ភ្នំពេញៈ​ នគរបាលចរាចរណ៍ នឹងចាប់ផ្តើមដកហូតបណ្ណបើកបរយានយន្ត ដែលអស់ពិន្ទុ ជាង១ពាន់បណ្ណ ក្នុង​ចំ​ណោម​បណ្ណ ដែលត្រូវបានដកពិន្ទុជាង៧ម៉ឺន នៅសប្តាហ៍ក្រោយនេះ ហើយបានណែនាំដល់អ្នកបើកបរ ដែលបណ្ណ ជិត​អស់​ពិ​ន្ទុ ទៅប្រឡងបំពេញពិន្ទុឡើងវិញ។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានជម្រាបជូនសាធារណជន ជាពិសេសអ្នកដែលមានបណ្ណបើកបរ ដែល​អស់​ពិន្ទុថា ចាប់ពីថ្ងៃពុធថ្ងៃទី១ ខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោកតាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្ត គ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ។ នេះបើយោងតាមសេចក្តីជូន​ដំណឹ​ង​​រ​បស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី២៣​ ខែធ្នូនេះ។

វិធានការនេះ គឺ​ដើម្បីបង្កើនប្រសិទ្ធភាពនៃការ រឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅកាត់​បន្ថយ​គ្រោះ​ថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន ជាអតិបរមា និងបង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវ​គោក​ជូន​ប្រជាពលរដ្ឋ និងធានាគ្រប់គ្រងប្រកបដោយតម្លាភាពនូវការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក។

បន្ថែមពីនេះ លោកនាយឧត្តមសេនីយ៍ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលមានបណ្ណបើកបរ យាន​យន្ត​គ្រ​ប់ប្រ​ភេ​ទជិ​តអស់ពិន្ទុ ទៅដាក់ពាក្យសុំរៀនបំប៉ន ដើម្បីប្រឡងយកពិន្ទុបន្ថែម ឬបំពេញពិន្ទុ ឡើងវិញ នៅមណ្ឌល ផ្តល់សេវា របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានអំពាវនាវ ឱ្យពលរដ្ឋចូលរួម ក្នុងការអនុវត្តសេចក្តីជូនដំណឹងនេះ ដើម្បី​លើក​កម្ព​ស់កា​រគោ​រពច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក កាត់បន្ថយគ្រោះថ្នាក់ និងរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ឱ្យកា​ន់តែ​ប្រ​សើ​រជាលំដាប់។

អ្នកនាំពាក្យ ក្រសួងសាធារណការ និងជញ្ជូន លោកផន រឹមបានឱ្យដឹងថា ការអនុវត្តការដកពិន្ទុបណ្ណបើកបរចាប់ពី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ មកដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បាន​អនុវត្ត​ដកពិន្ទុបណ្ណបើកបរសរុប ៧៤ ៥០៤​ករណី។ ក្នុងនោះ បណ្ណបើកបរ​ ដែលមានពិន្ទុសល់សូន្យ មានចំនួន ១ ២៣២ករណី។ 

លោកបានបញ្ជាក់ថា៖«ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នៃការអនុវត្តការដកពិន្ទុមក ការិយាល័យ​ជំនាញ​មិន​ទាន់​ទទួល​បានការស្នើសុំពីប្រជាពលរដ្ឋក្នុងការបណ្តុះបណ្តាល ដើម្បីបន្ថែមពិន្ទុ និង​ប្រឡង​យក​បណ្ណ​បើក​បរ​សារ​ជា​ថ្មីឡើ​ងវិ​ញ​នៅឡើយ»។

​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​សម្តៅ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​ឱ្យបាន​ជា​អតិបរមា ការអនុវត្ត​ដក​ពិន្ទុ​បណ្ណ​បើកបរ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ចាប់​ពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២៣។

នៅលើ​បណ្ណ​បើកបរ​មួយ​មាន​ពិន្ទុ​សរុប​ចំនួន​១២។ ពិន្ទុ​ទាំងនេះ នឹង​ត្រូវកាត់​ពីចាប់ ​១ពិន្ទុ ទៅ​ដល់ ៦ពិន្ទុ ទៅ​តាម​ប្រ​ភេទ​​បទល្មើស ដែល​អ្នក​បើកបរ​បាន​ប្រព្រឹត្ត​ជាក់ស្តែង។ ប៉ុន្តែ​ការ​កាត់​នោះ​មិន​ឱ្យ​លើស​ពី​ ៨​ពិន្ទុ​នោះ​ទេ។ នេះ​បើ​យោង​តាម​ក្រសួង​សាធារណការ និង ដឹក​ជញ្ជូន។

