ភ្នំពេញៈ កម្ពុជាមានអាងស្ដុកទឹក និងអាងទឹក នៃប្រព័ន្ធធារាសាស្ត្រជាង១ ៥០០នៅទូទាំងប្រទេស ដែល​ក្នុងនោះ​បាន​ចុះបញ្ជីរួចរាល់ ចំនួន១៩៧ ស្មើនឹង ១៣ ភាគរយ ដើម្បីការពារកុំឱ្យមានការទន្រ្ទានយក និងជួយរក្សាប្រភព​ទឹក​ស​ម្រាប់​ប្រើប្រា​ស់ ជាពិសេសគឺនៅរដូវប្រាំង។​ 

​ខេត្ត​ចំនួន២៣ ក្នុងចំណោមរាជធានីខេត្តចំនួន២៥នៅកម្ពុជា មានអាងស្ដុកទឹក និង​អាង​ទឹ​ក នៃប្រព័ន្ធ​ធារាសាស្ត្រ​សរុបចំនួន ១ ៥៦២គិតមកដល់ពេលបច្ចុប្បន្ននេះ ។

ក្នុងនោះអាងស្តុកទឹក និងអាងទឹក ដែលបាន​ចុះ​បញ្ជី​រួច​មាន​ចំនួន​១៩៧ ដែលស្មើនឹង ១៣ ភាគរយ, អាងស្តុកទឹក និងអាងទឹក​ ដែលកំពុងដំណើរការចុះបញ្ជីមានចំនួន ២៧៣ ស្មើនឹង ១៧ ភាគរយ និងអាងស្តុកទឹក និងអាងទឹកមិនទាន់បានចុះបញ្ជីមានចំនួន ១ ០៩២ ស្មើនឹង ៧០ ភាគ​រយ​។ នេះបើយោងតាមប្រសាសន៍របស់ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោកថោ ជេដ្ឋា​ នៅក្នុងកិច្ច​ប្រជុំ​ពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនា ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូនេះ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោកសាយ សំអាល់។ 

លោករដ្ឋមន្ត្រីបានបន្តថា រាជធានីភ្នំពេញ និងខេត្តប៉ៃលិន មិនមានអាងស្ដុកទឹក និង​អាង​ទឹក នៃ​ប្រព័​ន្ធ​ធារាសាស្ត្រនោះទេ។ 

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖« អគ្គនាយកដ្ឋានកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម បាន​និង​កំពុងអនុវត្តយ៉ាងសកម្មនូវផែនការសកម្មភាពក្នុងការបន្តជំរុញការងារចុះបញ្ជីអាងស្ដុកទឹក និងអាង​ទឹកដែល​មិន​ទាន់បានចុះបញ្ជីឱ្យបានឆាប់រហ័ស»។

អ្នកនាំពាក្យក្រសួង​ធនធានទឹក ​និង​ឧត្តុនិយម លោក ​ចាន់ យុត្ថា​ មិនអាចទាក់ទងសុំអត្ថាធិប្បាយបន្ថែមបានទេ​នាថ្ងៃសុក្រ ទី២៧ ខែធ្នូនេះ។ 

លោកប៊ុន ពៅប្រធានការិយាល័យរដ្ឋបាល នៃមន្ទីរធនធានទឹក ​និង​ឧត្តុនិយម ខេត្តបន្ទាយមានជ័យបានឱ្យដឹងថា អាងទឹកចំនួន២ ក្នុងចំណោម៤៧អាងទឹក ទទួលបានប្លង់កម្មសិទ្ធរួចហើយ។​

ចំណែកឯអាងក្រៅពីនោះ ខាង​មន្រ្តី​សុ​រិ​យោ​ដី​បានធ្វើការវាស់វែងរួចហើយ និងកំពុងតែដំណើរការចេញប្លង់រឹងដូចគ្នានេះផងដែរ។ 

លោកថ្លែងថា៖«ពេលចុះជាប្រព័ន្ធជូនពលរដ្ឋហ្នឹង គេកាត់ដីអាងទុក ហើយយើងចុះបញ្ជី ធ្វើជាប្លង់កម្មសិទ្ធិ។ ពេល​​មានប្លង់កម្មសិទ្ធិហើយ គឺមិនមានការរំលោភយកបានទេ ហើយដូច​ជាការចូល​រួម​ការ​ពារ​ប្រភពទឹកផងដែរ»។ 

ទាក់ទងទៅនឹងការបង្ការកង្វះទឹក ជាពិសេសក្នុងរដូវប្រាំងនេះ មន្ទីរ​ធនធានទឹក ​និង​ឧត្តុនិយម និងរដ្ឋបាលខេត្ត​មួយ​ចំ​នួន​ បានណែនាំដល់ប្រជាកសិករពីការបង្កបង្កើនផលស្រូវប្រាំងទៅតាមការកំណត់ផងដែរ។ 

មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ប្រព័ន្ធធារាសាស្ត្រស្ថិតនៅក្នុងស្រុក ក្រុង​ទាំង​៩ ទូទាំងខេត្ត មានទឹកប្រើប្រាស់សម្រាប់ស្រោចស្រពស្រូវប្រាំង និងសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ សរុប​មាន​ចំនួន ៥១ប្រព័ន្ធ និងប្រព័ន្ធស្ទឹងចំនួន២ប្រព័ន្ធ។ 

មន្ទីបានលើកឡើង ការប្រែប្រួលធាតុអាកាស បាននាំឱ្យទិន្នន័យកម្ពស់ទឹកភ្លៀងពីដើមឆ្នាំ២០២៤ រហូត​ដល់​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ២០២៤ មានចំនួន ៩៦៤.២មម តិចជាងឆ្នាំ២០២៣ចំនួន ១៩៨.១មម។ 

មន្ទីរបញ្ជាក់ថា៖«ដូច្នេះមន្ទីរ សូមកំណត់ឱ្យធ្វើការបង្កបង្កើនផលស្រូវប្រាំង និងស្រូវប្រ​ដេញ​ទឹ​ក​តែមួយ​លើក​ប៉ុណ្ណោះ សរុបមានចំនួន ១៦ ០០០ហិកតា ក្នុងតំបន់គោលដៅទាំង១១ប្រព័ន្ធ»។

អាជ្ញាធរមូលដ្ឋានបានអំពាវនាវ ដល់ប្រជាពលរដ្ឋឱ្យ ធ្វើស្រែប្រាំងទៅតាមផែនការប្រើប្រាស់ទឹក និង​​ជួយ​សហ​កា​រ​គ្នា ដើម្បីថែរក្សាទឹកទុកសម្រាប់ប្រើប្រាស់នៅក្នុងរដូវប្រាំងនេះ ដើម្បីចៀសវាងបញ្ហាខ្វះខាតទឹក។

ទោះយ៉ាងណា លោកប៊ុន ពៅបានឱ្យដឹងថា ប្រជាកសិករមិនបានស្តាប់តាមការណែនាំនេះទេ ហើយពួកគាត់​បាន​ធ្វើស្រែប្រាំងរហូតដល់ទៅ៩ម៉ឺនហិកតា។ ហេតុនេះ វានឹងបណ្តាលឱ្យមានការប្រ​ឈមនឹងការខ្វះ​ខាត​ទឹក​ជា​មិន​ខាន​ឡើយ។

រដ្ឋបាលខេត្តពោធិ៍សាត់ ក៏បានជូនដំណឹងឱ្យមានការផ្អាកការបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២ផងដែរ។ 

រដ្ឋបាលខេត្តបានឱ្យដឹងថា ផែនការសក្តានុពលទឹក សម្រាប់ស្រោចស្រពលើការងារបង្កបង្កើនផលស្រូវរដូវប្រាំង ឆ្នាំ២០២៤-២០២៥ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សម្រាប់ការផ្គត់ផ្គង់ទឹកជូនប្រជាកសិករ ក្នុងឆ្នាំ ២០២៥ នេះបានត្រឹមតែ ២០ ០០០ហិកតាប៉ុណ្ណោះ។

ប៉ុន្តែផ្អែកតាមការចុះពិនិត្យជាក់ស្តែងកន្លងមករបស់ថ្នាក់ ដឹកនាំខេត្ត និងការវាយតម្លៃរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ការបង្កបង្កើនផលរបស់​ប្រជា​ក​សិ​ករ​បានកើនរហូតដល់ ៥៨ ៧៧០ហិកតា ដែលលើសផែនការ នៃការប្រើប្រាស់ទឹកជាច្រើន។

រដ្ឋបាលខេត្ត បានណែនាំឱ្យ ប្រជាកសិករទាំងអស់ ផ្អាកការបង្កបង្កើនផលដំណាំស្រូវរដូវប្រាំងលើកទី២ ជា​បណ្តោះ អាសន្ន បន្ទាប់ពីពួកគាត់ប្រមូលផលរួចរាល់នៅក្នុងអំឡុងខែមករា ឆ្នាំ២០២៥ ខាងមុខ។

ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋ ដែលរស់នៅតំបន់គ្មានប្រភពទឹក ត្រូវត្រៀមលក្ខណៈស្តុកទឹកក្នុងស្រះ អណ្តូង  ប្រឡាយ ដែលអាចស្តុកទឹកសម្រាប់ទុកប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់សត្វពាហនៈជាដើម។

រដ្ឋបាលខេត្តបញ្ជាក់ថា៖«ករណីដែលប្រជាកសិករយើងនៅតែបន្តការបង្កបង្កើនផលស្រូវរដូវប្រាំងលើកទី២ ទៀ​តនោះ បងប្អូនអាចនឹងជួបប្រទះការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈជាដើម»៕