សីតុណ្ហភាពនៅរដូវប្រាំងឆ្នាំ២០២៥ ខាងមុខនេះ មិនសូវក្ដៅខ្លាំងដូចឆ្នាំ២០២៤ទេ ពោលគឺសីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមានឹងទាបជាងមធ្យមភាគច្រើនឆ្នាំ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។
សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនៅថ្ងៃទី៣០ ខែធ្នូនេះ ស្តីពីការព្យាករអាកាសធាតុលើកទី១ បញ្ជាក់ថា ក្រសួងបានធ្វើការតាមដាន និងព្យាករណ៍ស្ថានភាពអាកាសធាតុទៅលើបាតុភូតសកល ហើយបើយោងតាមការព្យាករស្តីពីស្ថានភាពវិវត្តនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និង តំបន់អេក្វាទ័របង្ហាញឱ្យឃើញថា ចាប់ពីខែមករា ដល់ខែឧសភា បាតុភូតឡានីណានឹងថយចុះពី ៦០ភាគរយ មក ៤០ភាគរយ ដោយជំនួសមកវិញនូវបាតុភូតអែនសូអព្យាក្រឹត (ENSO-Neutral) ដែលនឹងកើនឡើងពី ៦០ភាគរយ ទៅ ៨០ភាគរយ។
ក្រសួងបន្តបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យរដូវប្រាំង មានសីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមាទាបជាងមធ្យមភាគច្រើនឆ្នាំ។ កម្រិតភ្លៀងកក់ខែក៏មានច្រើនជាងឆ្នាំ២០២៤ ជាមួយបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់កើតច្រើន។
រដូវវស្សាក៏អាចនឹងចាប់ផ្តើមលឿនជាងនៅឆ្នាំ២០២៤ ផងដែរ គឺនៅក្នុងសប្តាហ៍ទី១ ឬទី២ នៃខែឧសភា ហើយសីតុណ្ហភាពនៅរដូវវស្សា ក៏មានទាបជាងមធ្យមភាគច្រើនឆ្នាំ ផងដែរ។
ក្រសួងបញ្ជាក់ថា៖ «បរិមាណទឹកភ្លៀង[នៅរដូវវស្សា] មានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ កម្រិតបរិមាណទឹកភ្លៀង ពីមធ្យមទៅបង្គួរ ជាមួយនឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ។ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតច្រើន»។
ក្រសួងអំពាវនាវឲ្យពលរដ្ឋមានការប្រើប្រាស់ទឹកនៅក្នុងរយៈពេល ៣ ខែដំបូង ជាពិសេសតំបន់ជនបទដែលនៅឆ្ងាយពីប្រភពទឹក និងរំឭកឲ្យមានប្រុងប្រយ័ត្នចំពោះអាកាសធាតុ ដែលមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើននៅក្នុងខែមេសា និងខែឧសភា»៕