ស្វាយរៀងៈ យ៉ាងហោចណាស់គ្រឿងញៀនជាង២៦គីឡូក្រាមត្រូវបានរកឃើញ និងរឹបអូស ខណៈដែលជនបរទេស និង ជនជាតិខ្មែរចំនួន៤២នាក់ត្រូវបានចោទប្រកាន់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ក្នុងខែធ្នូនេះ នៅក្នុងខេត្តស្វាយរៀង ដែលជាខេត្តជាប់ព្រំដែនជាមួយនឹងប្រទេសវៀតណាម។
គិតត្រឹមថ្ងៃទី២៦ ខែធ្នូនេះ យ៉ាងហោចណាស់ករណីជួញដូរគ្រឿងញៀនធំៗចំនួន៤ត្រូវបានបង្រ្កាប ក្នុងខែធ្នូនេះ។
ក្នុងនោះ គ្រឿងញៀនសរុបចំនួន២៦ ៤៧៤,៥៦ក្រាម (ជាង២៦គីឡូក្រាម)ត្រូវបានស្រាវជ្រាវរកឃើញ និងរឹបអូស នៅក្នុងសង្កាត់បាវិត ក្រុងបាវិត។
ជនជាតិវៀតណាម (ភាគច្រើន) ចិន និងខ្មែរសរុប៤២នាក់ ត្រូវបានចោទប្រកាន់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរគ្រឿងញៀន និងប្រើប្រាស់អាវុធខុសច្បាប់។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់តុលាការ និងនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀងកាលពីថ្ងៃទី ២៦ខែធ្នូ។
ក្នុងចំណោមជន ដែលត្រូវបានចោទប្រកាន់ទាំង៤២នាក់នោះ មាន២៩នាក់ត្រូវបានឃុំខ្លួននៅពន្ធនាគារ និង១៣នាក់ផ្សេងទៀតបានគេចខ្លួន និងកំពុងតែត្រូវបានស្វែងរកចាប់ខ្លួន។
ក្រៅពីគ្រឿងញៀន អាជ្ញាធរមានសមត្ថកិច្ច ក៏បានរកឃើញកាំភ្លើងខ្លីចំនួន៨ដើម ដែលមានគ្រាប់ចំនួន៧៨ កំាភ្លើងAK១ដើម គ្រាប់បែក១គ្រាប់ និងឧបករណ៍ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនមួយចំនួនទៀតផងដែរ។
លោក ហាស សារ៉ានាយប៉ុស្តិ៍រដ្ឋបាលបាវិតបានឱ្យដឹងថា ករណីគ្រឿងញៀនធំៗ ដែលពាក់ព័ន្ធជាមួយនឹងជនបរទេសបែបនេះ គឺភាគច្រើនជាបទល្មើសឆ្លងដែន។
ប៉ុន្តែលោកមិនអាចបញ្ជាក់បានទេថា វាពាក់ព័ន្ធនឹងប្រទេសណាខ្លះនោះទេ ដោយលោកអះអាងថា ក្រោយពេលបង្រ្កាបបាន ជនល្មើសកម្រនឹងសារភាពប្រាប់សមត្ថកិច្ចតាមត្រង់ ពីទិសដៅរបស់ពួកគេណាស់។
លោកថ្លែងថា៖«បើអាធំៗគោលដៅនាំចេញ តែអាតូចតាច វាអាចប្រើប្រាស់នៅក្នុងស្រុក។ វាមិនទៀងដែរ ពួកអ្នករកស៊ីហ្នឹងជួនកាលឆ្លើយតាមត្រង់ខ្លះ មិនត្រង់ខ្លះ។ និយាយរួម ពួកឧក្រិដ្ឋកម្មគ្រឿងញៀនធំៗហ្នឹង វាមិនដែលឆ្លើយប្រាប់យើងត្រង់ទេ»។
លោកបានលើកឡើងថា ការបង្រ្កាបបទល្មើសគ្រឿងញៀនត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ទៅតាមស្ថានភាពជាក់ស្តែង ដោយគ្មានការបន្ធូរដៃនោះទេ។
ករណីចុងក្រោយ ក្នុងចំណោម៤ករណីធំៗនេះ ជនជាតិខ្មែរ វៀតណាម និងចិន សរុបចំនួន ១៣នាក់ ត្រូវបានចោទប្រកាន់ ពីបទ រក្សាទុក, បទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសមគំនិតក្នុងអំពើរក្សាទុក និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន, និង បទលក់ ទិញ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងសមគំនិតក្នុងអំពើ លក់ ទិញ និងកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត។
បទល្មើសទាំងនេះត្រូវបានប្រព្រឹត្ត នៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត កាលពីអំឡុងឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។ បទល្មើសទាំងនេះ មានបញ្ញត្តិឱ្យផ្តន្ទា ទោសតាមមាត្រា ៤០ មាត្រា៤៥ មាត្រា៤៨ និងមាត្រា៥៣ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន, និងតាមមាត្រា ៨ និងមាត្រា ២៤ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទះ និងគ្រាប់រំសេវ ហើយនិងតាមមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ។
វត្ថុតាងដកហូត មានដូចជាសារធាតុសង្ស័យជាគ្រឿងញៀនទម្ងន់សរុប ៦ ៥០៣,១៥ក្រាម រួមមាន ប្រភេទជាមេតំហ្វេតាមីន កេតាមីន កញ្ឆាក្រៀម និងអ៊ុចស្តាស៊ី។
ក្រៅពីនោះមាន ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន៤ គ្រឿង សម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយនិងកាំភ្លើងខ្លីចំនួន៦ដើម និងកាំភ្លើងវែងចំនួន១ដើមផងដែរ។
បន្ថែមពីលើការចោទប្រកាន់ខាងលើនេះ តំណាងអយ្យការក៏បានបង្គាប់ឱ្យមន្ត្រីនគរបាលយុត្តិធម៌ ធ្វើការស៊ើប អង្កេត និងស្រាវជ្រាវស្វែងរកតម្រុយពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ផងដែរ៕