ទោះយ៉ាងណា អ្នក​បើកបរ​ល្មើស​ច្បាប់ចរាចរណ៍ ​ដែល​ត្រូវ​បាន​កាត់​ពិន្ទុ​ អាច​ទៅ​រៀន​បំប៉ន​ផ្នែក​ទ្រឹស្តី រយៈពេល ២ថ្ងៃ​នៅ​ក្រសួង​សាធារណការ ដើម្បី​បំពេញ​ពិន្ទុ​ឡើងវិញ។ ការ​ទៅ​រៀន​បំប៉ន​ម្តង​អាច​បាន ៤​ពិន្ទុ​មក​វិញ​តែ​ប៉ុណ្ណោះ ហើយ​ក្នុង​រយៈពេល ៦ខែ ទើប​អាច​ទៅ​រៀន​ម្តង​ទៀត​បាន។ ក្នុង​រយៈពេល ៣ឆ្នាំ ក្នុង​ករណី​បណ្ណ​បើកបរ​នៅ​សល់១ឬ ២ ពិន្ទុ បើ​មិន​មាន​ល្មើស​ច្បាប់​ដែល​ត្រូវ​បាន​កាត់​ពិន្ទុ​ឱ្យ​អស់​ពិន្ទុ​នោះ​ទេ នោះ​ពិន្ទុ​នឹង​ត្រូវ​ឡើង​ពេញ​មក​វិញ​ផងដែរ។

នៅពេល​កាត់​អស់​ពិន្ទុ​ពី​បណ្ណ​បើកបរ​នោះ​អ្នក​បើកបរ​នឹង​ត្រូវ​ដក ហូត​សិទ្ធិ​បើកបរ ហើយ​ត្រូវ​រង់ចាំ​រយៈពេល ៦​ខែ​ក្រោយ ទើប​អាច​ប្រឡង​យក​បណ្ណ​បើកបរ​ឡើងវិញ​ ដើម្បី​ធានា​បាន​សុវត្ថិភាព​ក្នុង​ពេល​បើកបរ​និង​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​បើកប​រដទៃ។

លោក​ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការ​រង​នគរបាលជាតិ​ ទទួលផែនចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ  និងលោកស្រីមឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន គណៈ​​កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​(គ.ស.ច.គ) ជាប់រវល់មិនអាចមានប្រសាសន៍បានទេនាថ្ងៃ អង្គារ ទី២៤ធ្នូ នេះ។

សមត្ថកិច្ច​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​យាន​យន្ត​សរុប​​៨៤ ២៩២​គ្រឿង​ និង​ពិន័យ​យានយន្ត​សរុប ៦៤ ២៩៦គ្រឿង ដែល​ស្មើ​នឹង ៧៩​ភាគរយ ក្នុង​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ប្រចាំ​ឆមាស​ទី១ នៃ​ឆ្នាំ២០២៤​នេះ ។ ក្នុង​នោះ​មាន​ម៉ូតូ​ល្មើស​ចំនួន ៤៨ ៧០៣គ្រឿង ស្មើនឹង ៧៦​ភាគរយ​ផងដែរ។

ក្នុង​រយៈពេល​នេះផងដែរ ពិន្ទុ​សរុប​ចំនួន ៣១ ៧៤១​ពិន្ទុ​ ត្រូវ​បាន​សមត្ថកិច្ច​ដក​ពី​បណ្ណ​បើកបរ​យានយន្ត​ចំនួន ៦៩ ៤៨០​គ្រឿង​ផងដែរ។ ក្នុង​នោះ ដក​ពិន្ទុ​លើ​ម៉ូតូ​កម្លាំង ១២៥​សេសេ ២ ០៥៧​ពិន្ទុ, ដក​ពិន្ទុ​លើ​រថយន្ត​ធុនស្រាល ២៨ ៩៥៦​ពិន្ទុ និង ដក​ពិន្ទុ​លើ​រថយន្ត​ធុនធ្ងន់ ចំនួន៧៥៤​ពិន្ទុផងដែរ៕