តុលាការ​ខេត្ត​កណ្តាល​កាល​ពី​ថ្ងៃទី ២ ខែធ្នូ​ បាន​កាត់​ទោស​ស្រ្តី​ជនជាតិ​ហ្វីលីពីន ១៣ នាក់​ដាក់​ពន្ធនាគារ​រយៈពេល ៤ ឆ្នាំ ​ប៉ុន្តែ​ព្យួរទោស​រយៈ​ពេល​​ ២ ឆ្នាំ ​​ពាក់ព័ន្ធ​នឹង​​ករណី​ពពោះ។ អ្នកស្រី​ជនជាតិ​ខ្មែរ​ម្នាក់​ដែល​ជា​អ្នក​សម្អាត ​ក៏​ត្រូវ​បាន​កាត់ទោស​ដែរ ដោយសារ​មិន​រាយការណ៍​អំពី​បទល្មើស​នេះ។

ស្រ្តី​ហ្វីលីពីន​ទាំង​ ១៣ នាក់​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ខែ​តុលា ​នៅឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខ​កំពូល ខេត្ត​កណ្តាល ​និង​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «ប៉ុនប៉ង​ក្នុង​អំពើ​​លក់​ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លង​ដែន» ​ស្រប​តាម​មាត្រា ១៦ នៃ​ច្បាប់​ស្ដីពី​​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទនិង​មាត្រា ២៧ នៃ​ក្រម​ព្រហ្មទណ្ឌ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​កណ្ដាល បាន​ថ្លែង​កាល​ពី​ថ្ងៃទី ២ ខែធ្នូ ថា៖«ក្រោយ​ពី​បញ្ចប់​កិច្ច​ពិភាក្សា​ដេញ​ដោល​នា​ពេល​សវនាការ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សាលាដំបូង​ខេត្តកណ្តាល ​បាន​ពិនិត្យ ​និង​ពិចារណា​យ៉ាង​ល្អិត​ល្អន់​លើ​អង្គហេតុ ​អង្គ​ច្បាប់ និង​ភស្តុតាង​នានា​ក្នុង​សំណុំ​រឿង ដោយ​សម្រេច​ផ្ដន្ទា​ទោស​ជន​ជាប់​ចោទ​ជា​ស្ត្រី​ជនជាតិ​ហ្វីលីពីន​ចំនួន ១៣​នាក់ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​កំណត់​រយៈ​ពេល ​៤ ឆ្នាំ តែ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​រយៈ​ពេល​២ឆ្នាំ ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ​ធម្មតា​ពីបទ​ ប៉ុនប៉ង​ក្នុង​អំពើ​លក់-ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លង​ដែន»។

ចំណែក​អ្នកស្រី​ជនជាតិ​ខ្មែរ ​ដែល​ជា​អ្នក​សម្អាត​ផ្ទះ និង​រៀបចំ​ម្ហូប ​ហើយ​ត្រូវ​បាន​ចោទ​ពី​បទ​រួម​គំនិត​នៃ​អំពើ​ខាង​លើ ​ត្រូវ​បាន​តុលាការ​ប្ដូរ​បទ​ចោទ​ទៅ​ជា «មិន​ប្ដឹង​បរិហារ​បទ​ឧក្រិដ្ឋ» ហើយ​ត្រូវ​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ ​៦ ខែ ​ដោយ​ត្រូវ​អនុវត្ត​ទោស​ ២ ខែ ១ ថ្ងៃ ​​ទោស​ដែល​នៅ​សល់​ត្រូវ​បាន​ព្យួរ។

អ្នកនាំពាក្យ​របស់​តុលាការ​បាន​បញ្ជាក់​ថា ​អំពើ​ពពោះ ដែល​ភាសា​ផ្លូវ​ច្បាប់​ហៅ​ថា «អំពើ​លក់​ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លង​ដែន» ​គឺ​ជា​ឧក្រិដ្ឋកម្ម​នៅកម្ពុជា។ វា​ប៉ះពាល់​ដល់​សន្តិសុខ ​និង​សណ្ដាប់ធ្នាប់​សាធារណៈ ​រួមទាំង «ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​របស់​ទារក ​និង​កុមារ ដែលត្រូវ​បានការពារ​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ»។

អ្នក​នាំពាក្យ​តុលាការ​បន្ត​ថា តាម​ច្បាប់​ ស្រ្តី​ដែល​សម្រាល​កូន ​គឺ​ជា​ម្តាយ​របស់​ទារក។ ប៉ុន្តែ​នៅ​ក្នុង​ករណី​លើ ​មាន​ភស្តុតាង​ច្បាស់​បង្ហាញ​ថា ​ស្រ្តី​ហ្វីលីពីន ​១៣ នាក់ ​បាន​ព្យាយាម​សម្រាល​កូន ​សម្រាប់​លក់​ឆ្លង​ព្រំដែន​ទៅ​ភាគី​ទី​បី ​ជា​ថ្នូរ​នឹង​ប្រាក់។

អ្នក​នាំ​ពាក្យ​តុលាការ​ថ្លែង​ដូច្នេះ​ថា៖ «ហេតុ​ដូច្នេះ ស្ត្រី​ដែល​ពពោះ​ជំនួស​ក្នុង​គោល​បំណង​បង្កើត​កូន ដើម្បី​លក់​ដូរ ទទួល​បាន​ប្រាក់​កម្រៃ ត្រូវ​ចាត់​ទុក​ជា​ជន​ល្មើស​តាមច្បាប់​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា»។

លោកស្រី ជូ ប៊ុនអេង ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​និង​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ជួញដូរ​មនុស្ស បាន​ថ្លែង​នៅ​ខែវិច្ឆិកា​ថា ​ករណី​ពពោះ​ពាក់​ព័ន្ធ​ស្រ្តី​ខ្មែរ ដែល​ធ្លាប់​កើត​មាន​ជា​ច្រើន​ករណី​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ បាន​ស្ងប់​ស្ងាត់​ហើយ បន្ទាប់​ពី​មាន​ការ​បង្ក្រាប​ជា​បន្ត​បន្ទាប់។​

ប៉ុន្តែ ករណី​ពពោះ​នេះ​ បែរ​ជា​ត្រូវ​បាន​អនុវត្ត​ដោយ​ស្ត្រី​ដែល​ជា​ជន​បរទេស​ដោយ​លួច​លាក់​នៅ​កម្ពុជា។ ក្នុង​ករណី​ដូចនេះ​ កម្ពុជា​និង​ប្រទេស​ពាក់​ព័ន្ធ​បាន​សហការ​បញ្ជូន​ស្ត្រី​ទាំង​នោះ​ចេញ ប៉ុន្តែ ប្រទេស​មួយ​ចំនួន​បាន​បញ្ចេញ​ព័ត៌មាន​អំពី​រឿង​នេះ ហើយ​ចោទប្រកាន់​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​កម្ពុជា៕