ភ្នំពេញៈ ការផ្តន្ទាទោស ដាក់ពន្ធនាគារជាអតិបរមា សរុប៣១ឆ្នាំ  និង​​​សង​សំណ​ងជំ​ងឺចិត្ត​១លាន​ដុល្លារ​ទៅ​លើ​ឧក្រិ​ដ្ឋ​ជន អតីតឧកញ៉ា ​ស្រី ស៊ីណា គឺជាសំណងដ៏ច្រើន មិនធ្លាប់​មានក្នុងប្រវត្តិ ​នៃការកាត់ក្តី​លើសំណុំ​រឿង​ឃាត​កម្ម​នៅ​កម្ពុជា​។ នេះជាការលើកឡើងរបស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកកើត រិទ្ធនាថ្ងៃពុធ ទី២៥ ខែ​ធ្នូ​នេះ។ 

ការលើកឡើងនេះធ្វើឡើង ក្រោយពីតុលាការសាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមកាត់ក្តីសំណុំរឿង​ឃា​តកម្មកាលពីថ្ងៃទី២៣ ខែធ្នូ ដែល​បាន​ប្រព្រឹត្ត ដោយឧក្រិដ្ឋជន អតីតឧកញ៉ាស្រី ស៊ីណា ។

តុលាការបាន សម្រេច​ផ្តន្ទា​ទោស​ឧ​ក្រិ​ដ្ឋជ​ន​រូបនេះ ដាក់ពន្ធ​នា​គារ ជាអតិបរមា តាមច្បាប់ ដែលសរុបទាំង៣ សំណុំរឿង មានរហូតដល់ទៅ ៣១ ឆ្នាំ។ 

លើ​សពី​នោះ ​បាន​សម្រេចផ្តល់​សំ​ណង​ជំងឺចិត្ត ដល់គ្រួសារអ្នករងគ្រោះ ដែលបានស្លាប់បាត់បង់​ជីវិតចំនួន១​លាន​ដុ​ល្លារ ក្នុងមួយគ្រួសារ អ្នក​រងរបួស​ធ្ងន់​ចំនួន៣០ម៉ឺនដុល្លារ និងអ្នករងគ្រោះស្រាលចំនួន២០ ម៉ឺនដុល្លារផងដែរ ដោយ​លោក​រដ្ឋ​មន្រ្តីគូសបញ្ជាក់តាមបណ្តាញសង្គមរបស់លោកថា«យុត្តិធម៌ ដែលគ្រប់គ្នាបានទន្ទឹងរង់ចាំ គឺ​បា​ន​មក​ដ​ល់​ហើយ»។

លោករដ្ឋមន្រ្តីបានសរសេរថា៖«សម្រាប់ខ្ញុំ នេះ អាចចាត់ជាប្រវត្តិសាស្រ្តមួយក្នុងវិស័យយុត្តិធម៌ ដែលតុលាការ មិន​ត្រឹម​តែសម្រេចដាក់ទោសពន្ធនាគារជាអតិបរមាតាមការកំណត់នៃច្បាប់នោះទេ ប៉ុន្តែ ថែមទាំង​បានស​ម្រេចអំ​ពី​សំ​ណង​ដល់គ្រួសារ នៃជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតរហូតដល់ ១លានដុល្លារ ក្នុង​មួយគ្រួសារ»។ 

លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា មានគោលការណ៍សំខាន់យ៉ាងតិចពីរ ដែលតុលាការបានប្រើក្នុងការ​ស​ម្រេចសេចក្តីនេះ។

ទី១ គឺ “គោលការណ៍យុត្តិធម៌តាមច្បាប់” ដែលតុលាការ ត្រូវប្រកាន់ភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ ប៉ុន្តែ ភាពម៉ឺងម៉ាត់នេះ ត្រូវគោរពទៅតាមអ្វី ដែលច្បាប់ជាធរមានបានកំណត់ ដើម្បី​ផ្តល់យុត្តិធម៌​តាមច្បាប់​ជូន​ដល់​ជនរង​គ្រោះ។

ទី២ គឺ “គោលការណ៍សមទណ្ឌោ” ក្នុងការសម្រេចសេចក្តី ទាំងលើការផ្តន្ទាទោស​ដាក់​ពន្ធនា​គារជា​អ​តិប​រមា ទាំងលើការសងសំណងជំងឺចិត្ត១ លានដុល្លារ ដែលជាសំណងដ៏ច្រើនមិនធ្លាប់​មានក្នុងប្រវត្តិ​នៃការកាត់ក្តី​ទាក់ទង​នឹង​រឿងឃាតកម្ម។

