រដ្ឋាភិបាល​ជប៉ុន​ ផ្ដល់​​​រូបភាព​ពី​ផ្កាយ​រណប​ ផែនទី​ និង​ទិន្នន័យ​ 3D សម្រាប់​ការ​រៀបចំ​ទីក្រុង និង​ទិន្នន័យ​ភូមិសាស្ត្រ​ដល់​កម្ពុជា មាន​​ទឹក​ប្រាក់​ប្រមាណ ៧,២​លាន​ដុល្លារ​ ដែល​គាំទ្រ​ដល់​ការ​ចុះ​បញ្ជី​ដីធ្លី នគរូបនីយកម្ម និង​ចូលរួម​ដល់​ការ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី។

ជំនួយ​ឥត​សំណង​នេះ​ធ្វើ​ឡើង​តាម​រយៈ​ការ​ចុះ​ហេត្ថលេខា​លើ​លិខិត​ប្ដូរ​សារ និង​ឯកសារ​ពាក់​ព័ន្ធ​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​ សហប្រតិបត្តិការ​អន្តរជាតិ និង​លោក អ៊ូអិណូ អាស៊ូស៊ី (Ueno Atsushi) ឯក​អគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ក្រសួង​ការបរទេស នៅ​ថ្ងៃ​ទី២៦ ខែ​ធ្នូ​នេះ។

លោក លោក អ៊ូអិណូ​ បាន​ថ្លែង​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ថា រដ្ឋាភិបាល​ជប៉ុន​យល់​ថា រាជរដ្ឋាភិបាល​កម្ពុជា​យក​អាទិភាព​លើ​ការ​ចុះ​បញ្ជី​ដីធ្លី និង​នគរូបនីយកម្ម ដើម្បី​ដោះស្រាយ​ជម្លោះ​ដី​ធ្លី និង​លើក​កម្ពស់​ការ​អភិវឌ្ឍ និង​កំណើន​សមស្រប​នៅ​ទីក្រុង​និង​នៅ​តាម​តំបន់។

លោក​ថ្លែង​ថា៖ «ហេតុ​ដូច្នេះ​ហើយ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ផ្ដល់​មូលនិធិ និង​ផ្ដល់​រូបភាព​ពី​ផ្កាយ​រណប ផែនទី​ជាក់លាក់​ ទិន្នន័យ​ផែនការ​ទីក្រុង​ធ្វើ​ពី​ 3D និង​ទិន្នន័យ​ភូមិសាស្ត្រ​ដើម្បី​គាំទ្រ​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​​ទាំង​នេះ»។

លោក​បន្ត​ថា​ ទិន្ន័យ​ទាំង​នេះ នឹង​អាច​រក​បាន​នៅ​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង ហើយ​​ក៏​មាន​ប្រយោជន៍​សម្រាប់​ការ​ប្រើប្រាស់​នៅ​ក្នុង​ការងារ​របស់​ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម​ផងដែរ។

លោក អ៊ូអិណូ ថ្លែង​ថា៖ «ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា បច្ចេកវិទ្យា​ផ្កាយ​រណប និង​ឌីជីថល​របស់​ជប៉ុន​អាច​នឹង​ជួយ​បាន​យ៉ាង​ច្រើន​ដលើ​ការ​ដោះស្រាយ​ជម្លោះ​ដី​ធ្លី និង​ពង្រឹង​ការ​ការ​គ្រប់គ្រង​ដីធ្លី និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា»។

ក្រសួង​ការបរទេស​ បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មុន​ពិធី​ចុះ​ហត្ថលេខា​នេះ​ថា ជំនួយ​ឥត​សំណង​របស់​ជប៉ុន​បង្ហាញ​ពី​ការ​គាំទ្រ​ឥត​ងាក​រេ​របស់​ជប៉ុន​សម្រាប់​កិច្ច​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច។

ក្រសួង​ការបរទេស​បន្ត​ថា៖ «ជំនួយ​នេះ​ក៏​នឹង​​រួម​ចំណែកក្នុង​ការពង្រឹង​ និង​ធ្វើ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត​នូវ​ភាព​ជា​ដៃគូយុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ»៕