ខេត្ដ​ស្វាយរៀង៖ ឧបទ្ទវហេតុទាក់ទង​ការ​បាញ់​ប្រហារ​ដោយ​ភាន់​ច្រឡំ​ទៅលើ​រថយន្ដ​ប្រជាពលរដ្ឋ​ ដែល​បង្ក​ការ​រិះគន់​ដល់​សមត្ថកិច្ច​ខេត្ដ​ព្រៃវែង​ ត្រូវបាន​ស្រាយ​ចម្ងល់​នៅពេល​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌបាន​បង្ក្រាប​ឧក្រិដ្ឋជន​​ដែល​ជាជនជាតិ​វៀតណាម​ចំនួន ១២​​នាក់​​។

យោងតាម​នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បាន​ប្រកាស​ កាលពីថ្ងៃទី​២៩ ខែធ្នូម្សិលមិញថា៖ «កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បង្ក្រាប​ដោយ​ជោគជ័យ​ករណី​ចាប់ជំរិត​ជនជាតិ​ចិន នៅ​ក្រុង​បាវិត​ ឧក្រិដ្ឋជន​វៀតណាម​១២​នាក់ ត្រូវបាន​ចាប់ខ្លួន​»។

ប្រភពពី​នាយកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បាន​ឱ្យដឹងថា ​កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៤ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បានទទួល​បណ្តឹង​ករណី​ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់​មាន​ស្ថាន​ទម្ងន់ទោស។

ការ​ចាប់​របង្ខាំងនោះ​ត្រូវបាន​ធ្វើ​ឡើង​នៅ​ចំណុច​សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ទៅលើ​ជនរងគ្រោះ​ឈ្មោះ CHEN YITONG ភេទ​ប្រុស អាយុ​ ២៥​ឆ្នាំ ជនជាតិ​ចិន បង្កឡើង​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយក្រុម ជិះ​រថយន្ត​ម៉ាក​ស្តា​រិច ពណ៌​ស មិន​ស្គាល​ផ្លាកលេខ​។​

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បាន​បន្ដថា៖ «​លុះ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង ១២៖០០​នាទី​រសៀល កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​រកឃើញ ជនរងគ្រោះ​ខាងលើ​ត្រូវបាន​ក្រុម​ជនសង្ស័យ​បង្ខាំង​ចាក់ សោរ​ទុក​នៅក្នុង​ផ្ទះជួល​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​តា​ពៅ សង្កាត់​បាវិត ខេត្តស្វាយរៀង និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​ ១២​នាក់»។

គួរ​បញ្ជាក់ថា ជនសង្ស័យទាំងនោះ​មាន​ប្រុស​ចំនួន ១០​នាក់ និង​ស្ដ្រី ២នាក់​ អាយុពី ១៧ ទៅ ៣៥​ឆ្នាំ ដែល​សុទ្ធ​សឹង​ជា​ជនជាតិ​វៀតណាម។

ទាក់ទងនឹងការ​បាញ់​ច្រឡំទៅលើរថយន្ដ​ប្រជាពលរដ្ឋ​នេះ សមត្ថកិច្ច​ខេត្ដ​ព្រៃវែង​ទទួលស្គាល់​កំហុស និង​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ឧបទ្ទវហេតុ​នៃ​ការសម្រេចចិត្ត​បំផ្ទុះ​អាវុធ​បាញ់​លើ​រថយន្ដ​ស្ដា​វិច ដែល​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​រងរបួស នៅថ្ងៃ​​ទី ២៧ ខែធ្នូ ចំណុច ក អណ្ដើក លើផ្លូវ​ជាតិ​លេខ ០១ ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​

ថ្លៃ​ព្យាបាល​ទាំងស្រុង និង​សំណង​ផ្សេងៗ​ទៀត ជាការ​រ៉ាប់រង​ពី​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។

ស្នងការដ្ឋាន​នរគបាល​ខេត្ដព្រៃវែង បាន​ស្រាយ​បំភ្លឺ​កាលពី​ថ្ងៃទី២៨ ខែធ្នូ មូលហេតុ​នាំ​ឱ្យ​ផ្ទុះ​អាវុធ គឺ​​រថយន្ត​ស្តា​រិច​ពណ៌​ស​នេះ​ត្រូវបាន​កម្លាំង​ភ្នាក់ងារ​សម្ងាត់​ផ្តល់ព័ត៌មាន​​មក​ថា ជា​រថយន្ត​របស់​ឧក្រិដ្ឋជន​កំពុង​ដឹក​ជនរងគ្រោះ​ក្នុងករណី​ចាប់កម្រិត​ទាមទារ​ប្រាក់​ពី​ខេត្តស្វាយរៀង​​។

ជួន​ពេល​មាន​ការប្រដេញតាម​ពីសំណាក់​សមត្ថកិច្ច អ្នកបើកបរ​ដែល​ដឹក​កុមារ​បាក់​ដៃ​ម្នាក់ទៅ​ព្យាបាល​នៅ​ភ្នំពេញ ទំនងជា​ភ័យ​ពេក​ក៏​ថយ​បុក​រថយន្ត​សមត្ថកិច្ច ដែល​ធ្វើ​ឱ្យ​សមត្ថកិច្ច​កាន់តែ​ភាន់​ច្រឡំ​។

យ៉ាងណាមិញ នគរបាល​ខេត្តព្រៃវែង បាន​រៀបចំ​សំណុំរឿង​ជូន​ដល់​ក្រុម​រថយន្ដ​រង​គ្រោះ​ ដើម្បី​ពួកគេ​​ទាមទារ​សំណង​ផ្សេងៗ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន៕ ​