ភ្នំពេញៈ ផលនេសាទ និងវារីវប្បកម្មសរុបសម្រាប់ឆ្នាំ២០២៤មានចំនួន ៩២៦ ៩៣៤តោន កើនឡើង ៦០ ៦៨៤តោន ស្មើនឹង៧ ភាគរយ បើ​ធៀប​​ទៅនឹង ឆ្នាំ២០២៣។ 

ក្នុងនោះ ផលនេសាទទឹកសាបទទួលបាន ៤៦៧ ៣៤៤តោន ផល​នេសាទ​សមុទ្រទទួល​បាន ១៣៩ ៣១០តោន និងផលវារីវប្បកម្ម ៣២០ ២៨០តោន។ នេះបើយោងតាម​របាយការណ៍​ស​ង្ខេប អំពី​លទ្ធ​ផល​ការងារអនុវិស័យជលផលក្នុងឆ្នាំ២០២៤ កាលពីថ្ងៃទី២៥ ខែធ្នូនេះ។

ក្នុងឆ្នាំ២០២៤នេះផងដែរ សត្វផ្សោតទន្លេមេគង្គក៏បានកើតចំនួន៩ក្បាលផងដែរ ប៉ុន្តែ៤ក្បាលបានស្លាប់ទៅវិញ ដែល នាំ​ឱ្យ​ផ្សោតសរុបមានចំនួន១០៤ក្បាល។ 

របាយការណ៍ដែលត្រូវបានបង្ហាញ ក្នុងកិច្ចប្រជុំបូកសរុបការងារអនុវិស័យជលផល ឆ្នាំ២០២៤​ និងលើកទិសដៅអនុវត្ត ឆ្នាំ២០២៥ នៃរដ្ឋបាលជលផលបញ្ជាក់ដែរថា៖«ឆ្នាំ២០២៤នេះ ជ្រូកទឹកជាច្រើនមានវត្តមានឡើងវិញ បន្ទាប់​ពីបាត់ខ្លួន​ជាង១០​ឆ្នាំ​កន្លង​មក ជាមួយគ្នានេះ ផ្សោតឃ្លៀច (ផ្សោតពណ៌ផ្កាឈូក) និងផ្សោតក្បាលត្រឡោកក៏កើនឡើងច្រើនផង​ដែរ ប្រ​មា​ណ​ជាង​១០០ក្បាល ដែលតែងតែមាន វត្តមានជាញឹកញាប់នៅតំបន់ឆ្នេរ ជាពិសេសខេត្តកំពតនិងកែប»។ 

បន្ថែមពីនោះ ក៏​មាន​​កា​ររកឃើញសំបុកអណ្ដើកសមុទ្រ ៣កន្លែងនៅកោះប៉ូឡូវៃ ក្នុងខេត្តព្រះសីហនុ ដែលញាស់​បាន​កូន​៩០​ផងដែរ។

រដ្ឋបាលជលផល ក៏បានលែងប្រភេទធនធានជលផលកម្ររួមមាន ត្រីរាជ១៦ក្បាល ត្រីគល់រាំង៣៣ក្បាល បបែល​យក្ស​ទឹក​សាប១ក្បាល កន្ធាយក្បាលកង្កែប២៣ក្បាល អណ្តើកហ្លួង៤០ក្បាល និងអណ្តើកសមុទ្រ៤៤ក្បាល ទៅ​ក្នុង​ដែ​នទឹ​ក​ធ​ម្មជាតិវិញ។ 

ជាងនេះទៀត មហាជនក៏បានចូលរួមយ៉ាងច្រើនក្នុងការ ប្រ​លែងនូ​វ​ត្រីមេ​ពូជ និង​វា​រីសត្វ​ក​ម្រជា​ច្រើនផងដែរ។

ចំពោះការបង្ក្រាបបទល្មើសជលផលក្នុងឆ្នាំ២០២៤នេះវិញ មានចំនួន៣ ១៩៤ករណី ក្នុងនោះ បទល្មើស​សមុទ្រ​មាន​១៤៨ករណី។ បើធៀបឆ្នាំ២០២៣ មានការកើន១៤០ករណី ដោយសារមានការចូលរួមពីកម្លាំង​អន្តរាគមន៍​ថ្នាក់​ជាតិ​និង​ថ្នាក់ក្រោមជាតិ សហគមន៍នេសាទ និងមានការគាំទ្រពីមហាជនផងដែរ។ 

រដ្ឋបាលជលផល ក៏បានស្រាវជ្រាវ ថែបំប៉ន និងបង្កាត់ភ្ញាស់នូវប្រភេទវារីសត្វកម្រ និងមានតម្លៃសេដ្ឋកិច្ចដូចជា អណ្តើក​ហ្លួង ត្រីគល់រាំង ត្រីខ្សា ត្រីខឹ្ចង ត្រីគ្រំ ត្រីតុកកែ ក្តាមសេះ និងក្តាមថ្ម ដែលបានទទួលលទ្ធផលគួរជាទី​មោទ​នៈ។ 

