ភ្នំពេញ៖ ចាងហ្វាងសារព័ត៌មាន​អនឡាញ​ KH Plus News ឈ្មោះ ផាត់ ហ៊ន ហៅ ពូ ហ៊ន បាន​រួច​ផុត​ការ​ចោទ​ប្រកាន់ «ព្រហ្មទណ្ឌ» ​ពិបទ​បរិហាកេរ្ដិ៍​តាម​សារព័ត៌មាន និង​បទ​ធ្វើ​ឱ្យ​បាត់​ជំនឿ​លើសេចក្ដី​សម្រេច​របស់​តុលាការ​ ក្រោយ​​​ដើមបណ្ដឹង​ជា​ប្រធាន​សាលា​ដំបូង​ខេត្ដកំពង់ចាម ឈ្មោះ សួស ឡា បាន​សម្រេច​ដក​ពាក្យ​បណ្ដឹង​វិញនៅ​ថ្ងៃទី ២៤ ខែ​ធ្នូ​ម្សិលមិញ​នេះ​​។

ការ​ដកពាក្យ​បណ្ដឹង​របស់​ប្រធាន​តុលាការ​ខេត្ដ​កំពង់ចាម​លើ​អ្នក​សារព័ត៌មាន​នេះ ត្រូវបាន​ធ្វើ​ឡើង​ក្រោម​ការ​សម្រប​សម្រួល​រវាង​រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ដ្រា និង​លោក កើត រិទ្ធ រដ្ឋមន្ដ្រី​ក្រសួង​យុត្ដិធម៌​។

លោក កើត រិទ្ធ បាន​បង្ហោះសារ​លើ​បណ្ដាញ​សង្គម ដោយ​ភ្ជាប់ជាមួយ​ឯកសារ​ផ្លូវ​ច្បាប់​មួយ​ចំនួនថា៖ «​ថ្ងៃនេះ តាមរយៈ​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ ខ្ញុំ​បានទទួល​លិខិត​របស់​អ្នកកាសែត​ឈ្មោះ ផាត់ ហ៊​ន ហៅ ពូ ហ៊​ន ដែល​បានបង្ហាញ​នូវ​សុទ្ធចិត្ត​ទទួលស្គាល់​កំហុស​របស់​ខ្លួន​ទាក់ទង​នឹង​រឿងរ៉ាវ​នៃ​ការផ្សាយ​ព័ត៌មាន និង​ការធ្វើ​អត្ថាធិប្បាយ​ព័ត៌មាន ដោយ​ប្រើប្រាស់​ពាក្យសម្ដី​​មិន​សមរម្យ ជេរប្រមាថ​ចំពោះ​ស្ថាប័ន​តុលាការ ព្រមទាំង​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត»។

លោក​បាន​បន្ដថា​៖ «វា​​បាន​ធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​នៃ​ស្ថាប័ន​តុលាការខេត្ត​កំពង់ចាម ហើយ​តាមរយៈ​នេះ អ្នកកាសែត ដែល​មហាជន​ស្គាល់​ឈ្មោះថា ពូ ហ៊​ន ក៏បាន​ធ្វើការ​សុំទោស​ជា​សាធារណៈ​ចំពោះ​កំហុស​នេះ​»។

លោក​បាន​រដ្ឋមន្ដ្រី​យុត្ដិធម៌ ​បាន​ឱ្យដឹងថា ក្រោយ​រដ្ឋមន្ដ្រី​ព័ត៌មាន​ទាក់ទង​ពិភាក្សា​ស្វែង​រក​ដំណោះស្រាយ​បញ្ចប់​ករណី​នេះ ជាពិសេស ដើម្បី​លើកកម្ពស់​កិច្ចសហការ​ល្អ​រវាង​ស្ថាប័ន​តុលាការ និងការអនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន លោក​បាន​សម្របសម្រួល​ និងស្នើ​ឱ្យ​ប្រធាន​សាលា​ដំបូង​ខេត្ដ​កំពង់ចាម​ដក​ពាក្យ​បណ្ដឹង។

លោក កើត​ រិទ្ធ បាន​បញ្ជាក់ថា​៖ ​​«ប្រសិនបើ​តុលាការ​ដែលជា​ស្ថាប័ន​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ បែរជា​ធ្វើការ​សម្រេចចិត្ត​ប្តឹង​បុគ្គល​ណា​ម្នាក់ ឬ​អង្គភាព​ណាមួយ ដើម្បីឱ្យ​​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ គឺ​ច្បាស់​ណាស់ ជាការ​សម្រេចចិត្ត​ដ៏​លំបាក និង​ដោយសារ​ពុំមាន​ជម្រើស​ណា​ល្អ​ផ្សេង​ពីនេះ»។

លោក​បាន​បន្ថែមថា​៖​ «ហើយ​ការប្តឹង​ទៀតសោត គឺ​ពុំមាន​គោលបំណង​អ្វី​ក្រៅពី​ការរក​យុត្តិធម៌​ឱ្យ​ខ្លួនឯង ទៅតាម​គន្លង​ក្នុងសង្គម​នីតិរដ្ឋ ពិសេស គឺ​ការការពារ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ស្ថាប័ន​របស់ខ្លួន​ប៉ុណ្ណោះ​»។

យោងតាម​សេចក្ដីសម្រេច​លើសំណើ​ផ្ទេរ​សមត្ថកិច្ច​ក្នុងការ​ចាត់ការ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ដែល​លោក សួស ឡា បាន​ប្ដឹង​អ្នកសារព័ត៌មាន​ឈ្មោះ ផាត់ ហ៊ន ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ ការប្រមាថលើស្ថាប័ន ការផ្សាយព័ត៌មានមិនពិតបង្អួចឈ្មោះស្ថាប័នតុលាការ និងការិះគន់លើសេចក្តីសម្រេចរបស់តុលាការពាក់ព័ន្ធ នឹងការលើកចោលដីកាសម្រេចរក្សាការពារ» គឺជា​បទ​ចោទ​ព្រហ្មទណ្ឌ​។

