ភ្នំពេញៈ ករណីក្មេងទំនើង ជាង២ពាន់ ត្រូវបានបញ្ជូនទៅតុលាការរាជធានី ខេត្ត ដើម្បីចាត់វិធានការផ្លូវច្បាប់ ក្នុង​រយៈ​ពេ​ល​ជាង៧ខែមកនេះ ដែល​ធ្វើ​ឱ្យស្ថា​នភាពក្មេងទំនើងមានការថយចុះប្រមាណជា៤៥ភាគរយ ក្នុង​នោះរាជធានី​ភ្នំ​ពេញ​​មានករណីក្មេងទំនើងច្រើនជាងគេ ខណៈដែលខេត្តស្ទឹងត្រែងបានក្លាយជាខេត្តគំរូ ដែលគ្មានបញ្ហាក្មេងទំនើង​សោះ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកជិន ម៉ាលីនបានថ្លែងក្នុង​ សន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណី​ក្រុមក្មេងទំនើង”​ នាថ្ងៃពុធ ទី២៥ ខែធ្នូនេះថា អនុវត្តទៅតាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត​ និង​ការណែនាំរបស់ក្រសួងយុត្តិធម៌ តុ​លាការរាជធានី ខេត្តបានទទួលចាត់ការសំណុំរឿងក្មេងទំនើងចំនួន២ ១១៥​កណី ចាប់ពីថ្ងៃទី២៣ ខែឧសភាកន្លងមក​ ។ ក្នុងនោះ ជនដៃដល់ និងអ្នកពាក់ព័ន្ធដទៃទៀតសរុប២ ៨៤៩រូប ត្រូវបានឃុំខ្លួន។ 

លោកម៉ាលីនបញ្ជាក់ថា៖«ក្រោយការដាក់ចេញនូវិធានការណ៍ម៉ឺងមាត់ ពាក់ព័ន្ធនឹងករណីក្មេងទំនើងនេះ គឺមានការ​ថយ​ចុះ។ បើយើងប្រៀបធៀបសំណុំរឿងក្នុងខែដំបូងនៃការចាប់ផ្តើមអនុវត្តបទបញ្ជា មានចំនួន៦២៩សំណុំរឿង និង​ខែ​ចុងក្រោយ​មកដល់ពេលនេះ មានចំនួនតែ៣៤២សំណុំរឿងប៉ុណ្ណោះ»។ 

លោកបន្ថែមថា កាលពីពេលចាប់ផ្តើមដំបូង ក្នុងមួយថ្ងៃមានសំណុំរឿងក្មេងទំនើងនេះ យ៉ាង​ហោចណាស់ពី​១០​ទៅ​២០ ហើយ​​មនុស្សរាប់រយនាក់ត្រូវ​បាន​ឃា​ត់​ខ្លួន។ ប៉ុន្តែនាពេលបច្ចុប្បន្ន​នេះ ក្នុងមួយថ្ងៃមាន​ប្រហែលជា​៤ទៅ​៥​សំ​ណុំរឿងប៉ុណ្នោះ ហើយថ្ងៃខ្លះ ក៏មិនមានផងដែរ។ 

លោកបន្តថា ស្ថាប័នតុលាការ និងអយ្យការ​បានចាត់វិធាន​ការណ៍យ៉ាងម៉ឺងមាត់​ចំពោះករណី​ក្មេង​ទំនើង​នេះ​។ ក្នុងនោះ ភាគ​ច្រើន​ត្រូវបានចោទប្រកាន់ និងផ្តន្ទាទោសពីបទ ធ្វើឱ្យខូចខាតដោយចេតនា, ធ្វើ​ឱ្យខូច​ខាតដោ​យចេ​ត​នាមា​នស្ថា​ន​ទំង​ន់ទោស, ហិង្សាដោយចេតនា, ហិង្សាដោយចេតនាមានស្ថានទំងន់ទោស និងកាន់កាប់​អាវុ​ធដោ​យគ្មា​ន​ការ​អនុ​ញ្ញាត​ជាដើម។

ចំពោះមូលហេតុ ដែលបណ្តាលឱ្យមានបទល្មើស គឺពាក់ព័ន្ធភាគច្រើនមកពីការសេពគប់មិត្តខុស ដើ​រលេ​ងស៊ី​ផឹក​​​ពេល​យ​ប់ គំនុំគុំគួន ទំនាស់ស្នេហា និងការប្រើប្រាស់គ្រឿងញៀនជាដើម។

ករណីក្មេងទំនើងនេះ ត្រូវបានដាក់បញ្ជូលទៅក្នុងសំណុំរឿងអាទិភាព ដែលស្ថានប័នតុលាការ ត្រូវ​តែ​អនុវ​ត្តច្បា​ប់ឱ្យ​បាន​ម៉ឺ​ងមាត់ ក្នុងការទប់ស្កាត់ និងបង្រ្កាប ដើម្បីការពារថែរក្សាសណ្តាប់ធ្នាប់ សាធារណ​សន្តិសុខសង្គម ជាពិ​សេ​សភា​ពសុខសា​ន្តរ​បស់ប្រជាជន។ ក្នុងនោះរួមមាន សំណុំរឿងគ្រឿងញៀន ក្មេងទំនើង ចរាចរណ៍ និងអាត្រានុកូលដ្ឋាន។

