ភ្នំពេញ៖ លោក ស្កុត នីសិន (Scott Neeson) ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​(CCF) ត្រូវបាន​ព្រះ​មហាក្សត្រ ​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បម​រនាថ នរោត្តម សីហមុនី ត្រាស់​បង្គាប់តែងតាំងជា​​ទីប្រឹក្សានាយករដ្ឋមន្ត្រី​កម្ពុជា​។

យោងតាម​ព្រះរាជ​ក្រឹត្យ​ដែល​បានតែង​តាំង​បុរស​ជនជាតិ​អូស្ដ្រាលី វ័យ ៦៥​ឆ្នាំ​រូបនេះ​​ បានបង្ហាញ​ថា លោក ស្កុត នីសិន បានទទួល​ងារជា​ឯកឧត្ដម​ក្នុង​តំណែង​ជា​ កាលពី​​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២៤។

លោក នីសិន​ អតីត​នាយក​ប្រតិបត្តិ​ហូលីវូដ គឺជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នៃ​មូលនិធិ​កុមារ​កម្ពុជា (CCF) ​ជា​អង្គ​ការមិន​រកប្រាក់​ចំណេញ​ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៤​ ដើម្បីជួយ​ដល់​​កុមារ​ក្រីក្រ និង​គ្រួសារ​នៅ​តំបន់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ​។​

ក្រោម​ការដឹកនាំ​របស់លោក នីសិន​ អង្គការ​ CCF បាន​ពង្រីក​កម្មវិធីរ​បស់​ខ្លួន​ដើម្បី​រួមបញ្ចូល​ការអប់រំ ការថែទាំ​សុខភាព និង​ការអភិវឌ្ឍន៍​សហគម​ន៍ ដែល​ជះឥទ្ធិពល​ជា​វិជ្ជមាន​ដល់​ជីវិត​មនុស្ស​ជាង ១៥៥០០០នាក់​​។​

នៅក្នុង​ឆ្នាំ​២០១៥ ​ ព្រះមហាក្សត្រ​ ព្រះ​ប្រទាន​សញ្ជាតិ​ខ្មែរ​ដល់ លោក ស្កុត នីសិន​​ បន្ទាប់ពី​លោក​បាន​ខិតខំ​ជួយ​កុមារ​ក្រីក្ររ​នៅ​តំបន់​ចាក់សំរាម​ស្ទឹងមានជ័យ អស់​ជាច្រើន​ឆ្នាំ​មកហើយ​នោះ​៕  

លោក ស្កុត នីសិន និយាយជាមួយកុមាររើសអេតចាយនៅតំបន់ចាក់សំរាមស្ទឹងមានជ័យ កាលពីឆ្នាំ២០០៤ ដែលនាំឱ្យបង្កើតជាអង្គការមូលនិធិកុមារកម្ពុជា (CFF)។ រូបថត CFF