ភ្នំពេញៈ ក្នុងរដូវប្រាំង នៅពេលការប្រមូលផលទឹកឃ្មុំព្រៃកំពុងតែឈានចូលមកដល់ មន្រ្តីបរិស្ថាន និងដៃគូអភិរក្សបានអំពាវនាវឱ្យមានការដកហូតទឹកឃ្មុំប្រកបដោយនិរន្តរភាព ហើយថែរក្សាព្រៃឈើ ដែលជាជម្រកសត្វឃ្មុំ ជាពិសសគឺប្រភេទរុក្ខជាតិ ដែលទាក់ទាញសត្វឃ្មុំ ដូចជាផ្កាអរគីដេ និងប្រទាលព្រៃជាដើម។
នាយកដែនជម្រកភ្នំពេ្រច-លំផាត់ ក្នុងខេត្តមណ្ឌលគិរី លោកព្រំ វិបុលរតនៈបានសង្កេតឃើញថា ប្រជាសហគមន៍ស្ទើតែគ្រប់ផ្ទះតែងតែចេញទៅរកឃ្មុំព្រៃ នៅក្នុងរដូវប្រាំង ដើម្បីរកប្រាក់ចំណូលបន្ថែម។
លោកបន្តថា ទឹកឃ្មុំនៅដើមរដូវប្រាំង ដែលចាប់ពីខែកុម្ភៈ ដល់ខែឧសភា វាខាប់ និងមានគុណភាពល្អ ដែលមានតម្លៃ យ៉ាងហោចណាស់៥ម៉ឺនរៀល ក្នុង១លីត្រ ប៉ុន្តែនៅពេលចុងរដូវប្រាំង ដែលចាប់ផ្តើមមានភ្លៀងធ្លាក់ប្រហែលជាខែមិថុនា តម្លៃទឹកឃ្មុំបានធ្លាក់មកនៅ ប្រហែលជា៣៥ ០០០ ទៅ៤០ ០០០រៀលវិញ។
លោកបញ្ជាក់ថា៖«ទឹកឃ្មុំ នៅមណ្ឌលគិរីខុសគ្នា ដោយតំបន់ដែរ។ នៅមេម៉ង់ វាសម្បូរ ដោយព្រៃស្រោង ដែលមានប្រទាលជាច្រើនប្រភេទ។ អញ្ជឹងទឹកឃ្មុំ ពណ៌រាងក្រម៉ៅ ហើយឆ្ងុយប្រទាល។ ដោយឡែកនៅខាងពូជ្រៃ វាសម្បូរដើមជ័រទឹក ឈើទាល អញ្ជឹងទឹកឃ្មុំពណ៌រាងលឿង ដូចសាច់ល្ពៅ។ វាឆ្ងុយ ផ្អែមជាង។ នៅ ដាក់ដាំ មានជ្រោះ និងប្រទាលច្រើន វាបឺតលំអងផ្កា។ ចាស់ៗ គេចង់ប្រើតែទឹកឃ្មុំ ដែលបឺតពីប្រទាល ផ្កាឈើគ្រប់ប្រភេទហ្នឹង»។
តំបន់ការពារតំបន់ធនធានធម្មជាតិក្នុងខេត្តមណ្ឌលគិរី មានទំហំជាង ១លានហិកតា ដូចជាដែនជម្រកសត្វព្រៃកែវសីមា ស្រែពក ភ្នំព្រេច ភ្នំណាមលៀ និង ដែនជម្រកសត្វព្រៃលំផាត់។
ដើម្បីរក្សាប្រព័ន្ធអេកូឡូស៊ី ជម្រកសត្វឃ្មុំ ក៏ដូចជាសត្វព្រៃផ្សេងៗទៀត លោកវិបុលរតនៈ បានអំពាវនាវឱ្យមានការចូលរួមការពារព្រៃឈើ ជាពិសេស ការពារកុំឱ្យភ្លៀងឆេះព្រៃ នៅក្នុងរដូវប្រាំងនេះ និងមិនត្រូវធ្វើការដកហូតប្រភេទផ្កា និងរុក្ខជាតិ ដែលទាក់ទាញសត្វឃ្មុំ ដូចជាផ្កាអរគីដេ និងប្រភេទប្រទាលផ្សេងៗជាដើម។
លោកថ្លែងថា៖«សូមលើកទឹកចិត្តឱ្យរក្សាឱ្យបាននូវប្រព័ន្ធអេកូឡូស៊ី ដូចជាផ្កានៅក្នុងតំបន់ទាំងអស់មិនឱ្យយកចេញទេ ដូចផ្កាអរគីដេជាដើម ទប់ស្កាត់កុំឱ្យយកចេញ ព្រោះអរគីដេច្រើនទៅ ធ្វើឱ្យមានឃ្មុំ និងទឹកឃ្មុំច្រើនដែរ។ ផ្កា្កក្នុងព្រៃធម្មជាតិហ្នឹងទាក់ទាញច្រើន»។
អង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP- EP Cambodia)ក៏បានអំពាវនាវឱ្យមានការប្រមូលផលទឹកឃ្មុំប្របកដោយនិរន្តរភាពផងដែរ។