រដ្ឋលេខាធិការក្រសួងយុត្តិធម៌ កេង សុម៉ារិទ្ធក៏បានឱ្យដឹងក្នុងឱកាសនោះដែរថា ក្នុងរយៈពេល២១២ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី២​៣ ឧសភា ដល់ថ្ងៃទី២០ ធ្នូនេះ មានសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធក្មេងទំនើង ដែល​បាន​ប​ញ្ជូន​ទៅ​អយ្យ​កា​រអ​មសា​លា​ដំ​បូងនៅទូទាំងប្រទេស ចំនួន៧២០រឿង។ 

ក្នុងនោះសំណុំរឿងចំនួន៧១៥ត្រូវបានចាត់វិធានការច្បាប់រួចរាល់។ សំណុំរឿង ដែលស្ថិតក្នុងដំណាក់កាលអយ្យកានេះ មានការឃាត់ខ្លួនអ្នកដែលពាក់ព័ន្ធនឹងក្មេងទំនើងមាន​៣ ៣​០០​នាក់ផងដែរ។

លោកបានឱ្យដឹងថា សាលាដំបូង និងអយ្យការសាលាដំបូង ដែលមាន​សំណុំរឿង​ក្មេងទំនើង​ច្រើនជាង​គេ​បំផុត​គឺ​រាជ​ធានីភ្នំពេញ, ខេត្តកំពង់ស្ពឺ ទី២, តាកែវ ទី៣,  បន្ទាយមានជ័យទី៤ និង ខេត្តសៀមរាប ទី៥។ 


លោកបញ្ជាក់ថា៖«បើនិយាយពីខេត្ត ដែលមានសំណុំរឿងតិចជាងគេបំផុតគឺខេត្តស្ទឹងត្រែង ដែលមានសូន្យករណី។ ខេត្តស្ទឹងត្រែងនេះ គឺជាខេត្តគំរូមួយ ដែលពុំមានករណីពាក់ព័ន្ធនឹងក្មេងទំនើងកើតឡើងនោះទេ ដែល​ខេត្តផ្សេង​មើល​ពី​លំនាំនៃការរៀបចំការងាររបស់គាត់»។ លោកបន្តថា បន្ទាប់មកមានខេត្ត កែប, បៃលិន និងព្រះវិហារ។  

ទោះយ៉ាងណា លោកជិន ម៉ាលីនបានលើកឡើថា នាពេលថ្មីៗនេះ ករណីក្មេងទំនើង ដ៏សាហាវបានកក្រើកឡើងវិញ​ដូច​ជានៅ​ខេត្តតាកែវជាដើម ដែលត្រូវបន្តមានវិធានការតទៅទៀត ដោយគ្មានការលើកលែង។ 

ហេតុនេះ ក្រសួងយុត្តិធម៌​បាន​រៀប​ចំសន្និសីទនេះឡើង ដើម្បីបង្ហាញសាធារណជនថា វិធានការទប់ស្កាត់ គឺជាវិធានការក្តៅ ម៉ឺងមាត់ ដោយ​គ្មាន​ការ​លើកលែងចំពោះក្រុមក្មេងទំនើង។ 

ក្រៅពីនោះ ក៏ដើម្បីធ្វើការអំពាវនាវ ដល់អាណាព្យាបាល ឱ្យ យក​ចិត្តទុកដាក់​តាម​ដានសកម្មភាពកូនរបស់ខ្លួន ហើយធ្វើការអប់រំ ទូន្មានប្រៀនប្រដៅ កុំឱ្យពួកគេដើរក្នុងផ្លូវខុស ព្រោះថា បើ​ពាក់ព័ន្ធ​នឹងក្មេងទំនើង គឺមាន​អំពើហិង្សាហើយ ដែលមានគ្រោះថ្នាក់ដល់ជីវិត​ខ្លួនឯងផង បង្កបញ្ហាដល់គ្រួសារផង និង​សង្គម​ជាតិផង។ 

លើសពីនោះ គឺដើម្បីដាស់​តឿន​ទៅ​ដល់ក្មេងៗជាយុវជន ទាំងក្មេងទំនើងផងដែរ ត្រូវកសាង និង កែប្រែ​ខ្លួន កុំប្រ​ព្រឹត្ត​នូវអំពើខុសច្បាប់ អំពើ​មិនគប្បីតទៅទៀត ហើយក្មេងៗដទៃទៀតកុំយកគំរូតាម ព្រោះ​បើពាក់​ព័ន្ធ​នឹង​ក្មេ​ង​ទំនើង​នេះហើយ គឺថា មិនអាច​រួចផុតពីសំណាញ់ច្បាប់នោះទេ។ 

លោកក៏បានអំពាវនាវដល់សាធារណជន ឱ្យចូលរួមសហការណ៍ ដោយធ្វើការរាយការណ៍​ទៅដល់​អាជ្ញាធរមាន​សមត្ថកិច្ច នៅពេលដែល​ឃើញមានបញ្ហាក្មេងទំនើងកើតមានឡើង​ ដើម្បីមានចំណាត់ការទាន់ពេលវេលា៕