ភ្នំពេញៈ ក្រុមការងាររបស់អន្តរក្រសួងបាននឹងកំពុងតែរៀបចំបង្កើតគោលការណ៍ នៃការប្រើប្រាស់ដីក្នុងតំបន់​បឹងទ​ន្លេសា​ប ជាពិសេសពាក់ព័ន្ធទៅនឹង លក្ខខណ្ឌ នៃការប្រើប្រាស់ជី និងថ្នាំគីមី បន្ទាប់ពី​ការ​វាស់វែ​ងកំ​ណត់​ផ្ទៃ​ដី​បឹងនេះ ​ត្រូវ​បា​ន​ប​ញ្ចប់ ដែលមានទំហំជាង១,៤លានហិកតាក្នុងខេត្តទាំង៦។ 

អនុប្រធានក្តាប់រួម នៃអាជ្ញាធរទន្លេសាប លោកហ៊ែល តូនីបានឱ្យដឹងថា ការបង្កើតគោលការណ៍នេះ គឺធ្វើឡើងទៅតាម​ការ​​​ណែ​នាំរបស់ប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត ដើម្បីកំណត់ បែងចែកការគ្រប់គ្រង និង​ការ​ប្រើ​ប្រា​ស់ដី​ក្នុងតំបន់បឹងទន្លេសាប ក្នុងទិសដៅការធានាបាននូវការការពារ ថែរក្សា ទប់ស្កាត់ និង​គ្រប់​គ្រ​ងតំ​ប​ន់​បឹង​ទ​ន្លេ​សាប​ ប្រកបដោយចីរភាព និងនិរន្តរភាព។ 

លោកមានប្រសាសន៍ថា៖«អន្តរក្រសួងកំពុងតែដំណើរការធ្វើកិច្ចការងារនេះហើយ ទៅតាមការណែនាំរបស់សម្តេច ដើម្បីរៀបចំចេញជាក្រម នៅក្នុងការប្រើប្រាស់ដី នៅតំបន់បឹងទន្លេសាប តំបន់១ប្រើប្រាស់អី មាន​លក្ខ​ខណ្ឌ​នៅ​ក្នុង​កា​រប្រើ​ប្រាស់ជីគីមី យ៉ាងម៉េចអីម៉េច»។

ក្រុមការងារ និងមន្រ្តីបច្ចេកទេសនៃក្រសួងជំនាញពាក់ព័ន្ធទាំងនោះមានដូចជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន និង​អគ្គ​លេខា​ធិការដ្ឋានអាជ្ញាធរទន្លេសាបជាដើម។ 

បឹងទន្លេសាបត្រូវបានចែកជា៣តំបន់សំខាន់ៗ។ ក្នុងនោះ តំបន់១ ជាតំបន់សម្រាប់លំនៅដ្ឋាន និង​ស្រែ​ចំការ​របស់​ប្រ​ជាព​លរដ្ឋ។ 

ពួកគាត់​ទទួល​បាន​សិទ្ធិ​កាន់​កាប់​ស្រប​ច្បាប់។ តំបន់២ ជាតំបន់​ប្រើប្រា​ស់អាស្រ័យផល និង​រក្សា​ទុក​ជា​តំប​ន់ទ្រនាប់ការពារ ហើយ តំប​ន់៣វិញ ជាតំបន់ដែនព្រៃលិចទឹក ដែលហាម​ប៉ះពាល់​ និង​ត្រូវ​ការពារជាដាច់​ខាត។​ តំបន់ទាំងនេះ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។ 

ការធ្វើបច្ចុប្បន្នភាពផែនទី នៃទំហំផ្ទៃដីតំបន់ទាំង៣ នៃបឹងទន្លេសាប ក្នុងខេត្តទាំង៦ ក្រោយពីពិនិត្យឡើងវិញ និង​ចុះ​ផ្ទៀង​ផ្ទាត់​ទី​តាំង​ជាក់ស្តែងនៅដំណាក់កាលទី៣ ឃើញថា ទំហំផ្ទៃដីតំបន់១មានចំនួន ៤៣៦ ៨៧៩,១១ ហិកតា, តំបន់​២មានចំនួន ៤១៣ ៤៨៨,០៨ ហិកតា និង តំបន់៣មានចំនួន ៥៦១ ៦៣៤,៦០ ហិកតា។ នេះ​បើយោង​តាម​ក្រសួង​ធន​ធាន ទឹក និង​ឧតុនិយម។ 

