ភ្នំពេញ៖ ការចែករំលែករូបថតរូប វីដេអូ​ និង​ទិន្នន័យ​ផ្សេងៗ​ទៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត ជាពិសេស បណ្ដាញ​សង្គម វា​ត្រូវបាន​រក្សាទុក​លើ​អន​ឡាញ​។ ទាំងនេះ ជា​អ្វីដែល​ក្រុម​លួច​ជ្រៀតចូល​ទិន្នន័យ​មានឱកាស​ចូល ឆែក​ព័ត៌មាន​ឯកជន​ភាព និង​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​។

យោងតាម​វីដេអូ​ផ្សព្វផ្សាយ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (ក.ប.ទ) បាន​បង្ហាញថា​៖ «​ដូចដែល​មានការ​ឆបោក ក្លែងបន្លំ និង​ការចាញ់បោក​ផ្សេងៗ​ក្នុង​ជីវិត​ខាងក្រៅ ជីវិត​អន​ឡាញ​យើង​ក៏​អាច​ជួបនឹង​គ្រោះថ្នាក់​ទាំងនេះ​ផងដែរ បើសិនជា​យើង​មិនបាន​យកចិត្តទុកដាក់ និង​មានការ​ការពារ​ឱ្យបាន​ត្រឹមត្រូវ​»​។​

វីដេអូ​ផ្សព្វ​ផ្សាយបាន​បន្ដថា នៅពេល​ក្រុម​លួច​ទិន្នន័យ​លើ​អ៊ីនធឺណិត​បង្កើត​សកម្មភាព​ឆបោក ពួកគេ​នឹង​ផ្ញើ​សារ​អបអរសាទរ​ចំពោះ​ការ​ឈ្នះ​រង្វាន់​ជា​ទឹកប្រាក់​ផ្សេងៗ​។ សំណួរ​សួរថា តើ​លោក​អ្នកនឹង​បើក​សារ​នោះដែរ​ឬទេ​?

តើ​ធ្លាប់​ត្រូវបាន​ជន​មិន​ស្គាល់មុខ​ទាញ​ចូលក្នុង​ក្រុម Telegram ឬ​ផ្ញើ​សារ ក៏ដូចជា​ព័ត៌មាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​​មក​ដែរ​ទេ​? ចុះ​អ្វីដែល​ពួកគេ​ស្គាល់​លេខ​ទូរស័ព្ទ ឬ​លេខ Telegram របស់​អ្នក​? ការចំណាយ​ពេល​នៅលើ​អន​ឡាញ​ស្ទើរតែ​គ្រប់ពេលវេលា​ប្រចាំថ្ងៃ​។

យោងតាម (ក.ប.ទ) បានឱ្យដឹងថា ការការពារ​ព័ត៌មាន​ឯកជន​ភាព ទា​ក់​ទង​នឹង​ឈ្មោះ មុខរបរ ចំណង់​ចំណូល​ចិ​ត្ដ អាសយដ្ឋាន អ៊ីមែល លេខ​ទូរស័ព្ទ រួមទាំង​ប្រ​វ​ត្ដិ​សុខភាព និង​ព័ត៌មាន​ហិរញ្ញវត្ថុ ជាដើម គឺជា​ការបញ្ចៀស​ពី​ដៃ​ជនខិលខូច​។

មាន​សកម្មភាព​ធ្វេស​ប្រហែលជា​ច្រើន​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ធ្វើឱ្យ​ទីន្ន​ន័យ​ឯកជន​ភាព​ត្រូវបាន​គេ​លួច ចាប់ពី​ការ​បង្ហោះ​រូបភាព និង​វីដេអូ​លើ​បណ្ដាញ​សង្គម ការ​ចុច «Like» និង «comment» នៅលើ​ការ​បង្ហោះ​ផ្សេងៗ លើ​បណ្ដាញ​សង្គម ការ​ចុច «accept» លើ «cookie» លើ​បណ្ដាញ​អ៊ីនធឺណិត ការធ្វើ​ប្រតិ​ប​ត្ដិ​ការទិញ​ទំនិញ​អន​ឡាញ រួមទាំង ការប្រើប្រាស់​ចាប់យក​ក​ម្ម​វិធី​ទីតាំង ឬ «live location» និង​ព័ត៌មាន​ដទៃទៀត នៃ​ចុច​លើ «Terms and conditions»​។​

​ទាំងនេះ ត្រូវបាន​តាមដាន និង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការវិភាគ ក៏ដូចជា​ព្យាករ​អាកប្បកិរិយា​របស់​អ្នកប្រើប្រាស់ ព្រមទាំង​ចំណង់​ចំណូល​ចិ​ត្ដ ដែល​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​ការសម្រេច​ចិ​ត្ដរបស់​អ្នក​។

