ភ្នំពេញៈ ប្រមុខរដ្ឋាភិបាលបានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចបន្តបង្រ្កាបក្រុមក្មេងទំនើងឱ្យអស់ ហើយមិនត្រូវ​ដោះ​លែង តែ​ត្រូវ​ដាក់​ទោ​ស​ពួក​គេឱ្យបានធ្ងន់​ធ្ងរ ដើម្បីកុំឱ្យមហាជនអស់ជំនឿទៅលើអាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាល។ 

លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត បានចេញបទបញ្ជាជាថ្មីដល់អភិបាល ស្នងការនគរបាលរាជធានីខេត្ត នគរ​បាលជាតិ និងកម្លាំងអាវុធហត្ថជាដើមនេះ គឺ​បន្ទាប់​ពី​សកម្មភាព​ក្រុម​ក្មេ​ងទំ​នើ​ងបា​​នក​ក្រើកឡើងវិញ ជាពិសេសនៅ​ក្នុង​រាជ​ធានីភ្នំពេញ និងខេត្តតាកែវ ក្រោយពីមានការបង្រ្កាបបានជាង៣ពាន់នាក់ ដែលធ្វើឱ្យបញ្ហានេះ ស្ងប់​ស្ងាត់​បាន​មួយ​រយៈប៉ុណ្ណោះ។ 

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនាថ្ងៃទី២៦​ខែធ្នូនេះ ប្រមុខរដ្ឋាភិបាលបានលើកឡើងថា ដោយសារតែមិនសូវ​មាន​ការផ្សព្វផ្សាយច្រើនពីការបង្រ្កាបក្រុមក្មេងទំនើងនោះ ប្រជាពលរដ្ឋជាច្រើនបានគិតថា ក្មេងទំ​នើងទាំងនោះ​ត្រូវ​បានដោះលែងទៅវិញអស់ហើយ។ 

លោកមានប្រសាសន៍ថា៖«ដូចវែកចក ប៉ុន្តែចកនេះ វែកហើយកុំទុកនៅក្នុងបឹង យកចេញទាំងអស់ ដាក់ម្តុំ។ នៅ​សល់​ប៉ុន្មានទៀត ចាប់ផ្តើម វែកបន្តៗ យូរទៅ គង់តែអស់ទេ​ តែកុំបន្ធូដៃ»។

លោកបានណែនាំឱ្យមានការដាក់ទោសក្មេងទំនើងទំាងនោះឱ្យបានធ្ងន់ធ្ងរ ដើម្បីកុំឱ្យពួកគេខូចអនាគត ព្រោះថា បើ​គ្រាន់​តែ​ធ្វើការអប់រំណែនាំ ហើយដោះលែងទៅវិញនោះ ពួកគេមិនរាងចាលនោះទេ ដែលនេះ​នឹង​ធ្វើ​ឱ្យអ្នក​ផ្សេង​ទៀត​ក៏​មិន​​ខ្លាច ហើយ​នឹងប្រព្រឹត្តដូចគ្នានេះដែរ។ 

លើសពីនោះ មិនត្រូវមានការដោះលែងអ្នកដែលជាប់ឃុំទាំង​ជាង២ពាន់​នាក់​នោះទេ។ 

ក្រសួងយុត្តិធម៌ កាលពីថ្ងៃពុធ ទី២៥ ខែធ្នូនេះ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញលទ្ធផល នៃការបង្រ្កាបលើ​ក្រុម​ក្មេង​​ទំនើងទៅតាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២៣ ខែឧសភាកន្លងមក​។ 

ជាលទ្ធផល ក្នុងរយៈពេល​ជាង៧ខែមកនេះ តុ​លាការរាជធានីខេត្តបានចាត់ការសំណុំរឿងក្មេងទំនើងចំនួន២ ១១៥​ករណី ដែល​ក្មេងទំនើងចំនួន​៣ ៣​០០នាក់ត្រូវបានឃាត់ខ្លួន។ ក្នុងនោះ ក្មេងទំនើងចំនួន២ ៨៤៩នាក់ត្រូវបានឃុំខ្លួននៅពន្ធនាគារផងដែរ។ 