ក្នុងនោះ គឺការប្រមូលទឹកឃ្មុំទៅតាមរដូវ និងពេលវេលា ដែលសមស្រប ដោយការយកទឹកឃ្មុំ ត្រឹមតែ៧០ភាគរយប៉ុណ្ណោះ ហើយត្រូវរក្សាទុក៣០ ភាគរយ ដើម្បីទុកចិញ្ចឹមកូនរបស់វា។ ការធ្វើបែបនេះ អាចមានលទ្ធភាពប្រមូលទឹកឃ្មុំ បានពី២ទៅ៣ដង និងរក្សាឃ្មុំឱ្យនៅគង់វង្សផងដែរ។
អង្គការបានលើកឡើងថា សត្វឃ្មុំ និងទឹកឃ្មុំផ្តល់ផលប្រយោជន៍ជាច្រើនដល់មនុស្ស សត្វ រុក្ខជាតិ និង ជីវចម្រុះផ្សេងៗនៅលើផែនដី ស្ទើគ្រប់វិស័យ។
ក្នុងនោះ ក្នុងវិស័យកសិកម្ម វាជួយរួមចំណែក ក្នុងការផលិតបន្លែ ផ្លែឈើ តាមរយៈការនាំយកលំអងផ្កាមួយ ទៅប៉ះគ្នានឹងលំអងផ្កាមួយទៀត ដែលបង្កើតបានជាផ្លែ និងគ្រាប់ពូជនានា សម្រាប់ធ្វើស្បៀង។
ក្នុងវិស័យសេដ្ឋកិច្ចវិញ សត្វឃ្មុំបានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយជីវភាពរបស់ប្រជាជននៅក្នុងសហគមន៍តាមរយៈការលក់ទឹកឃ្មុំ និងសំបុកឃ្មុំ ហើយនិងចូលរួមក្នុងការទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិផងដែរ។
ម្យ៉ាងវិញទៀត ទឹកឃ្មុំត្រូវបានគេយកទៅប្រើប្រាស់ជាឱសថសម្រាប់ជួយដល់សុខភាព និងសម្រស់របស់មនុស្សផងដែរ។
អង្គការក៏បានអំពាវនាវឱ្យពលរដ្ឋចូលរួមការពារឃ្មុំព្រៃ តាមរយៈការអភិរក្ស និងស្ដារព្រៃឈើឡើងវិញ ដែលជា ជម្រក អាហារ និងទឹកសម្រាប់ពពួកឃ្មុំព្រៃត្រូវការជាចាំបាច់។
លើសពីនោះ ក៏ត្រូវកាត់បន្ថយការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងចូលរួមដាំដំណាំចម្រុះនៅក្នុងចំការ ដើម្បីបង្កើននូវចំនួនឃ្មុំព្រៃឡើងវិញជាដើម។
អង្គការ WWF-កម្ពុជាបានប៉ាន់ស្មានថា ព្រៃឈើទំហំតែជាង៩ម៉ឺនហិកតានៅក្នុងដែនជម្រកសត្វព្រៃចំនួន២ក្នុងខេត្តមណ្ឌលគិរី អាចផ្តល់ទិន្នផលទឹកឃ្មុំព្រៃរហូតដល់ ១៥០តោន ដែលអាចផ្តល់ជាចំណូលរហូតដល់ទៅ ៣,៦លានដុល្លារអាមេរិកសម្រាប់សហគមន៍មូលដ្ឋានក្នុងមួយឆ្នាំៗ។
អង្គការ WWF-កម្ពុជា និងដៃគូកំពុងតែជួយសមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី ដើម្បីលើកកម្ពស់ការប្រមូលទឹកឃ្មុំប្រកបដោយនិរន្តរភាព តាមរយៈម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៃ "ទឹកឃ្មុំព្រៃមណ្ឌលគិរី"។
គំនិតផ្តួចផ្តើមនេះជួយលើកកម្ពស់ជីវភាពពលរដ្ឋមូលដ្ឋាន ហើយក៏ជួយការពារព្រៃឈើសម្រាប់អនាគតមនុស្សទាំងគ្នាផងដែរ៕