ភ្នំពេញៈ ដីព្រៃលិចទឹកបឹងទន្លេសាបក្នុងតំបន់៣ និងតំបន់២ យ៉ាងហោចណាស់ ជិត៤ម៉ឺនហិកតា ត្រូវបានមនុស្សចំនួន១៧៦នាក់ រំលោភយកដោយខុសច្បាប់ ហើយអង្គភាពជំនាញកំពុងតែពិភាក្សារកដំណោះស្រាយ ចំពោះអ្នកមិនព្រមប្រគល់ដីនោះជូនរដ្ឋវិញ។
អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានរកឃើញថា ដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប តំបន់ ៣ និងតំបន់ ២ ស្ថិតនៅក្នុងខេត្តកំពង់ធំ ត្រូវបានមនុស្សរហូតដល់ទៅ ១៧៦នាក់ កាន់កាប់ក្នុងទ្រង់ទ្រាយធំ ដោយខុសច្បាប់។
ក្នុងនោះ មាន១៥២នាក់ បានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញ ដែលមានផ្ទៃដី៣០ ១០៩ ហិកតា។ នេះបើយោងសេចក្តីជូនដំណឹងរបស់ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) ស្តីពី ការបើកកិច្ចប្រជុំ លើកទី៤១ អាណត្តិទី៣កាលពីសប្តាហ៍មុន។
អ.ប.ពបានបញ្ជាក់ថា៖«ហើយ២៤នាក់ កាន់កាប់ខុសច្បាប់ ៩ ៤៦៣ ហិកតា ដែលអ្នកខ្លះកាន់កាប់រហូតដល់ ២ ៥០០ ហិកតា បានប្រកែកមិនព្រមប្រគល់ដីជូនរដ្ឋវិញ»។
លោកសយ ច័ន្ទវិចិត្ត អ្នកនាំពាក្យ អង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា ចំណាត់ការបន្តទៀត ទៅលើបញ្ហាដីធ្លីនៅបឹងទន្លេសាបនេះ គឺកំពុងតែស្ថិតនៅក្នុងការពិភាក្សាផ្ទៃក្នុង ដែលមិនទាន់អាចផ្តល់ជាព័ត៌មានជាសាធារណៈបាននោះទេ។
លោកបានបញ្ជាក់ថា៖«យើងស្ថិតក្នុងចំណាត់ការផ្ទៃក្នុង អញ្ជឹងរឿងជាច្រើនរក្សាការសំងាត់សិន។ ការងារនេះគឺយើងធ្វើទៅលើខេត្ត ដែលនៅជាប់បឹងទន្លេសាប ប៉ុន្តែព័ត៌មានដែលយើងបានរំលេចទៅដំបូងហ្នឹង គឺតែខេត្តកំពង់ធំមុនគេ»។
លោកបានបន្ថែមថា កន្លងមក មានមនុស្សមួយចំនួនហើយ ដែលត្រូវបាន អ.ប.ព ធ្វើការឃាត់ខ្លួន បញ្ជូនទៅតុលាការ ពាក់ព័ន្ធទៅនឹងការទន្រ្ទានយកដីនៅបឹងទន្លេសាបនេះ។
ក្នុងពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត បានប្រកាសជំហសាជាថ្មី ចំពោះការការពារបឹងទន្លេសាប សម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋទូទាំងប្រទេសទាំងពេលបច្ចុប្បន្ន និងអនាគត។
ក្នុងនោះ រួមទាំងការបញ្ឈប់ ការកែសម្រួលព្រំប្រទល់ ឬកាត់ឆ្វៀលដីបឹងទន្លេសាបបន្ថែមទៀត ក្រោយពី ផ្ទៃដីប្រមាណជា៨ម៉ឺនហិកតា ត្រូវបានកាត់រួចហើយនាពេលថ្មីនេះៗ។ ប្រមុខរដ្ឋាភិបាលក៏បានអះអាងពីការមិនខ្លាចអនុវត្តច្បាប់ ចំពោះអ្នក ដែលទន្រ្ទានយកដីបឹងទន្លេសាបនោះដែរ។
លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ដូច្នេះថា៖«យើងមិនខ្លាចអនុវត្តច្បាប់នៅក្នុងកិច្ចការងារនេះទេ។ កន្លងទៅACUបានចាប់ អនុវត្តច្បាប់ ចាប់ដាក់គុកប៉ុន្មាននាក់ រួមទាំងអភិបាលរងស្រុកអីផង។ នៅក្នុងខេត្តក៏មានដែរ មន្ទីរ រដ្ឋបាលអីដែលពាក់ព័ន្ធ»។
ក្រសួងដែនដី ក៏បានបដិសេធចំពោះសំណើសុំកាត់ដីបឹងទន្លេសាប ក្នុងតំបន់៣ មកជាតំបន់២ផងដែរ និងប្តេជ្ញា អនុវត្តច្បាប់តឹងរឹងចំពោះករណីទន្ទ្រានដីរដ្ឋនៅតំបន់នោះ។
ប្រឹក្សាជាតិប្រឆាំងអំពើពុករលួយក៏បានឱ្យដឹងផងដែរថា អ.ប.ព. ក៏បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹង ដែលមានក្នុងខែវិច្ឆិកា សរុបចំនួន៣៦ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿងចំនួន៤ ដែលមានជនសង្ស័យចំនួន ៩រូប ទៅសាលាដំបូងខេត្តតាកែវ និងរាជធានីភ្នំពេញផងដែរ។
ករណីក្នុងខេត្តតាកែវនោះផងដែរ អ.ប.ព. បានចាត់ការផ្លូវច្បាប់ទៅលើ ឈ្មោះ ហេង វុទ្ធី នាយកទីចាត់ការផែនការ និងវិនិយោគ នៃសាលាខេត្តតាកែវ និងបក្សពួក ២នាក់ទៀត ពាក់ព័ន្ធទៅនឹង ការរំលោភអំណាចក្នុងការងារលទ្ធកម្ម កិបកេងប្រាក់ជាង ១ពាន់លានរៀល ពីគម្រោង អភិវឌ្ឍន៍ តាមឃុំភូមិ។
ក្នុងខែ វិច្ឆិកាកន្លងមកនេះ អ.ប.ពក៏មានចំណាត់ការផ្លូវច្បាប់ ចំពោះ ការប្រើឥទ្ធិពលទៅលើរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងការដោះដូរដីពន្ធនាគារចាស់ សាងសង់ពន្ធនាគារថ្មី៕