បន្ថែមពីនោះ ក៏បានសិក្សាស្រាវជ្រាវជីវសាស្ត្រវារីសត្វ តាមដានប្រភេទកូនត្រី ការបន្លាស់ទី និង​ការពង​កូន​របស់​ត្រីនៅតំបន់ ទន្លេមេគង្គលើ ដោយសហការជាមួយដៃគូអភិវឌ្ឍន៍។ 

ជាងនេះទៅទៀត រដ្ឋបាលជលផល​ក៏បាន​គាំទ្រ​និងផ្តល់នូវ​ត្រីនិងវារីស​ត្វក​ម្រជា​ច្រើ​នប្រ​ភេទដ​ល់សួ​ន​ស​ត្វអ​ង្គ​រវ៉ា​យដ៏​ឡាយ​ហ្វី និងអាហ្វារៀម(Angkor wildlife and Aquarium)ក្នុងខេត្តសៀមរាប សម្រាប់បង្ហាញ​ជូនសា​ធារណជន​ចូល​ទស្សនា និងស្វែងយល់។

របាយការណ៍បានលើកឡើងថា៖«ទន្ទឹមនិងសមិទ្ធផល ដែលសម្រេចបាននេះ ការគ្រប់គ្រងធនធានជលផល​ក៏នៅ​មាន​បញ្ហាប្រឈមមួយចំនួន ផងដែរ ដូចជាការធ្វើនេសាទដោយប្រើឧបករណ៍នេសាទខុសច្បាប់ ធ្វើនេសាទ​ក្នុងតំ​បន់​ហាម​ឃាត់ និងការទន្ទ្រាន កាន់កាប់ដីព្រៃលិចទឹកនិងព្រៃកោងកាងនៅតែបន្ត»។
ក្នុងពិធីបិទកិច្ចប្រជុំនេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ លោកឌិត​ ទីណា បានកោតសរសើរ និង​វាយ​តម្លៃ​ខ្ព​ស់ នូវកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់អនុវត្តការងារជាក់ស្តែងរបស់ថ្នាក់ដឹកនាំ និង​មន្រ្តី​រាជ​ការ​ ​នៃរ​ដ្ឋបា​ល​ជ​លផល។ 

ជាពិសេសការងារអភិរក្សធនធានជលផល និងធនធានកម្រទឹកសាប និងសមុទ្រ រហូត​ទទួ​ល​បាន​​​ល​ទ្ធផលជាវិជ្ជមាន​ តាមរយៈការវិលត្រលប់មកវិញនូវអណ្តើកហ្លួង ផ្សោតទន្លេមេគង្គ ផ្សោតឃ្លៀច ផ្សោតផ្កាឈូក ជ្រូកទឹកជាដើម ដែលសុទ្ធសឹងតែជាធនធានជលផលកម្រ និងខ្លះកំពុងរងគ្រោះជិតផុតពូជ។

លោករដ្ឋមន្ដ្រីបានណែនាំថា រដ្ឋបាលជលផល ត្រូវស្វែងយល់ និងកំណត់ទិសដៅ ពីដំណាក់កាលនីមួយៗ​ឱ្យ​បានច្បាស់​លាស់​ និងត្រូវចេះច្នៃប្រឌិត ក្នុងគោលដៅជួយលើកកម្ពស់ប្រជានេសាទ ឱ្យមាន​ហូបគ្រប់​គ្រាន់​តាម​រយៈ​ការធ្វើនេសាទ និងមានបានតាមរយៈការជំរុញការងារវារីវប្បកម្ម ព្រមទាំងអាចកែច្នៃផលិតផល ប្រកប​ដោយគុណ​ភាព​ល្អ មានអនាម័យ សុវត្ថិភាព និងមានតម្លៃបន្ថែមខ្ពស់។

លោករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូភាគី​ពាក់ព័ន្ធទាំងអស់ ត្រូវ​ចូល​រួម​សហការគ្នា ក្នុង​ការបង្រ្កាបបទល្មើសខុស​ច្បាប់នានា។ 

ក្នុងនោះ មានទាំង​សកម្មភាពជាក់​ស្តែង និង​នៅតាមទីផ្សារ ដោយ​ ត្រូវធ្វើការណែនាំដល់ប្រជានេសាទ ផ្លាស់ប្តូរទម្លាប់មកជាការនេសាទស្របច្បាប់ មាន​ការ​កំ​ណត់​ឧប​ករ​ណ៍​ត្រឹមត្រូវ​ យល់ដឹងពីការព្រលែងនូវប្រភេទសត្វកម្រ និងការនេសាទឆ្ងាយពីតំបន់ត្រីមេពូជ ដើម្បី​និរន្ត​រភាព​ធនធាន​ជល​ផល និងជាគុណប្រយោជន៍របស់ប្រជាពលរដ្ឋទូទាំងប្រទេស។

