អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Costal Airport Investment Co. Ltd​(CAI) បាន​ចាប់​ផ្តើម​បើក​ដំណើរការ​សាកល្បង​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​នេះ ជា​មួយ​នឹង​ការ​មក​ដល់​របស់​ជើង​ហោះហើរ​ជួល​(Charter)​ដែល​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ជាមួយ​នឹង​អ្នក​ដំណើរ​ជាង ៥០​នាក់។

អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ មាន​ទីតាំង​ស្ថិត​នៅ​ស្រុក​គិរីសាគរ និង​បុទុមសាគរ ខេត្ត​កោះកុង ក្រោម​ការ​វិនិយោគ​របស់​ក្រុមហ៊ុន ​Coastal Airport Investment ក្នុង​ទឹក​ប្រាក់​ ២០០ លាន​ដុល្លារ​។ 

នៅ​ក្នុង​ដំណាក់​កាល​ទី១ ក្រុមហ៊ុន​បាន​ធ្វើ​ការ​អភិវឌ្ឍ​លើ​ផ្ទៃដី​ទំហំ ២១៨ ហិកតា និង​នៅ​ជំហាន​បន្ទាប់​ក្រុមហ៊ុន​ក៏​ត្រៀម​បម្រុង​ដី​សម្រាប់​ការអភិវឌ្ឍ​បន្ថែម​ចំនួន ១ ពាន់​ហិកតា​។ អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ ស្ថិត​លើ​ដី​នៃ​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន Union Development Group។

រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ ដែល​បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​«ស្វាគមន៍​ការ​ហោះហើរ​ក្នុង​ស្រុក​ដំបូង​ជា​លក្ខណៈ​ជួល​មក​កាន់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​តារាសាគរ» បាន​ថ្លែង​ថា សមិទ្ធផល​នេះ​គឺ​កើត​ចេញ​ពី​កិច្ច​សហការ​ដ៏​ល្អ​រវាង​ក្រុម​ការងារ​របស់​ក្រុមហ៊ុន CAI ជាមួយ​នឹង​ថ្នាក់​ដឹកនាំ និង​ក្រុមការងារ​បច្ចេកទេស​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល។ 

នេះ​ជា​ការ​ចុះចត​សាកល្បង​លើក​ដំបូង។ លោក​បន្ត​ថា ស្ថិរភាព​នយោបាយ​ក្នុង​រយៈ​ពេល​ជាង ២ ទសវត្សរ៍​កន្លង​មក​នេះ បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​រីក​ចម្រើន​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​អាកាសចរណ៍​ក៏​កំពុង​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​លឿន​ផងដែរ។

លោក​បាន​ថ្លែង​ថា៖​«​អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ នឹង​ដើរ​តួនាទី​ជា​ហេដ្ឋារចនា​សម្ព័ន្ធ​តភ្ជាប់​ខេត្តកោះកុង ទៅ​កាន់​អាកាសយានដ្ឋាន​ដទៃទៀត​ទាំង​ក្នុង​ស្រុក និង​អន្តរជាតិ ហើយ​វា​ក៏​នឹង​ជួយ​លើក​កម្ពស់​តំបន់​ទេសចរណ៍ ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ផងដែរ»។

បន្ថែម​ពី​លើ​នេះ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា អាកាសយានដ្ឋាន​អន្តរជាតិ​នេះ​នឹង​បើក​ជើង​ហោះ​ក្នុង​ស្រុក​ពេញលេញ ស្រប​តាម​អនុលោម​ភាព លក្ខខណ្ឌ​តម្រូវ និង​បទដ្ឋាន​បច្ចេកទេស​នា​ពេល​ខាង​មុខ។

ការបាញ់ទឹកស្វាគមន៍​ការ​ចុះចត​របស់​យន្តហោះ​ទី១ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ។ SSCA

លោក​ថ្លែង​ថា៖​«​នេះ​ជា​ការ​សាកល្បង​ដើម្បី​ឈាន​ទៅ​ធ្វើ​ការ​ហោះហើរ​ជាផ្លូវ​ការ​នៅ​ពេល​ខាង​មុខ​ ប្រសិន​បើ​មាន​ទីផ្សារ​ជាក់​លាក់​ ប៉ុន្តែ​សម្រាប់​ពេល​នេះ​គឺ​មិន​ទាន់​មាន​ត្រូវ​ការ​ច្រើន​នៅ​ឡើយ​ទេ»។

បើ​តាម​លោក ចាន់សិរីវុត្ថា យន្តហោះ​ដែល​គេ​ជួល​ហោះ​មក​កាន់​អាកាសយានដ្ឋាន​តារាសាគរ នា​ពេល​នេះ គឺ​ជា​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍ Cambodia Angkor Air (Air Cambodia)។ ភាគច្រើន​នៃ​អ្នក​ដំណើរលើ​យន្តហោះ គឺ​ជា​បុគ្គលិក​ក្រុមហ៊ុន​ CAI មន្ត្រី​រាជដ្ឋាភិបាល និង​តំណាង​សមាគម/​ក្រុមហ៊ុន​ទេសចរណ៍។

