ភ្នំពេញ៖ សាលារៀនជាង ១០០ នៅទូទាំងប្រទេសកម្ពុជា នៅតែប្រឈមនឹងបញ្ហានេះ ដោយនៅបន្ដមានសំណង់លំនៅឋានប្រជាពលរដ្ឋស្ថិតនៅក្នុងបរិវេណនោះ។ នេះបើយោងតាមលោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា (MoEYS)។
ការរស់នៅលើទីតាំងកន្លែងអប់រំទាំងនេះបានបង្កើតឧបសគ្គយ៉ាងខ្លាំងសម្រាប់ប្រព័ន្ធអប់រំរបស់ប្រទេស ដោយរំខានទាំងបរិយាកាសនៃការសិក្សា ការបង្រៀន និងបរិស្ថាន។
លោកស្រី វិច្ឆិកា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ដោយមានកិច្ចសហការពីថ្នាក់គ្រប់គ្រង និងអ្នកពាក់ព័ន្ធទាំងអស់ យើងបានដោះស្រាយបញ្ហានេះជាបណ្តើរៗហើយ»។
សម្រាប់គ្រួសារខ្មែរជាច្រើន ដែលរងនូវទុក្ខវេទនាក្រោមរបបសម័យខ្មែរក្រហម ពួកគេបាត់បង់ទាំងសាច់ញាតិ និងទ្រព្យសម្បត្ដិ ដោយអ្នកខ្លះកាន់កាប់ទ្រព្យសម្បត្តិរបស់រដ្ឋ ជាពិសេសសាលារៀន សម្រាប់ការរស់នៅកន្លែងទាំងនេះបន្ទាប់ពីរបបប៉ុលពតដួលរលំ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានកត់សម្គាល់ថា សាលារៀនមួយចំនួនក្នុងរាជធានីត្រូវបានប្រជាពលរដ្ឋកាន់កាប់តាំងពីឆ្នាំ ១៩៧៩ មកម្ល៉េះ ដែលបង្កើតជាឧបសគ្គសម្រាប់វិស័យអប់រំក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិទាំងនេះឱ្យបានពេញលេញ។
លោក ស៊ីណារ៉េត បាននិយាយថា៖ «សម្រាប់សាលានៅក្នុងរាជធានីភ្នំពេញ ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ សាលារៀនមួយចំនួន បានជួបនូវការចូលស្នាក់នៅរបស់ប្រជាពលរដ្ឋ»។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ករណីនេះមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានកសាងឯកសារផ្ញើជូនទៅក្រសួងអប់រំ យុវជន និងកីឡា ជ្រាបអំពីស្ថានភាពស្នាក់នៅរបស់ប្រជាពលរដ្ឋក្នុងសាលាទាំងនោះ»។
លោក ស៊ីណារ៉េត បានឱ្យដឹងថា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ បានផ្ដល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ ចំពោះការប្រើប្រាស់ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ។
លោកបន្ដថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា ក៏ធ្លាប់បានដោះស្រាយជាគោលនយោបាយ ដើម្បីឱ្យប្រជាពលរដ្ឋស្នាក់នៅក្នុងសាលាទាំងនោះ ទៅរកទីលំនៅថ្មី ឱ្យបានសមរម្យហើយប្រគល់កន្លែងស្នាក់នៅមកឱ្យសាលាវិញ។
ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងសំណង់» ធ្វើឡើងក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងប្រតិភូមកពីមន្ទីរនានាខេត្ត បានបង្ហាញពីសារៈសំខាន់នៃការគ្រប់គ្រងទ្រព្យសម្បត្តិប្រកបដោយប្រសិទ្ធភាពក្នុងការជួយដល់ការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា។