លោកបញ្ជាក់ថា៖«ការថ្លឹងថ្លែងពីតម្រូវការ និងការផ្គត់ផ្គង់ឱ្យបានច្បាស់លាស់​ត្រឹមត្រូវ ពង្រឹង​នូវខ្សែ​ចង្វាក់​តម្លៃ​ដោយផ្សាភ្ជាប់ជាមួយវិស័យឧស្សាហកម្ម​ ពាណិជ្ជកម្ម​ និងទីតាំងម្ហូបអាហារនានា ក៏ជាការងារ​សំខាន់​ដែលរដ្ឋ​បាល​ជលផលត្រូវយកចិត្តទុកដាក់ផងដែរ»។

ទាក់ទងនឹងការសត្វផ្សោតនេះផងដែរ ក្រុមអ្នកអភិរក្សបាន​រៀបចំយុទ្ធនាការ«ហែលទឹក»ចំងាយ១២០គីឡូម៉ែត្រ ក្នុង​រយៈ​ពេល៤ថ្ងៃ នៅក្នុង​ខែ​មីនា ខាងមុខ ដើម្បី​រ៉ៃអ​ង្គា​ស​ថ​វិកា សម្រាប់ជួយអភិរក្សសត្វផ្សោត ដែលកំពុងតែរង​គ្រោះ​ជិតផុត​ពូជ ក្នុងទន្លេមេគង្គ និងក្នុងសមុទ្រកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរួមរបស់រដ្ឋបាលជលផល, អង្គការសាមគ្គី (Samaky Organization) និង កម្មវិធី​ស្រាវ​ជ្រាវ​សត្វ​ផ្សោត Sarasota (Sarasota Dolphin Research Program)បានឱ្យដឹងថា ដើម្បីទទួលបានការគាំទ្រ​លើ​ផ្សោ​តក្បា​ល​ត្រឡោក (Orcaella brevirostris)  អ្នកហែលទឹកមួយក្រុម នឹងត្រូវធ្វើការហែលឆ្លាស់គ្នា។

ក្រុម​អ្នកហែល​ទឹកប្រមូល​ផ្តុំដោយ​អ្នកដែល ស្រលាញ់ការអភិរក្ស ក៏ដូចជាអ្នកវិទ្យាសាស្ត្រជាតិនិង អន្តរជាតិដែលនឹង ត្រូវចំណាយពេល​៤ថ្ងៃ​សម្រាប់ការហែលទឹករយៈចំងាយ១២០គីឡូម៉ែត្រពី ខេត្តស្ទឹងត្រែង ទៅខេត្តក្រចេះ ដែល​ជាតំបន់បេះដូង​នៃ​ជម្រក​សត្វផ្សោតទន្លេមេគង្គ។

សេចក្តីប្រកាសបានសរសេរថា៖«ផ្សោតក្បាលត្រឡោកនៅក្នុងទន្លេមេគង្គ កំពុងឈានទៅរកការផុតពូជ។ ផ្សោត ក្បាល​​ត្រ​ឡោកនៅតំបន់ឆ្នេរសមុទ្រក៏កំពុងមានហានិភ័យដូចគ្នា ដោយស្ថិត ក្នុង​ស្ថានភាពកំពុងរងគ្រោះ​ទូទាំង​ពិភព​លោក ហើយការគំរាមកំហែងលើ ពួកគេគឺ​បណ្តាលមកពី​ការនេសាទចាប់​ដោយ​ចៃដន្យ ដូចនេះសកម្មភាព ដែល​យើង​ត្រូវធ្វើគឺ​អនុវត្តយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយការចាប់ ដោយចៃដន្យ»។

ក្រុមអ្នកអភិរក្សបានលើកទឹកចិត្តឱ្យសាធារណជនចូលរួមបរិច្ចាក ដែលនឹងជួយដល់ការអភិរក្សផ្សោតកម្ពុជា ក្នុង​ទិស​ដៅពង្រឹងក្រុមល្បាត ដើម្បីបង្ការការនេសាទខុសច្បាប់, ជំរុញការស្រាវជ្រាវលើការកាត់បន្ថយការចាប់​ដោយ​ចៃដន្យ និង​ចូលរួមការការពារ​លើចំនួន​ផ្សោតក្បាល​ត្រឡោក​ក្នុង​ទន្លេ និងសមុទ្រទូទាំងប្រទេស៕