ភ្នំពេញ៖ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (សារមន្ទីរ ស.ស.រ) របស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៦ ខែធ្នូ បានប្រកាសអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីលើកកម្ពស់ការយល់ដឹងផ្នែកសេដ្ឋកិច្ច ដែលបានចាប់ផ្ដើមដំណើរការកាលពីខែមីនា ឆ្នាំ២០២៤។
កម្មវិធីនេះ បានផ្តល់ឱកាសសិក្សារៀនសូត្រដល់សិស្សានុសិស្សជាង ៩០០០នាក់ មកពីសាលារដ្ឋទាំងអស់ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយជាមួយសមាគមធនាគារនៅកម្ពុជា (ABC) និងការជួយជ្រោមជ្រែងពីដៃគូធនាគារសំខាន់ៗ ព្រមទាំងតំណាងនៅនឹងមូលដ្ឋាននៃក្រសួងអប់រំ យុវជន និងកីឡា។
យោងតាម(សារមន្ទីរ ស.ស.រ) បានឱ្យដឹងថា៖ សិស្សានុសិស្សទាំងនោះទទួលបាននូវចំណេះដឹងអំពីវប្បធម៌ និងការយល់ដឹងអំពីប្រវត្តិរូបិយវត្ថុ និងសេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងច្រើន។ សូមបញ្ជាក់ជូនថា នៅក្នុងគម្រោងនេះ ធនាគារឯកជនកម្ពុជាបានចូលជាថវិការួមគ្នា ដើម្បីប្រើប្រាស់សម្រាប់ចំណាយលើថ្លៃដឹកជញ្ជូន និងការទស្សនាសារមន្ទីរ»។
សារមន្ទីរបានបន្ដថា៖ «បន្ទាប់ពីបានផ្តល់អត្ថប្រយោជន៍ដល់សិស្សសាលារដ្ឋក្នុងរាជធានីភ្នំពេញ និងតំបន់ជាយក្រុងមក បច្ចុប្បន្ន កម្មវិធីនេះ ត្រូវបានពង្រីកយ៉ាងជោគជ័យដល់សាលារដ្ឋនៅខេត្តកំពង់ធំ ពោលគឺត្រូវបានពង្រីកដល់ទីជនបទទៀតផង»។
នេះបង្ហាញពីការប្តេជ្ញារបស់វិស័យធនាគារកម្ពុជា ក្នុងការផ្តល់នូវឱកាសអប់រំពាក់ព័ន្ធនានា និងប្រកបដោយគុណភាពខ្ពស់ ដល់សិស្សានុសិស្សទាំងអស់ ដោយមិនគិតពីមធ្យោបាយហិរញ្ញវត្ថុ សាវតាសង្គម ឬភូមិសាស្ត្រស្រុកភូមិរបស់ពួកគេនោះឡើយ។ គម្រោងនេះបានបង្ហាញពីកម្លាំងនៃភាពជាដៃគូអន្តរវិស័យនៅក្នុងការលើកកម្ពស់បរិយាបន្នសង្គមពិតប្រាកដមែន។
កិច្ចខិតខំប្រឹងប្រែងរួមនេះ មិនត្រឹមតែពង្រឹងការទទួលខុសត្រូវសង្គមរបស់ដៃគូពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានអនុញ្ញាតឱ្យសិស្សសាលារដ្ឋរាប់ពាន់នាក់ទទួលបាននូវធនធានអប់រំសំខាន់ៗ និងអនុវត្តសកម្មភាពអប់រំបន្ថែមលើកម្មវិធីសិក្សាផងដែរ។
លោក ប្លែស គីលីយ៉ង់ សហប្រធាននៃសារមន្ទីរ ស.ស.រ បានឱ្យដឹងថា៖ «យើងខ្ញុំពិតជាពេញចិត្តយ៉ាងខ្លាំងចំពោះភាពជោគជ័យនៃកម្មវិធីនេះ និងចំពោះការឆ្លើយតបជាវិជ្ជមានពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអ្នកពាក់ព័ន្ធទាំងអស់។ ដោយបន្តទទួលបានកិច្ចសហការពីដៃគូរបស់យើង ទាំងផ្នែកធនាគារ និងវិស័យឯកជន យើងសង្ឃឹមថា នឹងបន្តពង្រឹងអក្ខរកម្មផ្នែកសេដ្ឋកិច្ច ព្រមទាំងផ្ដល់នូវចំណេះដឹងផ្នែកវប្បធម៌ ជូនយុវជនកម្ពុជា និងកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនប្រកបដោយបរិយាបន្ន»។
សារមន្ទីរ ស.ស.រ និងដៃគូរបស់ខ្លួន ពិតជាមានគំនិតសុទិដ្ឋិនិយមចំពោះអនាគតនៃកម្មវិធីនេះ ហើយមានផែនការបន្ត និងពង្រីកគម្រោងនេះនៅឆ្នាំ២០២៥ ដោយមានគោលដៅផ្ដល់ឱកាសជូនសិស្សានុសិស្សកាន់តែច្រើនឡើងនៅទូទាំងប្រទេស។
ដោយឡែក លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា (ABC) បានលើកឡើងថា៖ កិច្ចសហការរវាងសមាគមធនាគារនៅកម្ពុជា (ABC) និងសារមន្ទីរ ស.ស.រ បង្ហាញពីការប្តេជ្ញារួមគ្នារបស់យើង ក្នុងការផ្តល់ឱ្យយុវជនកម្ពុជានូវការអប់រំជាក់ស្តែងផ្នែកសេដ្ឋកិច្ច។ នៅពេលទៅទស្សនាសារមន្ទីរ ស.ស.រ សិស្សានុសិស្សអាចភ្ជាប់អ្វីដែលពួកគេបានរៀននៅក្នុងសាលា ទៅនឹងសេដ្ឋកិច្ចពិតប្រាកដ ដូច្នេះហើយធ្វើឱ្យការសិក្សារៀនសូត្ររបស់ពួកគេកាន់តែមានន័យ»។
យោងតាមសារមន្ទី ស.ស.រ បង្ហាញថា ខ្លួននឹងបន្តភាពជាដៃគូប្រកបដោយផ្លែផ្កានេះ ហើយធានាថា យុវជនកម្ពុជាកាន់តែច្រើន នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីអប់រំនេះនៅបណ្ដាឆ្នាំខាងមុខ។
បង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (សារមន្ទីរ ស.ស.រ) ផ្ដោតលើការអប់រំសាធារណជនអំពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាពីជ្រុងសេដ្ឋកិច្ច និងរូបិយវត្ថុ តាមរយៈការដាក់តាំងវត្ថុបុរាណ និងពិព័រណ៍ដែលប្រើបច្ចេកវិទ្យាទំនើបនៃវិទ្យាសាស្ត្រការរៀបចំសារមន្ទីរ។
កាលពីពេលថ្មីៗនេះ សារមន្ទីរទទួលបានភ្ញៀវចូលទស្សនារហូតដល់ទៅ១០ម៉ឺននាក់ តាំងពីសារមន្ទីរនេះបានបើកទ្វារកាលពីឆ្នាំ២០១៩មក៕