប្រភេទថនិកសត្វ ដែលធ្លាប់រស់​នៅតំបន់ដីសើម និង​វាល​ស្មៅ​នៅអា​ស៊ីអាគ្នេយ៍។

អង្គការបានលើកឡើងថា៖«ជាក់ស្តែងមានកត្តាប្រឈមជាច្រើន ដូចជាការបាត់បង់ទីជម្រក ការធ្លាក់ចុះនៃចំនួនសត្វ​ក្តាន់ និងការបរបាញ់ បានជំរុញឱ្យសត្វក្តាន់ ឈានដល់ការផុតពូជនៅក្នុងប្រទេសថៃ ឡាវ វៀតណាម និងចិន»។

នៅប្រទេសកម្ពុជាវិញ ក៏ត្រូវបានសន្និដ្ឋានថា បានផុតពូជផងដែរ រហូត​ដល់​មាន​ការរក​ឃើញឡើង​វិញ​ នៃវត្ត​មាន​សត្វ​ក្តាន់របស់វា នៅខេត្តក្រចេះក្នុងឆ្នាំ ២០០៦ និងខេត្តកោះកុងក្នុងឆ្នាំ ២០០៨ ដែល​បានក្លាយ​ក្តីសង្ឃឹម​ថ្មី​សម្រាប់​ការ​រស់​រានមានជីវិតរបស់ពួកវា។

អង្គការWWF-កម្ពុជា បានបញ្ជាក់ថា នៅសល់សត្វក្តាន់ តិចជាង ១០០ ក្បាល​ តាមរយៈការស្រាវ​ជ្រាវ ​ដែល​កំពុង​បន្ត​លើសត្វក្តាន់នៅខេត្តក្រចេះ ចាប់តាំងពីឆ្នាំ ២០២០។

អង្គការបានលើកឡើងថា វិធានការ​បន្ទាន់ត្រូវបានធ្វើឡើង ​ដើម្បី​កុំ​ឱ្យប្រភេទសត្វក្តាន់នេះផុតពូជនៅកម្ពុជា។​

អង្គការ​កំពុ​ងធ្វើ​ការរួមគ្នាជាមួយ​ ក្រសួងពាក់ព័ន្ធ និងអង្គការដៃគូ ក្នុង​កិច្ចខិតខំប្រឹងប្រែងការអភិរក្សសត្វក្តាន់ ជាមួយ​នឹង​យុទ្ធ​សាស្រ្ត និងសកម្មភាពបន្ថែមទៀត។

ដើម្បីពង្រឹងការគ្រប់គ្រងនិងស្តារប្រភេទសត្វក្តាន់នេះ ក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយអង្គការWWF-កម្ពុជា​បាន​​រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី«ការ​រៀប​ចំ​ផែន​ការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ ២០២៥-២០៣៥ នៅក្នុងប្រទេសកម្ពុជា»នាថ្ងៃទី២៣ ខែធ្នូ​នេះ ក្នុងខេត្តសៀមរាប។

សិក្ខាសាលាពិគ្រោះយោបល់​នេះ​មានការចូលរួមពី ថ្នាក់​ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន តំណាង​គណៈ​អភិបាល​ខេត្តក្រចេះ តំណាង​នាយកដ្ឋានចំណុះ នៃអគ្គ​នាយក​ដ្ឋាន​តំបន់ការពារធម្មជាតិ មន្ទីរបរិស្ថានខេត្តក្រចេះ មន្ទីរ​បរិស្ថាន​ខេត្ត​​ស្ទឹង​ត្រែង តំណាង​សហគមន៍​មូល​ដ្ឋាន និងអង្គការ​ដៃគូពាក់ព័ន្ធមួយចំនួនទៀត។

អគ្គនាយក នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន លោកស្រី ស៊ុនលាង បានលើកឡើង​ក្នុង​ឱ​កាស​នោះថា ការ​រៀប​​ចំផែន​ការសកម្មភាព​សម្រាប់​ការ​អភិរក្ស និងស្តារសត្វក្តាន់នេះ គឺស្របទៅនឹងគោលដៅ​របស់​យុទ្ធសាស្ត្រច​ក្រា​វិស័យបរិស្ថាន២០២៣-២០២៨។ 

ផែនការនេះ ជាផែនការយុទ្ធ​សាស្ត្ររយៈពេលវែង ក្នុងការការ​ពារ​ប្រភេទសត្វកំពុង​រង​​គ្រោះថ្នាក់ជិតផុតពូជ និង​ជាសម្បត្តិធម្មជាតិ​ដ៏មាន​តម្លៃ​របស់​ប្រទេសកម្ពុជា និងពិភពលោក។

លោកបានបញ្ជាក់ថា៖«ផែនការការសកម្មភាពនេះក៏​ស្របទៅនឹង​ផែនការយុទ្ធសាស្រ្ត​ជាតិ​សម្រាប់​ជីវៈ​ចម្រុះ​របស់​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្តេជ្ញាចិត្តការការពារធនធានជីវៈចម្រុះ ដូចជា ប្រភេទសត្វក្តាន់ និង​ទីជម្រក​របស់​វាមិន​ឱ្យបាត់បង់។ ជាពិសេសការរៀបចំនៃកម្មវិធីស្តារឡើងវិញ  គឺជួយធានាបាននូវការរក្សាសេនេទិច ប្រភេទនេះ​បាន​គង់​វង្សយូរអង្វែង»៕