ការចែករំលែករូបថតរូប វីដេអូ​ និង​ទិន្នន័យ​ផ្សេងៗ​ទៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត ជាពិសេស បណ្ដាញ​សង្គម វា​ត្រូវបាន​រក្សាទុក​លើ​អន​ឡាញ​។ ទាំងនេះ ជា​អ្វីដែល​ក្រុម​លួច​ជ្រៀតចូល​ទិន្នន័យ​មានឱកាស​ចូល ឆែក​ព័ត៌មាន​ឯកជន​ភាព និង​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​។ រូបភាពពី​វីដេអូ​ ក.ប.ទ

ការ​ផ្សព្វផ្សាយរបស់​ក្រសួង​បាន​បង្ហាញថា​៖ «​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​ចំណាំអត់ថា​ ពេលយើង​ចង់និយាយ ឬ search ពិ​របស់​អ្វីមួយ​ ហើយ​នៅពេល​បើក​​​​​ហ្វេ​ស​ប៊ុ​ក យើង​តែងតែការ​ផ្សាយ​ពាណិជ្ជកម្ម​នូវ​របស់ទាំង​នោះ​ ដែល​ធ្វើ​ឱ្យ​យើង​បង្កើន​ការ​ចង់បាន និង​ទិញវា​»។ ​

ព័ត៌មាន​តូចៗ​របស់​អ្នក​បាន​ក្លាយជា​ប្រភព​ទិន្នន័យ​ដ៏​សំខាន់​សម្រាប់​ជន​ផ្សេងទៀត ជាពិសេស ជនខិលខូច ដែល​អាច​បន្លំ​ធ្វើជា​អ្នក​ក្នុងការ​ប្រើប្រាស់​ទិន្នន័យ​ទៅ​បោក​បញ្ឆោត ឬ​បង្ខូចកេរ្ដិ៍​ឈ្មោះ​របស់​អ្នក​ក្នុង​រូបភាព​ណាមួយ​។

នេះមិនមែនមានន័យថា បុគ្គលិក​ម្នាក់​ត្រូវ​យក​ប្រើប្រាស់​អ៊ីនធឺណិត និង​ឈប់ចែក​រំលែក​លើបណ្ដាញ​ទំនាក់ទំនង​សង្គម​នោះទេ។

អ្នក​ជំនាញ​មកពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានណែនាំ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជាង​មុន នៅពេល​ចែករំលែក​អ្វីមួយ​លើ​អ៊ីនធឺណិត។

យោងតាម​ក្រសួង​បាន​បង្ហាញថា​៖ «​អ្នកជំនាញ​ណែនាំ​ឱ្យ​ចែក​រំលែក​នូវអ្វីដែលចាំ​បាច់​នៅលើ​បណ្ដាញ​សង្គម​ ដោយ​ផ្ដើម​សួរ​ខ្លួនឯងថា តើ​គួរ​ឱ្យ​អ្នក​ដងទៃ​ដឹង​ព័ត៌មាន​អ្វី​ខ្លះ​ពី​ខ្ញុំ? ទីពីរ ត្រូវ​ពិនិត្យ​មើល​ឯកជន​ភាព ឬ Privacy Setting នៅលើ​គណនី​បណ្ដាញសង្គម​ ដោយ​ធ្វើ​ការ​កំណត់​បុគ្គល​ដែលអាចមើល​ឃើញ​ព័ត៌មាន​របស់​អ្នក​»។

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​គួរ​ត្រូវ​ដាក់លេខ​សម្ងាត់​រឹង​មាំ​ និង​ប្រើ​ប្រាស់​ការ​ផ្ទៀងផ្ទាត់​ពហុ​កត្ដា ឬ Multi-Factor Authentication (MFA) ដែល​តម្រូវ​ឱ្យ​មាន​ការបញ្ជាក់​លេខ​កូដ​ពីរ​ដង​ដោយ​ផ្ញើ​សារ​ទៅលេខ​ទូរស័ព្ទ​ ឬ​អ៊ីមែលរបស់​អ្នក​។

លើសពីនេះ អ្នក​ប្រើ​ប្រាស់​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​នៅលើ​អនឡាញ ដូចជា អ៊ីមែល សារ​ SMS និង​ការ​ហៅ​ទូរស័ព្ទ​ចេញ-ចូល​ផ្សេងៗ​ ដែល​តម្រូវ​ឱ្យ​បង្ហាញ​ព័ត៌មាន​ផ្ទាល់​ខ្លួន​។ ពួកគេ​ក៏​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ Software លើទូរស័ព្ទ ឬ​កុំព្យូទ័រជាប្រចាំ​។

ចុងក្រោយ បុគ្គល​គ្រប់រូប​ត្រូវ​បង្កើន​ការ​យល់​ដឹង​ផ្ទាល់​ខ្លួន​អំពី​ការ​ឆបោក​ផ្សេងៗ​នៅលើ​អ៊ីនធឺណិត​ និង​ចែក​រំលែក​ចំណេះដឹង​ទាំង​នេះ​ជាមួយ​ក្រុម​គ្រួសារ និង​មិត្ដភក្ដិ​ដើម្បី​ការពារ​ពួកគេ​ពីហានិភ័យ​អនឡាញ​ផង​ដែរ៕