ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្វាគមន៍ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្នុងការចូលរួមជួយវិស័យកសិកម្មកម្ពុជាតាមរយៈការពង្រឹងសមត្ថភាព និងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ដែលអាចជួយដល់ប្រជាកសិករនូវបញ្ហាបច្ចេកទេស និងទីផ្សារ។
លោក ទីណា បានថ្លែងដូច្នេះអំឡុងពេលជំនួបជាមួយអ្នកស្រី Moonjung CHOI នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៅរសៀលថ្ងៃទី២៣ ខែធ្នូនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
យោងតាមក្រសួងកសិកម្ម បានឱ្យដឹងថា៖ «ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្មគឺជារឿងចាំបាច់ និងយកចិត្តទុកដាក់បំផុត ជាពិសេសការពង្រឹងសមត្ថភាពរបស់មន្ត្រីកសិកម្មឃុំ ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការត្រួតពិនិត្យ ប្រមូលទិន្នន័យ និងផ្សព្វផ្សាយបច្ចេកទេស»។
យោងតាមទីភ្នាក់ងារ KOICA បានឱ្យដឹងថា ទីភ្នាក់ងារ បានគូសបញ្ជាក់ពីការគាំទ្ររបស់ខ្លួននូវជំនួយឥតសំណងប្រមាណ ១២ លានដុល្លារលើគម្រោង ការកសាងទំនាក់ទំនងនៃការសិក្សាស្រាវជ្រាវ អប់រំ និងពង្រីកវិស័យកសិកម្មបន្ថែមដើម្បីសម្របតាមការប្រែប្រួលអាកាសធាតុនៅកម្ពុជា» ដែលគ្រោងអនុវត្តពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០៣០។
KOICA បានបន្ដថា៖ «កិច្ចពិភាក្សាផ្តោតលើការគាំទ្រចំពោះជំនួយក្នុងការលើកកម្ពស់សមត្ថភាព និងគុណភាពនៃសេវាផ្សព្វផ្សាយកសិកម្មនៅកម្ពុជា»។
ទីភ្នាក់ងារ បានលើកឡើងថា សមត្ថភាពមន្ត្រីរដ្ឋាភិបាលដែលទទួលបន្ទុកក្នុងសេវាកម្មផ្សព្វផ្សាយកសិកម្ម ដែលភាគច្រើនជាមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំទូទាំងប្រទេស នឹងត្រូវបានពង្រឹងសមត្តិភាព ដោយផ្តោតមិនត្រឹមតែលើជំនាញបច្ចេកទេស និងការសម្របសម្រួលកសិកម្មប៉ុណ្ណោះទេ ថែមទាំងលើការផលិតសម្ភារផ្សព្វផ្សាយផងដែរ។
KOICA បានបញ្ជាក់ថា៖ «កម្មវិធីនេះមានគោលបំណងពង្រឹងសេវាផ្សព្វផ្សាយកសិកម្មនៅថ្នាក់មូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរបស់កសិករកម្ពុជា»។
លោករដ្ឋមន្ត្រីកសិកម្ម បានណែនាំដល់ក្រុមការងារគម្រោងត្រូវគិតគូរផ្តល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ បានយល់ដឹងពីបច្ចេកទេសផ្សព្វផ្សាយដល់ប្រជាកសិករកាន់តែប្រសើរឡើងមួយកម្រិតទៀត និងមានប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញការងារ។
ចំពោះសំណើបង្កើតមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្មនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម លោក ទីណា បានឱ្យក្រុមការងារគម្រោងសិក្សាស៊ីជម្រៅ ដែលផ្ដល់ប្រយោជ៍ដល់និស្សិតពេលបញ្ចប់ការសិក្សា ជាពិសេសក្រុមហ៊ុននាំចូលធាតុចូលកសិកម្ម និងបណ្តាក្រុមហ៊ុននានាផ្សេងទៀត។
យោងតាម KOICA កសាងហេដ្ឋារចនាសម្ព័ន្ធនេះនឹងត្រូវបានធ្វើឱ្យប្រសើរឡើង ដែលរួមបញ្ចូលទាំងការសាងសង់អគារដែលមានអន្តេវាសិកដ្ឋាន និងឧបករណ៍សម្រាប់ការអនុវត្តក្នុងប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ព្រមទាំងការបង្កើតកម្មវិធីសិក្សា និងសម្ភារៈបណ្តុះបណ្តាលចាំបាច់នានា ដើម្បីផ្តល់ការអប់រំកម្រិតឧត្តមសិក្សាសម្រាប់ សិស្សានុសិស្សទូទៅ។
អ្នកស្រី Moonjung បានលើកឡើងថា KOICA តែងតែរួមគ្នាជាមួយរដ្ឋាភិបាលកម្ពុជាសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។
អ្នកស្រីបានឱ្យដឹងថា៖ «គម្រោងនេះចូលរួមចំណែកយ៉ាងខ្លាំងក្លាដល់ការគាំទ្រដល់កម្មវិធីទីពីរនៃកម្មវិធីគោលនយោបាយអាទិភាពកម្ពុជាសម្រាប់វិស័យកសិកម្ម។ តាងនាមឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ទីភ្នាក់ងារកយកា (KOICA) បានប្តេជ្ញាលើការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរ និងធ្វើឱ្យប្រជាជនកាន់តែជិតស្និទ្ធជាមួយគ្នា»។
ក្រៅពីគម្រោងដែលមានក្នុងផែនការនេះ បច្ចុប្បន្នទីភ្នាក់ងារកយកាបាននិងកំពុងអនុវត្តគម្រោងភូមិសន្តិភាពនៅក្នុងភូមិចំនួន ៣០ នៅភូមិភាគពាយ័ព្យ រួមមាន បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ក្នុងគោលបំណងជំរុញការអភិវឌ្ឍន៍ជនបទប្រកបដោយចីរភាព និងបរិយាប័ន្ន៕