ក្រសួងយុត្តិធម៌កំពុងរៀបចំច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ក្នុងគោលបំពងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។
សេចក្ដីព្រាងច្បាប់នេះ មាន ៧ មាត្រា ត្រូវបានព្រាងរួចហើយ និងបានឈានដល់ដំណាក់កាលពិនិត្យពិភាក្សាចុងក្រោយនៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៥ ខែធ្នូនេះ។ នេះបើតាមការចុះផ្សាយរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី។
យោងតាមការចុះផ្សាយរបស់ស្ដីការគណៈរដ្ឋមន្ត្រី ច្បាប់នេះ «កំណត់អំពីការផ្ដន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬ បដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះត្រូវបានទទួលស្គាល់ដោយសេចក្ដីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា»។
កាលពីឆ្នាំ ២០១៣ កម្ពុជាបានបង្កើតច្បាប់មួយឈ្មោះថា «ច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ» ដែលមាន៥មាត្រា។
ច្បាប់នេះកំណត់ផ្ដន្ទាទោសអ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្មនៅសម័យខ្មែរក្រហមដាក់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ ពី១លានរៀល ទៅ៤លានរៀល។
ទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្លែងថា សេចក្ដីព្រាងច្បាប់ថ្មីនេះ នឹងទៅជំនួសច្បាប់ចាស់ខាងលើដោយបានធ្វើសង្គតិភាព ធ្វើឲ្យមានភាពគ្រប់ជ្រុងជ្រោយ ស្របទៅតាមបរិការណ៍ជាក់ស្ដែងនៃសង្គមសេដ្ឋកិច្ចកម្ពុជា។
ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ រួមមាន ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ព្រហ្មទណ្ឌកម្ពុជា ការរំលោភទៅលើច្បាប់មនុស្សធម៌អន្តរជាតិនិងទម្លាប់អន្តរជាតិ ព្រមទាំងការរំលោភលើអនុសញ្ញាអន្ដរជាតិដែលកម្ពុជាទទួលស្គាល់។
ទីស្ដីការគណៈរដ្ឋមន្ត្រីបញ្ជាក់ដូច្នេះថា៖ « ការមិនទទួលស្គាល់ ឬការសម្រាល ឬការបដិសេធ ឬការជំទាស់នឹងអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងបីខាងលើមិនមែនជាការអនុវត្ដនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទេ ប៉ុន្ដែផ្ទុយទៅវិញ ទង្វើនេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធអ្នកដែលបានពលី និងដែលបានបាត់បង់ជីវិតនៅក្នុងសម័យដ៏ខ្មៅងងឹត និងធ្វើឱ្យមានការឈឺចាប់ដល់គ្រួសារជនរងគ្រោះដែលនៅរស់រានមានជីវិតរហូតដល់សព្វថ្ងៃនេះ»។
យ៉ាងណាក៏ដោយ ខ្លឹមសារនៃសេចក្ដីព្រាងច្បាប់នេះមិនត្រូវបានបញ្ចេញឲ្យដឹងនៅក្នុងដំណាក់កាលពិនិត្យពិភាក្សានេះទេ។
មនុស្សចន្លោះពី ១លាននាក់ទៅ ៣លាន់នាក់ ត្រូវបានស្លាប់ និងសម្លាប់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ មករា ឆ្នាំ១៩៧៩។
មេដឹកនាំខ្មែរក្រហមមួយចំនួនត្រូវបានកាត់ទោស ខណៈមួយចំនួនទៀតបានស្លាប់ក្នុងអំឡុងពេលនៃនីតិវិធីរបស់សាលាក្ដីខ្មែរក្រហម ដែលមានឈ្មោះជាផ្លូវការថា «អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា» (អ.វ.ត.ក.) ដែលបានបិទបញ្ចប់កាលពីចុងឆ្នាំ២០២២។
លោក លោក ផេង ពង្សរាស៊ី នាយកកម្មវិធីស្ដីពីការអប់រំអំពើប្រល័យពូជសាសន៍នៅកម្ពុជា និងជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តព្រៃវែង និងខេត្តតាកែវ បានថ្លែងថា លោកគាំទ្រការបង្កើតច្បាប់នេះដើម្បីចៀសវាងការបំភ្លៃប្រវត្តិសាស្ត្រ និងដើម្បីកុំឲ្យមានបុគ្គលណាម្នាក់អូសទាញអ្នកដទៃឲ្យជឿលើការបំភ្លៃប្រវត្តិសាស្ត្រ។
លោកបន្តថា ប្រសិនបើមានមនុស្សមួយចំនួនអះអាងថា របបខ្មែរក្រហមមិនបានកើតឡើងទេ នោះវានឹងធ្វើឲ្យសតិអារម្មណ៍អ្នករស់រានមានជីវិត ឬអ្នករងគ្រោះឈឺចាប់កាន់តែខ្លាំង។
លោកថា លោកដែលជាអ្នកអប់រំអំពីរបបនោះ បានលើកពីឧទាហរណ៍ជាក់ស្ដែងដើម្បីពន្យល់ដល់មនុស្សជំនាន់ក្រោយ ដែលភស្តុតាងទាំងនោះគឺអ្នករស់រានមានជីវិត ដែលក្រោយរបបខ្មែរក្រហមមានប្រមាណ ៥លាននាក់ អមដោយជាមួយនឹងឯកសារពាក់ព័ន្ធ។
លោកថ្លែងថា៖ «ច្បាប់នេះក្នុងនាមខ្ញុំជាអ្នកប្រវត្តិសាស្ត្រ និង ជាអ្នកអប់រំ ខ្ញុំសាទរដែរ ព្រោះថាវាជួយឲ្យរឿងរ៉ាវពិត ប្រវត្តិសាស្ត្រពិតរបស់យើងមានភាពច្បាស់លាស់ ហើយមនុស្សគ្រប់រូបនៅកម្ពុជាជឿជាក់ថា របបខ្មែរក្រហម ពិតជាបានកើតឡើងមែន»៕