ក្រសួង​បរិស្ថាន​បាន​ពិន័យ​ក្រុមហ៊ុន​បោកគក់​ឈ្មោះថា ​Jin Lu Yuan Energy Environment Protection Industry Co., Ltd. មាន​មូលដ្ឋាន​​ក្នុង​ឃុំ​ព្រះនិព្វាន ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ ក្នុង​ទឹក​ប្រាក់ «ជាច្រើន​រយ​លាន​រៀល» ចំពោះ​ការ​បង្ហូរ​ទឹក​មិន​បាន​ធ្វើ​ប្រព្រឹត្តកម្ម​ត្រឹម​ត្រូវ​ចូល​ទៅ​ក្នុង​ស្ទឹង​ដែល​លាត​សន្ធឹង​ដល់​ខេត្ត​កណ្ដាល។

ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​បង្ហូរ​ទឹក​កខ្វក់​ដែល​មិន​បាន​ឆ្លង​កាត់​ការ​សម្អាត​តាម​លក្ខណៈ​បច្ចេកទេស និង​បញ្ចេញ​សំណល់​រាវ​លើស​កម្រិត​កំណត់​ស្តង់ដារ​អនុញ្ញាត ចូល​ក្នុង​ស្ទឹង បង្ក​ឲ្យ​មាន​ការ​បំពុល​ទឹក​នៅ​ទឹក​ស្ទឹងតូច ស្ថិត​នៅ​ស្រុក​​កណ្តាល​ស្ទឹង ខេត្ត​កណ្ដាល កាល​ពី​ដើម​ខែ​ធ្នូ។

 ក្រសួង​ក៏​បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នេះ​ផ្អាក​ការ​បង្ហូរ​ទឹក​ចូល​ស្ទឹង និង​ធ្វើ​ប្រព្រឹត្តកម្ម​ទឹក​ពី​រោង​ចក្រ​របស់​ខ្លួន។

ក្រោយ​ការ​ចុះ​ពិនិត្យ​របស់​ក្រសួង ក្រុមការងារ​បច្ចេកទេស​ពី​ក្រសួង​បាន​រក​ឃើញ​ថា ស្ថានភាព​ទឹក​ប្រឡាយ​មាន​ភាព​ប្រសើរ​ឡើង ប៉ុន្តែ មិនទាន់​សម​ស្រប​ទៅ​នឹង​ស្តង់ដារ​តម្រូវ ដោយ​ទឹក​ស្ទឹង​នៅ​មាន​ធំ​ក្លិន​អូសាវែល និង​មាន​ពណ៌​ក្រម៉ៅ​ដដែល។

ដោយ​យោង​លើ​ការ​ត្រួត​ពិនិត្យ​នេះ ក្រសួង​សម្រេច​ក្រុមហ៊ុន​ត្រូវ​ធ្វើ​ប្រព្រឹត្តកម្ម​សំអាត​ជាមុន​ មុន​នឹង​បញ្ចេញ​ទៅ​ក្នុង​ប្រព័ន្ធ​ប្រឡាយ ដោយ​អនុលោម​តាម​ស្តង់ដារ​កំណត់។

ក្រសួង​បរិស្ថាន​ក៏​បាន​​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ «ជាច្រើន​រយ​លាន​រៀល» និង​ផ្តល់​សំណង​ការ​ខូច​ខាត លើ​កា​រខូច​ខាត​បរិស្ថាន ​ជីវៈ​ចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ស្ទឹង​តូច និង​ប្រឡាយ​ទឹក៦១។ នេះ​បើ​តាម​លោក ខ្វៃ អាទិត្យា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន។

ការ​ផាក​ពិន័យ​នេះ​ធ្វើ​ឡើង​យោង​តាម  មាត្រា ២៨៧, ២៨៩, និង​២៩០ នៃ​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ មាត្រា៤ និង មាត្រា៦ និង​មាត្រា​៩ថ្មី នៃ​អនុក្រឹត្យ​ស្តីពី​ការ​ត្រួត​ពិនិត្យ​ការ​បំពុល​ទឹក ដែល​អាច​នឹងត្រូវផ្តន្ទាទោស​​​​តាមមាត្រាទី ​​​​៨៤៥ ​និង​៨៤៦ នៃ​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ។

ក្រសួង​បរិស្ថាន​ក៏​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នេះ ​ស្តារ និង​រៀបចំ​ជើង​ជញ្ជាំង​ប្រឡាយ ឱ្យ​មាន​សោភ័ណភាព​​ល្អ ដើម្បី​ងាយ​ស្រួល​តាម​ដាន​ស្ថានភាព​បំពុល​ទឹក ក្នុង​ប្រឡាយ​ពី​សាធារណជន​គ្រប់​មជ្ឈដ្ឋាន ជាពិសេស​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ដែនដី ​ឱ្យ​បាន​រួច​រាល់​មុន​ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ២០២៥។

ក្រសួង​ក៏​តម្រូវ​ឲ្យ​ក្រុមហ៊ុន ធ្វើការ​ស្តារ​ការ​ខូចខាត និង​ស្តារ​បរិស្ថាន​ឡើង​វិញ​នៅ​ក្នុង​តំបន់ ដែល​ទទួល​រងការ​បំពុល​ឱ្យ​បាន​រួច​រាល់​ជាកំហិត​មុន​ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ​២០២៥ ជា​កំហិត»។

ក្រុមហ៊ុន​នេះ​ក៏​ត្រូវ​បាន​តម្រូវ​ឲ្យ​រៀបចំ​ច្រក​ចេញ​នៃ​ប្រព័ន្ធលូ​បង្ហូរ​សំណល់​រាវ​ពី​ទីតាំង​របស់​ខ្លួន​តែ​មួយ​កន្លែង, រៀបចំ​ប្រព័ន្ធលូ​បង្ហូរ​ទឹក​ភ្លៀង​ឱ្យ​បាន​ច្បាស់​លាស់ និង​ដាច់​ដោយ​ឡែក​ពី​ប្រព័ន្ធ​លូ​បង្ហូរ​សំណល់​រាវ និង​ទឹក​កខ្វក់។

យោង​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រុម​ហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd. ត្រូវ​បាន​បង្កើត​នៅ​ឆ្នាំ​២០២៣ ដើម្បី​វិនិយោគ​ទៅ​លើ​ការ​បោក​គក់៕