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់​ក្រ​សួង​រៀ​បចំ​ដែ​នដី កាលពីខែវិច្ឆិកា កន្លងមក លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ការងារបន្ទាប់ ក្រោយពីបោះបង្គោល​កំណត់ នៃផ្ទៃដីបឹងទន្លេសាបរួចហើយនោះ គឺការបង្កើតគោលការណ៍​ និងលក្ខខណ្ឌ នៃការប្រើប្រាស់ដី។ 

លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ដូច្នេះថា៖«ឥលូវកំណត់ព្រំច្បាស់ហើយ ត្រូវធ្វើការចុះផ្សព្វផ្សាយឱ្យប្រជាជន បានដឹង ត្រូវ​កំណត់​គោលការណ៍ លក្ខខណ្ឌឱ្យបានច្បាស់ ថាតើ តំបន់នេះអាចធ្វើអី មិនអាចធ្វើអី។ តំបន់១ធ្វើអី តំបន់២ ធ្វើអី និង​តំបន់​៣​ហាម​យ៉ាងម៉េច ឱ្យស្របទៅនឹងតថភាពជាក់ស្តែងនៅលើដី។ ឯកភាពគ្នាហើយ ត្រូវធ្វើ ដែលនេះជាកិច្ចការចំាបាច់»។ 

លោកបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវធ្វើការការពារបឹងទន្លេសាប ក៏ដូចជា ធានានូវតុល្យភាព រវាង​តម្រូវ​ការ នៃការរស់​នៅ​របស់ប្រជាពលរដ្ឋ ជាមួយនឹងការការពារធនធានធម្មជាតិ ដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា។

ប្រមុខរដ្ឋាភិបាលបញ្ជាក់ថា៖«ធ្វើកសិកម្ម ក៏ធ្វើ ប៉ុន្តែត្រូវមានព្រំដែន។ កុំប្រើជីប្រភេទណា ដែលអាចបំផ្លាញជីវចម្រុះ ឬ​មួយ​បំផ្លាញដី។ អាហ្នឹងត្រូវតែរស់ទាំងស់គ្នា។ បើយើងធ្វើមិនស្រួលទេ វាធ្វើឱ្យខូចដីយើង។ ពេលទឹកឡើងមក គឺ​សម្លា​ប់​អាជីវចម្រុះទាំងអស់។ ត្រី ក៏នៅមិនបាន។ អញ្ជឹងសុំគោលការណ៍នេះ យើងនឹងចេញគោលការនេះ និង​អនុ​វ​ត្ត​ឱ្យបា​ន​ម៉ឺងមាត់»។

លោកហ៊ែល តូនីក៏បានឱ្យដឹងផងដែរថា អាជ្ញាធរទន្លេសាបបាននឹងកំពុងតែចុះធ្វើការប្រជុំផ្សព្វផ្សាយ អំ​ពីវិ​ធានការ ​នៃ​ការ​ចូលរួមការពារ ទប់ស្កាត់ និងគ្រប់គ្រងតំបន់បឹងទន្លេសាប ដល់មន្ទីរអង្គភាពជំនាញ កងកម្លាំងសមត្ថកិច្ច និងអា​ជ្ញា​ធរ​ដែនដីជាដើម។ 

ការប្រជុំជាបន្តបន្ទាប់ ដែលធ្វើឡើងជាមួយនឹងអាជ្ញាធរខេត្តទាំង៦ និងខេត្តជុំវិញបឹង​ទ​ន្លេសា​បទាំង២ ដូចជាកណ្តាល និងខេត្តកំពង់ចាម គឺដើម្បីឱ្យពួកគាត់ យកទៅផ្សព្វផ្សាយបន្ត ទៅដល់ពលរដ្ឋ និង​សហគមន៍មូលដ្ឋាន ក្នុង​ការចូលរួម ធានាបា​ននូវ​ប្រ​សិ​ទ្ធ​ភាព អនុវត្តដល់ការគ្រប់គ្រង និងការប្រើប្រាស់ដីធ្លី និង​ធន​ធានធ​ម្មជាតិក្នុង​តំបន់​បឹង​ទន្លេសាប ប្រ​ក​ប​ដោយ​ចី​រ​ភាព​ និ​ងនិរន្តរភាព៕