បើ​តាម​ក្រុមហ៊ុន CAI អាកាសយានដ្ឋាន​នេះ​រំពឹង​ទទួល​បាន​អ្នកដំណើរ​ប្រមាណ ៧ លាន​នាក់ និង​ទំនិញ​ប្រមាណ ១ ម៉ឺន​តោន​ក្នុង ១ ឆ្នាំ ព្រម​ទាំង​បន្ត​កើន​អ្នក​ដំណើរ​ដល់ ២០ លាន​នាក់ និង​ទំនិញ ៦ ម៉ឺន​តោន​ក្នុង ១ ឆ្នាំ ចាប់​ពី​ឆ្នាំ ២០៣០-​២០៥០។

ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សមាគម​ទេសចរណ៍​កម្ពុជា លោក ហូ វណ្ឌី (Board chairman at Cambodia Tourism Association-CATA, Ho Vandy) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​បង្កើត​ឱ្យ​មាន​អាកាសយានដ្ឋាន ឬផ្លូវ​ហោះហើរ​ទោះ​ក្នុង​ស្រុក ឬ​ក្រៅ​ស្រុក សុទ្ធ​តែ​នាំ​ផល​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច​ជាតិ ក៏​ដូច​ជា​វិស័យ​ទេសចរណ៍។

លោក​បន្ត​ថា ជើង​ហោះហើរ​គឺ​ជា​ជម្រើស​ដ៏ល្អ​សម្រាប់​អ្នក​ដំណើរ ឬ​ភ្ញៀវ​ទេសចរ​ណា​ ដែល​មិន​មាន​ពេល​វេលា​ច្រើន។ លោក​បន្ត​ថា សម្រាប់​ភ្ញៀវទេសចរ ពិសេស​ជន​បរទេស​គឺ​គេ​អាច​ប្រើ​ពេល​ខ្លី​ក្នុង​ការ​ទៅ​ទស្សនា​ប្រាសាទ​បុរាណ​ក្នុង​ខេត្ត​សៀមរាប និង​តំបន់​មាត់សមុទ្រ។

លោក​បាន​និយាយ​ថា៖​«ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ អាកាសយាន​ដ្ឋាន កំពង់​ផែ ល្អ នឹង​ជួយ​បង្កើន​សក្តានុពល​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​ធ្វើ​ដំណើរ​កម្សាន្ត​កាន់​តែ​ច្រើន»។

កន្លង​មក​អាកាសយានដ្ឋាន​នេះ​ធ្លាប់​មាន​ផែនការ​បើក​ឱ្យ​មាន​ការ​ហោះហើរ​ក្នុង​ឆ្នាំ​ ២០២២ ប៉ុន្តែ​ត្រូវ​បាន​ពន្យា​ពេល​ជា​បន្ត​បន្ទាប់ ដោយ​សារ​វិបត្តិ​ផ្សេងៗ ពិសេស​វិបត្តិ​ជំងឺកូវីដ​១៩។

ក្រៅ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ នៅ​ក្នុង​អំឡុង​ខែ​កក្កដា ឆ្នាំ ២០២៥ ខាង​មុខ កម្ពុជា​ក៏​គ្រោង​នឹង​បើកសម្ពោធ​ជា​ផ្លូវ​ការ​នូវ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ(TIA)ផងដែរ ខណៈ​បច្ចុប្បន្ន​ការ​សាងសង់​សម្រេចបាន​ជាង ៩២​ភាគ​រយ​​។​

អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ គឺ​ជា​អាកាស​យានដ្ឋាន Greenfield ដែល​មាន​ផ្ទៃដី​សរុប ២ ៦០០ ហិកតា ស្ថិតនៅ​ចម្ងាយ ១៩ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។ ​ការ​សាងសង់​ត្រូវ​ចែក​ចេញ​ជា​ ៣ ដំណាក់​កាល ដោយ​ដំណាក់​កាល​ទី ១ ក្រុមហ៊ុន​សាង​សង់​ផ្លូវ​រត់​ចម្ងាយ ៤ គីឡូម៉ែត្រ​សម្រាប់​ចុះចត​យន្តហោះ​ខា្នតធំ​ប្រភេទ 4F ដែល​មាន​សមត្ថភាព​ទទួល​អ្នក​ដំណើរ​បាន​ជាង ១៥ លាន​នាក់​ក្នុង ១ ឆ្នាំ នៅ​ត្រឹម​ឆ្នាំ ២០៣០។ 

ចំណែក​ដំណាក់កាល​ទី ២ ក្រុមហ៊ុន​នឹង​ពង្រីក​សាងសង់​ផ្លូវ​រត់​ចំនួន ២ ស្រប​គ្នា​ដែល​អាច​ទទួល​អ្នក​ដំណើរ​បាន​រហូត​ដល់ ៣០ លាន​នាក់ ក្នុង ១ ឆ្នាំ នៅ​ឆ្នាំ ២០៥០ និង​ដំណាក់កាល​ទី ៣ ចាប់​ពី​ឆ្នាំ ២០៥០ តទៅ ក្រុមហ៊ុន​នឹង​បន្ត​បន្ថែម​សាងសង់​ផ្លូវ​រត់ទី ៣ ដើម្បី​ទទួល​អ្នក​ដំណើរ​ឱ្យ​បាន ៤៥ លាន​នាក់​ក្នុង ១ ឆ្នាំ។

អាកាស​យានដ្ឋាន​នេះ ជា​ប្រភេទ 4F ដែល​អនុញ្ញាត​ឱ្យ​យន្តហោះ​ធំៗ​ហោះ​ឆ្លងទ្វីប​ដូចជា Airbus A380-800 និង Boeing 747-800 ចុះចត​បាន។