តុលាការ​ខេត្ត​កំពង់​ចាម ​កំណត់​តាំង​ពី​ដំបូង​​ថា ករណីរបស់​លោក ផាត់ ហ៊ន ​ជា​បណ្ដឹង «ព្រហ្មទណ្ឌ» ព្រម​ទាំង​បាន​អះអាង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី២១ ខែ​ធ្នូ​ថា ករណី​នេះ «មាន​តម្រុយ​ព្រហ្មទណ្ឌ» បើទោះជា​លោក មឿន ឈានណារិទ្ធ សាស្ត្រាចារ្យ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​សាកល​វិទ្យាល័យ​កម្ពុជា បានឱ្យដឹងថា ករណីនេះមិន​ធ្ងន់ធ្ងរ​យ៉ាងណា​ក៏ដោយ​។

យ៉ាងណាមិញ រឿង​រ៉ាវ​ក្ដី​ក្ដាំង​រវាង​ប្រធាន​តុលាការ​ខេត្ដ​កំពង់ចាម និង​ចាងហ្វាង​សារព័ត៌មាន KH Plus News ក្រោយ​លោក ផាត់​ ហ៊ន បាន​ធ្វើការ​សូមទោស​លោក សួស ឡា ក្រោម​ការ​សម្រួបសម្រួលរបស់​រដ្ឋមន្ដ្រី​ទាំងពីរ​។

លោក កើត រិទ្ធ បាន​បន្ដថា​៖ «​ក្រោយ​ភ្លៀង​ មេឃ​ស្រឡះ​។ ខ្ញុំ​សូម​ឆ្លៀតឱកាស​នេះ ស្នើសុំ​អ្នកសារព័ត៌មាន​ទាំងអស់ មេត្តា​ផ្សព្វផ្សាយ​ព័ត៌មាន ដោយ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ ដែលជា​យ័ន្ត​គាថា​ការពារ​ខ្លួន​ដ៏​ស័ក្តិសិទ្ធិ​តាមផ្លូវ​ច្បាប់»។

លោក​បាន​លើកឡើងថា​ ​ក្នុងករណី​ដែល​មិនអាច​ក្តាប់​ព័ត៌មាន​បាន​គ្រប់​ជ្រុងជ្រោយ អ្នកសារព័ត៌មាន​បន្ដ​​​សាកសួរ​ព័ត៌មាន​ទៅ​អ្នកនាំពាក្យ​របស់​ស្ថាប័ន​អយ្យការ និង​ស្ថាប័ន​តុលាការ ដើម្បី​ចៀសវាង​ការផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន​ដែល​ធ្វើអោយ​សាធារណជន​មានការ​ភ័ន្តច្រឡំ​។

លោក​បាន​បញ្ចប់ថា៖ «​ជាមួយគ្នានេះ ខ្ញុំ​ស្នើ​ដល់​អ្នកនាំពាក្យ​នៃ​ស្ថាប័ន​អយ្យការ និង​តុលាការ យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​សហការ​ផ្តល់​ព័ត៌មាន​ចាំបាច់​នានា ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ប្រកាន់ខ្ជាប់​ក្រមសីលធម៌​វិជ្ជាជីវៈ​ក្នុង​ស្ថាប័ន ការមិន​ធ្វើអោយប៉ះពាល់​ដល់​ជីវិត​ឯកជន​នៃ​បុគ្គល​ក្នុង​សំណុំរឿង និង​ការគោរព​គោលការណ៍​សម្ងាត់​នៃ​ចំណា​ត់​ការ​នីតិវិធី​របស់​តុលាការ ដែល​ត្រូវបាន​ការពារ​ដោយ​ច្បាប់​ជាធរ​មាននៃ​ព្រះរាជាណាចក្រ​កម្ពុជា​»។

កាល​ពី​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា លោក ផាត់ ហ៊ន បាន​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក KH Plus News អំពី​ជម្លោះ​ដី​ធ្លី​មួយ​នៅ​ឃុំ​ហាន់ជ័យ ស្រុក​​កំពង់សៀម ខេត្ត​កំពង់​ចាម ដោយ​លោក​បាន​រិះគន់​ទាំង​ទៅ​លើ​ស្ថាប័ន​តុលាការ និង​លើ​អាជ្ញាធរ​មូលដ្ឋាន ខណៈសាលា​ដំបូង​ខេត្ត​កំពង់​ចាម បាន​​បំភ្លឺ​ថា តុលាការ​មិន​ដែល​បាន​ឈាន​ដល់​ការ​សម្រេច​លើ​ជម្លោះ​ដីធ្លី​នោះ​ទេ។

លោក ទេព អស្នារិទ្ធ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន ថ្លែង​នៅ​ថ្ងៃ​ទី២៤ ខែ​ធ្នូ​ថា អ្នកសារព័ត៌មាន​ជានិច្ចកាល ​ពង្រឹង​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​អនុវត្ត​ការងារ និង​ត្រូវ​បង្កើន​ការ​ស្វែង​យល់ ក៏ដូចជា​​ពិភាក្សា​ឱ្យ​បាន​ស៊ីជម្រៅ​បន្ថែម​អំពី​សិទ្ធិ តួនាទី និង​ករណីកិច្ច​របស់​ខ្លួន៕