លោកនាយករដ្ឋមន្រ្តីបានណែនាំឱ្យមានការចាត់វិធានការទៅលើអ្នកដែលដាក់ដាវសំាម៉ូរ៉ៃតាមម៉ូតូផងដែរ ដោយ​មិន​ចាំបាច់ទាល់តែពួកគេធ្វើសកម្មភាពកាប់គ្នានោះទេ។ ជាពិសេសគឺនៅក្នុងរាជធានីភ្នំពេញ ដែលសកម្មភាពនេះ វា​ស្មើ​នឹង​ការ​កាន់​កាប់អាវុធខុសច្បាប់។

លោកថ្លែងដូច្នេះថា៖«កុំចាំតែកាប់គ្នាហើយ បានប្រមូល អាដាក់ដាវសំាម៉ូរ៉ៃតាមម៉ូតូហ្នឹង ព្រោះវាអត់មាន​ត្រូវ​ការ​ដាក់​ដាវ​សំាម៉ូរ៉ៃសម្រាប់ឆ្ការព្រៃនៅក្រុងភ្នំពេញទេ។ បើដាក់សំាម៉ូរ៉ៃតាមម៉ូតូជិះទៅរៀនហើយ គ្មានយក​ទៅឆ្ការ​ព្រៃក្នុ​ងសា​លាទេ។ គ្មានសាលាណាមានព្រៃទៀតទេ។ អញ្ជឹងយើងចាំគាត់ដកដាវកាប់គេទេ? ឬមួយក៏បង្ការឱ្យហើយ»។ 

នគរបាលកំពុងតែស្រាវជ្រាវរកឃាត់ខ្លួនក្មេងទំនើងម្នាក់នេះ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ រូបថត ស្នងការដ្ឋាននគរបាលខេត្តកំពត

ម្យ៉ាងវិញទៀត ក៏ត្រូវមានវិធានការចំពោះក្រុមក្មេង ដែលអួតដាវ ហើយបបួលកាប់គ្នា នៅតាមបណ្តាញ​សង្គ​មហ្វេ​ស​ប៊ុ​ក​ផងដែរ ដែលទង្វើនេះអាចជាការគំរាមប្រមាថជីវិតអ្នកដទៃ។ 

លោកបានស្នើឱ្យក្រសួងយុត្តិធម៌ពិនិត្យមើលផ្លូវច្បាប់​ចំពោះ សកម្មភាពនេះ ហើយអាចធ្វើវិសោធនកម្មច្បាប់ ប្រសិនបើកម្រិតទោសនៅស្រាល ក្នុងការដាក់ទោសពួកគេ។

លោកប្រមុខរដ្ឋាភិបាលមានប្រសាសន៍ថា៖«ទាញដាវមកអួតកន្លែងខ្លះ បបួលគ្នាកាប់ តើអាហ្នឹង​ស្មើនឹ​ង​គំរា​មប្រមាថ​ជី​វិត​​ទេ? អញ្ជឹង​ខ្ញុំឱ្យ​ពិនិត្យមើលច្បាប់ឱ្យមែនទែន ហើយបើច្បាប់នៅស្រាលពេក សូមឱ្យធ្វើវិសោធនកម្ម ដើម្បី​ដាក់មុខ​ព្រួយ​នេះ ឱ្យកាន់​តែខ្លាំ​ង​តែ​ម្តង។ ទាល់តែដាក់គាត់ខ្លាំង។ បើគ្រាន់តែអប់រំគាត់ យើងអាណិត​គាត់​ម្នាក់​ឯង តែ​យើង​មិន​បាន​អា​ណិត​ឪ​ពុកម្តាយគាត់ ដែលកូនមិនរាង កូនចេញទៅកាន់តែអឿលើសដើម...ចេញទៅ ថ្ងៃណាមួយស្លាប់បាត់ ដាច់​​ដៃ​ដាច់​ជើង​»។ 

លោកណែនាំថា៖«អញ្ជឹងឱ្យមើលអ្នកដែលពូកែអួតតាមហ្វេសប៊ុក ដាវសំាម៉ូរ៉ៃអីហ្នឹងណា។ ខំបញ្ចេញមកក្មួយអើយ ស្រួល ព្រោះតាមហ្វេសប៊ុក គេស្រាវជ្រាវ ទៅណា រត់មិនរួចទេ។ 

