អភិបាលខេត្តកណ្ដាល លោក គួច ចំរើន លើកទឹកចិត្តប្រជាពលរដ្ឋដែលប្រកបរបរចម្លាក់ប្រាក់ស្ពាន់បង្កើតជាសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ដើម្បីទទួលបានទីផ្សារកាន់តែទូលំទូលាយ និងមានការប្រកួតប្រជែងស្នាដៃ។
ការលើកទឹកចិត្តនេះធ្វើឡើងនៅពេលលោកជួបជាមួយប្រជាពលរដ្ឋនៅភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាលប្រមាណ ២០០នាក់ដែលប្រកបរបរចម្លាក់ប្រាក់ ស្ពាន់ នៅថ្ងៃទី២៤ ខែធ្នូនេះ។ នេះបើតាមរដ្ឋបាលខេត្តកណ្ដាល។
នៅក្នុងពេលជួបសំណេះសំណាលនេះ លោកលើកទឹកចិត្តឲ្យពលរដ្ឋជាជាងចម្លាក់ប្រាក់ ស្ពាន់ទាំងអស់បង្កើនស្នាដៃឲ្យកាន់តែមានគុណភាពខ្ពស់ មានក្បួនខ្នាតត្រឹមត្រូវ មានរចនាបថថ្មីៗស្របទៅតាមតម្រូវការទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូល បានកាន់តែបានប្រសើរថែមទៀត និងរក្សារចនាបថខ្មែរ។
រដ្ឋបាលខេត្តកណ្ដាលបានបញ្ជក់ថា លោក គួច ចំរើន «បានស្នើដល់អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធឲ្យរៀបចំមានការប្រឡងយកស្នាដៃចម្លាក់ប្រាក់ស្ពាន់ ដើម្បីជ្រើសរើសរកស្នាដៃដែលលេចធ្លោជាងគេ ត្រឹមត្រូវស្របទៅតាមក្បួនខ្នាតបុរាណខ្មែរ ហើយរដ្ឋបាលខេត្តនឹងចេញវិញ្ញាបណ្ណប័ត្រទទួលស្គាល់ស្នាដៃនោះ»។
លោក គួច ចំរើន ថ្លែងថា ការប្រឡងប្រជែងយកស្នាដៃនេះគឺដើម្បីលើកស្ទួយវិស័យចម្លាក់ប្រាក់ ស្ពាន់ របស់ខេត្តនេះឲ្យកាន់តែរីកចម្រើន មានទីផ្សារ រក្សាវប្បធម៌ កេរដំណែលពីដូនតាកុំឲ្យបាត់បង់។
លោកបន្តថា រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពរបស់ខេត្តទាំងអស់ នឹងយកចម្លាក់ស្ពាន់ក្នុងភូមិកោះចិននេះ ដើម្បីធ្វើជាវត្ថុអនុស្សាវរីយ៍ សម្រាប់ជូនដល់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដើម្បីចូលរួមចំណែកជួយលើកស្ទួយវិស័យចម្លាក់ប្រាក់ស្ពាន់ឲ្យកាន់តែទូលំទូលាយ និងមានការរីកចម្រើនឡើងថែមមួយកម្រិតទៀត។
ស្រុកពញាឮ មានប្រជាពលរដ្ឋផលិតចម្លាក់ប្រាក់ ស្ពាន់ ចំនួន១៨៩គ្រួសារ ក្នុងក្នុងនោះឃុំកោះចិន មានចំនួនច្រើនជាងគេរហូតដល់ទៅ ១៥០គ្រួសារ។ នេះបើតាមលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ៕