លោកបន្តថា ជាការពិត សំណងចំនួន១ លានដុល្លារនេះ មិនអាចដោះដូរនឹងតម្លៃ នៃអាយុជីវិត​មិនអាចកាត់ថ្លៃ​បាន​របស់​យុវជនទាំង២រូប ដែលត្រូវសម្លាប់យ៉ាងឃោរឃៅនៅក្នុងករណីឃាតកម្មដ៏សាហាវនេះឡើយ ប៉ុន្តែ នេះ ជាអ្វី​ដែល​ “យុត្តិធម៌ក្នុងយុគសម័យ នៃពិភពលោកបច្ចុប្បន្ន” អាចធ្វើបាន ដើម្បីជាសំណងជំងឺចិត្តដល់គ្រួសារជនរងគ្រោះ និង អ្នករងគ្រោះ បន្ថែមពីលើ អ្វីដែលជាការផ្តន្តាទោសដាក់ពន្ធនាគារ។ 

លោកបានបញ្ជាក់ដូច្នេះថា៖«ផ្អែកតាម “គោលការណ៍សមទណ្ឌោ”, ផ្នែកនៃការសម្រេចអំពីសំណងនេះ គឺ សក្តិសម​ជាទីបំផុត​សម្រាប់​ឧកញ៉ា​មាន​លុយ ដែលក្អេងក្អាងប្រមាថជីវិតអ្នកដទៃ និងបានប្រព្រឹត្តអំពើឃាតកម្មដ៏ឃោរ​ឃៅ​បែប​នេះ»។ 

​អតីត​ឧកញ៉ា ស្រី ស៊ីណា អាយុ ៥១​ឆ្នាំ ត្រូវបានចោទប្រកាន់ចំនួន៣បទល្មើសផ្សេងគ្នា ដែលពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ ប៉ុនប៉ង​ឃាតកម្ម ​​ប្រើប្រាស់​អាវុធ​ដោយគ្មាន​ការអនុញ្ញាត និង​​បទ​រំលោភ​លើ​លំនៅដ្ឋានកាលពីខែ​មិថុនា កន្លងមក ដែលបណ្តាលឱ្យស្លាប់ មនុស្ស២នាក់ និងរបួស២នាក់ទៀត នៅក្នុង​នៅ​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំ​ពេញ។

លោករដ្ឋមន្រ្តីក៏បានបញ្ជាក់ប្រាប់សាធារណជនផងដែរថា ក្នុងនាមជារដ្ឋមន្រ្តីយុត្តិធម៌ ដែលទទួលបទ​បញ្ជា​ពី​ប្រមុ​ខ​រ​ដ្ឋាភិបាល​ លើរឿងនេះ​តាំងពីដំណាក់​កាល​ដំបូងនោះ លោក​នឹង​បន្តតាមដាន​ការអនុវត្តច្បាប់​ចំពោះ​ករ​ណី​នេះជា​ប​ន្តទៀត។

ក្នុងនោះ មិនត្រឹមតែនៅសាលា​ជម្រះក្តី​ជាន់​ខ្ពស់ ក្នុងករណីមានបណ្តឹងតវ៉ានឹងសាលក្រមនេះនោះទេ ប៉ុន្តែ នឹង​បន្តតាមដាននៅពេល​អនុវត្ត​ទោស​ក្នុងពន្ធនាគារ​របស់​ទណ្ឌិតរូបនេះ។ 

ជាពិសេស គឺទាក់ទងទៅនឹងការ ដាក់​ឈ្មោះ​​ឧ​ក្រិដ្ឋ​ជនដ៏សាហាវឃោរឃៅនេះក្នុង «បញ្ជីខ្មៅ» ដែលនឹងមិនត្រូវទទួលបាននូវការបន្ធូរបន្ថយទោស ឬលើ​ក​លែ​ងទោ​សឡើយ។ ក្រៅពីនេះ លោកក៏នឹងតាមដានអំពីការអនុវត្ត​សំណងចំពោះជនរងគ្រោះ​នៅក្នុងសំណុំរឿង​នេះ​ផង​ដែរ​៕