ខ្ញុំថា ល្អក្មួយអើយ កុំអួត​គ្នារឿង​ហ្នឹ​ង អា​ណិ​តឪ​ពុក​ម្តាយ តែបើយើងអនុវត្តច្បាប់តឹងរឹង យើងបង្ការ យើងជួយទាំងក្មួយហ្នឹង យើងជួយទាំងឪពុកម្តាយ ជួយ​ទាំង​ប្រ​ជាព​ល​រ​ដ្ឋ»។ 

លោកលើកឡើងថា ការចាប់ក្មេងជាង២ពាន់នាក់ដាក់ពន្ធនាគារនោះ គឺមិនមែនជារឿងមួយសប្បាយចិត្តនោះទេ ប៉ុន្តែ បើមិនដាក់វិធានការបែបនេះទេ មនុស្សរាប់ម៉ឺននាក់ផ្សេងទៀត អាចនឹងរងគ្រោះ ដោយសារតែពួកគេ។ 

ការ​ដែល​ដ​ក​ហូតម៉ូតូយកទៅរក្សាទុករយៈពេល៣ខែ និងការហាមឃាត់កូនមិនឱ្យជិះម៉ូតូ ក៏ជួយបង្ការបញ្ហាបង្ហោះម៉ូតូបាន​ផង​ដែ​រ។

ប្រមុខរដ្ឋាភិបាលសង្ឃឹមថា មហាជន ព្រមទាំងឪពុកម្តាយ មានការគាំទ្រ ពេលឃើញអាជ្ញាធរ​អនុវ​ត្តច្បា​ប់​ ព្រោះ​វិ​ធាន​ការនេះ​ ​មិន​មែន​បំ​ផ្លាញអនាគតកូនរបស់ពួកគាត់នោះទេ។ 

ប៉ុន្តែ វាជួយការពារកូនទាំងនោះទៅវិញ ដើម្បីឱ្យ​ពួកគេកុំ​ជ្រុល​ខ្លួន ត្រូវគេកាប់ ឬកាប់គេ ដែលធ្វើឱ្យជាប់ពន្ធនាគារ ឬស្លាប់ខ្លួនឯង។ 

លោកបានអំពាវនាវដល់ឪពុកម្តាយដូច្នេះថា៖«សូមចាត់ទុកថា យកទៅអប់រំមួយរយៈ កុំឱ្យខូចអនាគតរយៈពេលវែង។ អ្នក​ប្រព្រឹត្តមិនច្រើនទេ តែវាបំពុលធ្វើឱ្យប៉ះពាល់ទាំងអស់»។ 

លោកនាយករដ្ឋមន្រ្តីក៏បានណែនាំ ដល់អភិបាល ស្នងការនគរបាលរាជធានីខេត្ត និងអាជ្ញាធរ​មានសម​ត្ថកិច្ចពាក់​ព័ន្ធ​ទាំង​​អស់ តាមរយៈសារសំលេងកាលពីថ្ងៃទី២៥ ខែធ្នូផងដែរ ឱ្យធ្វើការស្រាវជ្រាវតាមរកមុខសញ្ញា ហើយត្រូវតែចាត់វិ​ធាន​ការ​​ភ្លាមៗតែម្តង ដោយកុំចាំតែបទបញ្ជា ឬមានការរិះគន់ពីប្រជាពលរដ្ឋ។ បង្រ្កាបក្រុមក្មេងទំនើងនេះ គឺវាមិន ខុស​ជា​មួយ​ឪពុកម្តាយ  ប្រជាជន និងអត់ខុសជាមួយច្បាប់នោះទេ។

លោកបានបញ្ជាថា៖«សូមចាត់ចែងរឿងនេះឱ្យបាន កុំឱ្យប្រជាជនធុញទ្រាន់ បាត់ជំនឿលើយើង ដដែលជាដដែល ដាក់​​បាន​បន្តិចងើបៗ​។ បើរឿងអីផ្សេងពិបាកធ្វើ វាស្ងាត់ អារឿងគ្រឿងញៀន ដូចអំពិលអំពេក តែ​ពួកអាក្មេង​ស្ទាវ​កាប់​ដាវ​នេះ ដូចជាមិនលំបាកធ្វើទេ តាមមុខសញ្ញវាឱ្យជាប់»។ 