នៅក្នុងសុន្ទរកថាក្នុងពិធីបិទកាលពីថ្ងៃទី២៦ ខែវិច្ឆិកា លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលនេះក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ជាពិសេសក្នុងយុគសម័យឌីជីថល។
វគ្គបណ្តុះបណ្តាលនេះស្របតាមកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដ៏ទូលំទូលាយរបស់ក្រសួង ដែលត្រូវបានរៀបចំឡើងដើម្បីជំរុញប្រព័ន្ធហិរញ្ញវត្ថុសាធារណៈតាមវិមជ្ឈការ និងលទ្ធកម្ម ស្របតាមស្តង់ដាអន្តរជាតិ និងការអនុវត្តល្អបំផុត។
លោកបានថ្លែងថា៖ «ខ្ញុំបានលើកទឹកចិត្តឱ្យក្រុមការងារពាក់ព័ន្ធ មានគោលការណ៍ច្បាស់លាស់ ត្រូវស្វែងរកនូវដំណោះស្រាយផ្សេងៗ ជាពិសេសមានការរៀបចំប្លង់រឹង មានបញ្ជីសារពើភ័ណ្ឌនិងនិតិវិធីឱ្យបានត្រឹមត្រូវ»។
លោកបន្ដថា៖ «ខ្ញុំក៏បានស្នើសុំឱ្យអង្គភាពចាត់វិធានការក្នុងការពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឱ្យមានប្រសិទ្ធភាពនិងតម្លាភាព ដែលជាស្ពានឈានទៅដល់ការពង្រឹងគុណភាពវិស័យអប់រំ ជាពិសេសការលើកកម្ពស់ និងជួយគាំទ្រលើចក្ខុវិស័យរបស់ក្រសួងក្នុងការប្រែក្លាយសាលារៀនទូទៅឱ្យទៅជាសាលារៀនគំរូ»។
លោករដ្ឋមន្ដ្រីបានឱ្យពិនិត្យអស់លទ្ធភាព ដើម្បីកែច្នៃ និងប្រើប្រាស់ឡើងវិញនូវធនធាន និងទ្រព្យសម្បត្តិរដ្ឋណាដែលបាក់បែក ខូចខាត ឬបាត់បង់សមត្ថភាពមុខងារតាមរយៈគោលការណ៍ «សន្សំសំចៃធនធាន និងការទាញអត្ថប្រយោជន៍ធនធានសម្រាប់ប្រើប្រាស់ឱ្យអស់សក្តានុពល» និង «លុបបំបាត់គំនិតខ្ជះខ្ជាយនិយមលើការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។
ចំពោះការអនុវត្តស្តង់ដាសាលារៀនគំរូ ក្រសួង ក៏ដូចជា មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បាននិងកំពុងជំរុញលើកទឹកចិត្តឱ្យសាលាទាំងអស់ក្នុងរាជធានីភ្នំពេញយកអស់លទ្ធភាពចូលរួមអនុវត្តនូវស្តង់ដារសាលារៀនគំរូ ដែលមានលក្ខខណ្ឌ និងសូចនាករ ដែលក្រសួងបានកំណត់។
លោក ស៊ីណារ៉េត បានថ្លែងថា៖ ជាក់ស្ដែងឆ្នាំសិក្សាកន្លងមក យើងបានបញ្ចូលសាលារៀនទាំងសាលាមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា ចូលក្នុងបញ្ជីសាលាដែលបានអនុវត្តស្តង់ដាសាលារៀនគំរូ»។
លោកបានបន្ដថា ឆ្នាំបន្តបន្ទាប់ មន្ទីរក៏បានត្រៀមដាក់បញ្ចូលបន្ថែមក្នុងបញ្ជីសាលាអនុវត្តស្តង់ដាសាលារៀនគំរូដោយបានចុះធ្វើអធិការកិច្ចជួយជំរុញដល់សាលាដែលមានសក្តានុពល ជាពិសេសបំពេញតាមលក្ខខណ្ឌស្តង់ដា សូចនាករ របស់ស្តង់ដាសាលារៀនគំរូ ដែលក្រសួងបានកំណត់។
ចំពោះសាលារៀនដែលមានស្ថានភាព និងការអនុវត្តមិនទាន់បានសមស្របតាមស្តង់ដាសាលារៀនគំរូ ក្រុមការងាររបស់មន្ទីរ បាននិងកំពុងចុះបន្តពង្រឹងការអនុវត្តតួនាទីភារកិច្ច ទាំងការងារគ្រប់គ្រង ទាំងការងាររដ្ឋបាល ទាំងការងារបង្រៀន និងរៀន ទាំងការងារបរិស្ថាន និងទំនាក់ទំនងសហគមន៍៕