ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បន្ត​ស្រាវជ្រាវ ​ប្រមូល​​ភស្តុតាង​បន្ថែម​ទៀត និង​រក​មូល​ហេតុ​នៃ​ទំនាស់​ ព្រមទាំង​កំណត់​អត្តសញ្ញាណ​ជន​បង្ក ​និង​អ្នក​ពាក់​ព័ន្ធ ​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ប្រជាពលរដ្ឋ​និង​បុគ្គលិក​ក្រុមហ៊ុន​​ រតនៈ សម្បត្តិ និង និង​លោក​ មៀម វណ្ណៈ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ ៦​ នាក់​បាន​រង​របួស។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី២៤ ខែ​ធ្នូ​នេះ ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី១៥ ខែធ្នូ​ ឆ្នាំ​២០២៤ វេលា​ម៉ោង​ ៧ យប់​ មាន​ករណី​ហិង្សា​ទៅ​វិញ​ទៅ​មក​រវាង​ប្រជាពលរដ្ឋ និង​បុគ្គលិក​ក្រុមហ៊ុន​ លោក រតនៈ សម្បត្តិ និង លោក មៀម វណ្ណៈ នៅ​ចំណុច​អូរឈ្លើង​លើ ក្នុងភូមិគគីរ ឃុំបិតត្រាំង ដែល​បច្ចុប្បន្ន ស្ថិត​នៅ​ក្រុង​កំពង់​សោម ខេត្ត​ព្រះសីហនុ។

ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បញ្ជាក់​ថា តាមរយៈ​​ការ​ស្រាវ​ជ្រាវ​ពី​ថ្ងៃ​ទី១៦ ដល់​ថ្ងៃ​ទី២៣ ​ខែធ្នូ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ​បាន​សាកសួរ​អ្នក​ស្ថិត​ក្នុង​ហេតុការណ៍​សរុប​ចំនួន ១១នាក់ ក្នុង​នោះ​មាន​តំណាង​ប្រជាពលរដ្ឋ​ ៦ នាក់ និង ​បុគ្គលិក​ក្រុមហ៊ុន​ចំនួន ៥នាក់ និង​បាន​ចុះ​ស្រាវជ្រាវ​ពិនិត្យ​កន្លែង​កើត​ហេតុ ​ប្រមូល​ភស្តុតាង​នានា។

យ៉ាងណា​ក៏ដោយ សមត្ថកិច្ច​​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ប៉ះទង្គិច​នេះ​ទេ ដោយ​អះអាង​ថា​កំពុង​ស្រាវជ្រាវ​បន្ត។ ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​អះអាង​ថា ​បុគ្គលិក​ក្រុមហ៊ុន​ រតនៈ សម្បត្តិ ​បាន​មក​រារាំង​មិន​ឲ្យ​ពួក​គេ​ចូល​ទៅ​ផ្ទះ​សម្បែង​របស់​ពួក​គេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​នេះ។

អ្នកស្រី ជាប សុធារី មន្រ្តី​សម្រប​សម្រួល​សមាគម​អាដ​ហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​ដឹង​ថា ដី​តំបន់​នេះ​មាន​ជម្លោះ​ជា​ច្រើន​ ដោយសារ​កាល​ពី​ដើម​ឡើយ​វា​ជា​ដី​គម្រប​ព្រៃ​ឈើ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​​បរិស្ថាន។ 

ប៉ុន្តែ ក្រុមហ៊ុន​ រតនៈ សម្បត្តិ បាន​អះអាង​ថា ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ និង​មាន​ប្លង់​កម្មសិទ្ធិ​សម្រាប់​​វិនិយោគ ខណៈ​ដែល​ប្រជាពលរដ្ឋ ក៏​​បាន​រស់​នៅ​លើ​ដី​តំបន់​នេះ​​ដោយ​ថែម​ទាំង​សាង​សង់​សំណង់​ធំៗ​ទៀត​ផង។

អ្នកស្រី​បន្ត​ថា បើ​សិន​ជា​ក្រុមហ៊ុន រតនៈ សម្បត្តិ​ មាន​កម្មសិទ្ធិ​លើ​ដី​នេះ​មែន គួរ​តែ​ហាម​ឃាត់​ប្រជាពលរដ្ឋ​តាំង​ពី​ដំបូង តាម​រយៈ​ការ​ជូន​ដំណឹង និង​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដើម្បី​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។

ចំពោះ​ការ​ប៉ះទង្គិច​គ្នា​នៅ​យប់​ថ្ងៃ​ទី១៥​ ខែ​ធ្នូ កន្លង​ទៅ អ្នកស្រី​ថ្លែង​ថា៖ «ក្នុង​ករណី​អ្នក​ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​យល់​ថា​មាន​ការ​រំលោភ​បំពាន​ណា​មួយ គាត់​មិន​អាច​ប្រើ​កម្លាំង​ឯកជន​ចុះ​ទៅ​ធ្វើ​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ដោយ​ខ្លួន​ឯង​ទេ គឺ​ត្រូវ​តែ​ដាក់​ពាក្យ​ទៅ​តាម​ផ្លូវ​ច្បាប់ ដើម្បី​ឲ្យ​អាជ្ញាធរ​ចុះ​អង្កេត​ពិនិត្យ​មើល​ថា​តើ​គាត់​មាន​ឯកសារ​គ្រប់​គ្រាន់​ដែល​បញ្ជាក់​ថា​ គាត់​ជា​ម្ចាស់​កម្មសិទ្ធិ​ដី​នេះ គាត់​ត្រូវ​តែ​ប្ដឹង។ ការ​ចុះ​ទៅ​ពេល​យប់​ព្រលប់​នេះ​គឺ​ជា​រឿង​ខុស​ច្បាប់​ដែរ។ ការ​ចូល​ពេល​យប់​ព្រលប់ លុះ​ត្រា​តែ​មាន​ការ​ស្រែក​ហៅ​សុំ​ជំនួយ​ពី​ជន​រងគ្រោះ​ពី​កន្លែង​កើង​ហេតុ​ទើប​គាត់​អាច​ចូល​បាន»។

អ្នក​ស្រី​បន្ត​ថា ប្រសិន​បើ​ក្រុមហ៊ុន​ រតនៈ សម្បត្តិ មាន​កម្មសិទ្ធិ​លើ​ដីធ្លី​នៅ​ទីតាំង​នោះ ក្រុមហ៊ុន​មិន​គួរ​ដាក់​កម្លាំង​ទៅ​ទាំង​យប់​ដោយ​ខ្លួន​ឯង​ដូច្នេះ​ទេ គួរ​ដើរ​នៅ​លើ​នីតិវិធី គឺ​ការ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ដើម្បី​ចុះ​អនុវត្ត ខណៈ​ដែល​បច្ចុប្បន្ន​នេះ កម្ពុជា​មាន​នីតិវិធី​គ្រប់​គ្រាន់​ដើម្បី​ដោះស្រាយ​ជម្លោះ​ដីធ្លី៕