លោកនាយករដ្ឋមន្រ្តីបន្តថា៖«មុខសញ្ញា ស្រាវជ្រាវយកទៅ។ អាពួកជេរ ពួកអី យើងស្រាវជ្រាវរកឃើញ ដល់​អា​ពួក​អានេះ​ចេញមកកាប់ពេញភូមិ យើងរកវាមិនឃើញម៉េច? ហើយបង្ការធ្វើម៉េច​អាពួកផ្សេងៗកុំឱ្យវាចេញមកទៀត។ បើ​អាពួកផ្សេងទៀត វានៅគឃ្លើន ចាត់ចែងវាទៅ កុំទុក កុំចាំខ្ញុំស្រែក កុំចាំមហាជនស្រែកតាមហ្វេសប៊ុក។ ងើបមួយ ដាក់​មួយ ពួកអាអស់ហ្នឹង»។

ប្រមុខរដ្ឋាភិបាលក៏បានឆ្ងល់ដែរថា ចំពោះការបង្រ្កាបក្រុមក្មេងទំនើងមិនអស់នោះ ខណៈដែលអាជ្ញាធរមានទាំងកម្លាំង និងថវិកាសម្រាប់ចាត់ចែងធ្វើការងារនោះ។ 

លោកថ្លែងដូច្នេះថា៖«យើងមានកម្លាំងក្នុងដៃ មានលុយក្នុងដៃ មានមនុស្សក្នុងដៃ ធ្វើពួកអាក្មេងៗហ្នឹងមិនបែក យើង​ធ្វើ​ម៉េចឥលូវ? ដាក់ឱ្យស្មើដៃតែម្តង កុំទម្លាក់ដៃ។ តាមរាជធានីខេត្តរឿងអាក្មេងទំនើងកាប់ចាក់គ្នានេះ រាប់​សិប​ឆ្នាំ​ហើយ​​ធ្វើមិន​ចប់ម៉េច។ ខ្ញុំឆ្ងល់ដែរ»។ 

ក្រសួងយុត្តិធម៌ក៏បានឱ្យដឹងផងដែរថា រាជធានីភ្នំពេញមានករណីក្មេងទំនើងច្រើនជាងគេ ខណៈដែលខេត្តស្ទឹងត្រែង​គ្មាន​ករណីក្មេងទំនើងនេះសោះ ក្នុងរយៈពេលជាង៧ខែចុងក្រោយនេះ។ 

អភិបាលរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកកើត ឆែបានឱ្យដឹងថា អភិបាលរាជធានីភ្នំពេញ លោក​ឃួង ស្រេងនឹងដឹកនាំកិច្ចប្រជុំមួយជាមួយនឹងគណៈបញ្ជាការឯកភាព ដើម្បីអនុវត្តប្រសាសន៍ណែនាំរបស់​ប្រមុ​ខ​រ​ដ្ឋា​ភិ​បា​ល ដើម្បីធ្វើយ៉ាងណា ឱ្យប្រតិបត្តិការណ៍បង្រ្កាបនេះ មានប្រសិទ្ធភាព និងត្រូវបានធ្វើឡើងជាប្រចាំ ដូច​ភ្លៀង​រលឹម​តែម្តង។
 
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសំ វិច្ឆិកាវិញ ក៏បានឱ្យដឹងផងដែរថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តែង​តែប្រជុំដាក់ផែនការបង្រ្កាប​ក្រុមក្មេងទំនើង​ជា​​​បន្តបន្ទាប់នាពេលកន្លងមក។ 

លោកបញ្ជាក់ថា៖« ជំនាញ និងអធិការដ្ឋាន ទទួលផែន​ការបង្រ្កាបទប់​ស្កាត់ក្មេង​ទំនើងទៅ​តាមបទបញ្ជា​របស់រដ្ឋា​ភិ​បាល។ 

ការងារនេះយើងនឹងបន្តពង្រឹងលើផែនការចាស់ និងអនុវត្តសកម្មភាពថ្មី ដែលប្រើវិធានការសរុប ម​ធ្យោ​បាយ​សរុប និងកម្លាំងសរុប ដើម្បីបន្តស្រាវជ្រាវ និងបង្រ្កាបក្មេងទំនើង ជាពិសេស ក្មេងទំនើង ដែលបង្ហោះដាវ កាំបិត អី​នេះ​តាម​បណ្តាញសង្គម»៕