ភ្នំពេញ៖ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា លោកស្វាគមន៍ការដង្ហែព្រះបរមសារីរិកធាតុរបស់គោតមពុទ្ធ រួមទាំងសត្វខ្លាឥណ្ឌាពីប្រទេសឥណ្ឌាមកដល់កម្ពុជានាពេលឆាប់ៗខាងមុខ។
ការថ្លែងស្វាគមន៍នេះត្រូវបានឡើងក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលាដែលលោកស្រីឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) នៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។
យោងតាមហ្វេសប៊ុករបស់លោក ហ៊ុន សែន បានឱ្យដឹងថា៖ «សម្តេចតេជោ បានស្វាគមន៍ចំពោះសត្វខ្លាឥណ្ឌា និងព្រះបរមសារីរិកធាតុរបស់គោតមពុទ្ធ ដែលនឹងមកដល់កម្ពុជានាពេលខាងមុខ»។
នៅក្នុងជំនួបនោះ ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងពីសមិទ្ធផលជាច្រើនរបស់លោកស្រី ខូប្រាហ្គេត ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជាសម្រេចបានក្នុងរយៈពេល ៤ឆ្នាំនៃអាណត្ដិរបស់លោកស្រី។
លោក ហ៊ុន សែន បានសរសេរសារនៅលើបណ្ដាញសង្គមអំពីភាពជោគជ័យសំខាន់ៗចំពោះទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា។
លោកបានឱ្យដឹងថា កម្ពុជា-ឥណ្ឌាពង្រឹងកិច្ចសហប្រតិបត្តិការខ្ពស់ ជាពិសេសនៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ភាពជោគជ័យនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រ ក៏ដូចជាភាពជោគជ័យនៃដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ក្នុងតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកនៅឥណ្ឌា ក្នុងឱកាសអបអរសាទរខួបលើកទី៧០ នៃការបង្កើតចំណងការទូតកម្ពុជា-ឥណ្ឌា។
លោកបានថ្លែងថា៖ «នៅដើមអាណត្តិការទូត លោកជំទាវឯកអគ្គរដ្ឋទូត បានបន្តរំឭកអំពីចក្ខុវិស័យ និងភារកិច្ចធំចំនួនបួនដែលសម្តេចតេជោ បានណែនាំ រួមមាន ការបញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានទាន់ពេលវេលា សន្ធិសញ្ញាវិនិយោគទ្វេភាគី ការតភ្ជាប់ជើងហោះហើរត្រង់ពីរាជធានីភ្នំពេញទៅរដ្ឋធានីញូវដែលី និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ទៅកម្រិតកំពូល»។
លោកបានលើកឡើងថា៖ «ការតភ្ជាប់ការហោះហើរត្រង់របស់ប្រទេសយើងទាំងពីរ មិនត្រឹមតែជំរុញទេសចរណ៍វប្បធម៌ ធម្មជាតិប៉ុណ្ណោះទេ ថែមទាំងទេសចរណ៍សាសនាផងដែរ»។
លោក ហ៊ុន សែន បានបន្ដថា កម្ពុជាបានសម្របសម្រួលគោលនយោបានការបរទេសជាមួយនឹងបណ្តាប្រទេស Global South ក្នុងការជំរុញកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោក ក៏ដូចជា កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌាផងដែរ។
យោងតាមហ្វេសប៊ុករបស់ប្រធានព្រឹទ្ធសភាពកម្ពុជា បានបង្ហាញថា លោកស្រី ខូប្រាហ្គេត ក៏បានលើកឡើងពីសមិទ្ធផលសំខាន់ៗរបស់លោកស្រីដែលបានសម្រេចជាមួយកម្ពុជាក្នុងនាមជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា។
លោកស្រីបានឱ្យដឹងថា៖ «ឥណ្ឌាបាននិងកំពុងជួយដល់កម្ពុជាក្នុងគម្រោងមួយចំនួន ដូចជា គម្រោងអភិរក្សប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ការកសាងសមត្ថភាព និងទំនាក់ទំនងផ្នែកពុទ្ធសាសនា ការបញ្ជូនសត្វខ្លា និងព្រះបរមសារីរិកធាតុរបស់គោតមពុទ្ធមកកម្ពុជានាពេលដ៏ខ្លីខាងមុខ»។
នៅក្នុងសកម្មភាពមីន លោកស្រីឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន។
លោកស្រី បានបន្តថា លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា មានបំណងមកទស្សនកិច្ចនៅកម្ពុជា និងរំពឹងថា លោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចនៅឥណ្ឌានាពេលវេលាសមស្របខាងមុខ ដើម្បីជាកម្លាំងចលករក្នុងការធ្វើឱ្យស៊ីជម្រៅនៃទំនាក់ទំនងប្រទេសទាំងពីរ។
យ៉ាងណាមិញ នៅថ្ងៃនេះ ភ្នំពេញប៉ុស្ដិ៍ មិនទាន់ទាក់ទងខាងស្ថានទូតឥណ្ឌាប្រចាំកម្ពុជាបង្ហាញព័ត៌មានលម្អិតអំពើការដង្ហែព្រះបរមសារីរិកធាតុរបស់គោតមពុទ្ធ និងខ្លាឥណ្ឌានោះទបាន។
គួរបញ្ជាក់ថា ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសឥណ្ឌាបានកើនឡើងជិត ៥០ភាគរយ ក្នុងឆ្នាំ២០២៣ កើនឡើងដល់ជាង ២៩៣ លានដុល្លារ ខណៈដែលការនាំចូលថយចុះ ២០,៨ភាគរយ ដែលបណ្តាលឱ្យទំហំពាណិជ្ជកម្មទ្វេភាគីមានចំនួន ៤៨៥,៧ លានដុល្លារ។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) បានឱ្យដឹងថា ចំនួននេះបានកើនឡើង ១០,៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងអតិរេកពាណិជ្ជកម្មរបស់កម្ពុជាកើនឡើងដល់ ១០០,៤២ លានដុល្លារ។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងពីសមត្ថភាពផលិតកម្ម និងចំនួនប្រជាជនដ៏ច្រើនរបស់ប្រទេសឥណ្ឌា ជាឱកាសសម្រាប់កម្ពុជាក្នុងការជំរុញការនាំចេញកសិផល។ លោកបានកត់សម្គាល់ថា គុណភាពអំណោយផល តម្លៃ និងកេរ្តិ៍ឈ្មោះអាចនាំយកផលិតផលកម្ពុជាទៅក្នុងទីផ្សារប្រទេសឥណ្ឌា៕