ភ្នំពេញៈ ក្រសួងសុខាភិបាលបានអំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះ ជំងឺផ្លូវដង្ហើមគ្រប់ប្រភេទ ក្នុង​អំ​ឡុង​​ពេល​​អាកាសធាតុចុះត្រជាក់​នេះ ជាពិសេសវីរុស យូមិនមេតាភ្នឺម៉ូវីរុស (Muman Metapneumovirus-HMPV)។

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី៣០ ខែធ្នូនេះ បានឱ្យដឹងថា ថ្មីៗនេះ​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័​ត៌​មាន​មួយចំនួន បានផ្សាយព័ត៌មានពីការផ្ទុះឡើងនៃយូមិនមេតាភ្នឺម៉ូវីរុស បង្កឱ្យមានជំងឺផ្លូវដង្ហើម។ 

ការបង្ក​ឱ្យ​មាន​ជំ​ងឺផ្លូ​វដ​ង្ហើមនេះ មានរោគសញ្ញាស្រដៀង ទៅនឹងជំងឺផ្តាសាយធំ ដូចជា គ្រុនផ្តាសាយ ហូរសំបោរ រលាកបំពង់ក ក្អក កណ្តាស់។ 

ក្រសួងបញ្ជាក់ថា៖«យូមិនមេតាភ្នឺម៉ូវីរុស អាច បណ្តាលជាជំងឺធ្ងន់ធ្ងរលើទារក កុមារ មនុស្សវ័យចំណាស់លើសពី៦៥ឆ្នាំ ឬអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ»។

យូមិនមេតាភ្នឺម៉ូវីរុស ត្រូវបានរកឃើញដំបូងក្នុងឆ្នាំ២០០១ នៅប្រទេសហូឡង់។ ប្រទេសកម្ពុជាក៏ធ្លាប់រកឃើញ ជំងឺ​នេះ​លើ​កុមារ ក្នុងអំឡុងឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩។ ទោះយ៉ាងណា នៅកម្ពុជា ដោយសារអាកាសធាតុមិនត្រជាក់ខ្លាំង ជំងឺ នេះ មិន​សូវធ្ងន់ធ្ងរ ដូចជំងឺគ្រុនផ្តាសាយធំទេ ហើយកុមារភាគច្រើនបានជាសះស្បើយឡើងវិញ។ 

អ្នកវិទ្យាសាស្ត្រ បានប៉ាន់ស្មានថាប្រហែលពី១០ ទៅ ១២ភាគរយ នៃជំងឺផ្លូវដង្ហើមចំពោះកុមារ គឺបណ្តាលមក​ពីយូមិន​មេតាភ្នឺម៉ូវីរុស ។ ករណីភាគច្រើនគឺស្រាល ប៉ុន្តែប្រហែលពី ៦ ទៅ ១៦ភាគរយ នៃកុមារនឹង​វិវត្តទៅជាជំងឺ​រលាក​ទង​សួត រលាកសួត។

ក្រសួងបានលើកឡើងថា វីរុសនេះឆ្លងតាមការក្អក និងកណ្តាស់ ឬ ការប៉ះពាល់ជិតស្និទ្ធ ដូចជាការប៉ះ ឬចាប់ដៃគ្នា ឱប ថើប ប៉ះវត្ថុ ឬផ្ទៃដែលមានមេរោគ បន្ទាប់មកប៉ះ មាត់ ច្រមុះ ឬភ្នែក។ 

រោគសញ្ញានៃជំងឺនេះ រួមមាន ក្អក គ្រុនក្តៅ តឹង​ច្រមុះ ហូរសំបោរ និងហត់ (ដង្ហើមខ្លី) អាចវិវត្តទៅជាជំងឺ រលាកទងសួត ឬជំងឺរលាកសួត ហើយស្រដៀងគ្នាទៅ​នឹង​រោគ​សញ្ញា នៃជំងឺផ្លូវដង្ហើមដែលបណ្តាលមកពីមេរោគផ្សេងទៀត។ រយៈពេលពីការឆ្លងទៅដល់ចេញរោគសញ្ញា (រយៈពេលសំងំ) គឺពី៣ ទៅ ៦ថ្ងៃ។

ក្រសួងបានណែនាំថា ដើម្បីការពារពីការឆ្លងវីរុសនេះ និងមេរោគបង្កជំងឺផ្លូវដង្ហើមផ្សេងទៀត គឺត្រូវប្រកាន់ភ្ជាប់​អនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬទឹកអាល់កុលលាងដៃ ហើយចៀសវាង យក​ដៃលោក​អ្នកទៅប៉ះ​ពាល់​ភ្នែក ច្រមុះនិង មាត់ ប្រសិនបើមិនទាន់បានលាងសម្អាតទេនោះ។ 

ក្រៅពីនោះ​ នៅពេលក្អក ឬ កណ្តាស់ ត្រូវ​ខ្ទប់​មាត់​ជាមួ​យក្រ​ដាស ក្រណាត់ ឬកន្សែងស្អាត ប្រើផ្នត់កែងដៃអាវខ្ទប់មាត់ និង ពាក់ម៉ាស់ ដើម្បីបង្ការការចម្លងទៅអ្នកដទៃ។ 

បន្ថែមពីនោះ គឺមិនត្រូវប្រើបាតដៃខ្ទប់មាត់របស់អ្នកផ្ទាល់ទេ។ បើប្រាស្រ័យទាក់ទងជាមួយអ្នកឈឺ ត្រូវចេះការពារខ្លួន​កុំឱ្យមានការចម្លងរោគ ដោយត្រូវពាក់ម៉ាស់ និង អនុវត្តវិធាន ការ បង្ការការ ចម្លងដូចរៀបរាប់ខាងលើ។​ ហើយ​ត្រូវ​ចៀស​វាង ការចែករំលែកកែវទឹក និងបរិក្ខារបរិភោគជាមួយអ្នកដទៃ។

លើសពីនោះ នៅពេលអាកាសធាតុចុះត្រជាក់ សូមស្លៀកពាក់សម្លៀកបំពាក់ក្រាស់សមស្រប ដើម្បីបង្ការភាពត្រជាក់ ជា ពិសេសទារក កុមារនិង មនុស្សវ័យចំណាស់ ដែលងាយនឹងឈឺដោយសារអាកាសធាតុត្រជាក់។

ក្រសួងបានណែនាំឱ្យស្វែងរកការពិគ្រោះជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ប្រសិនបើមានរោគសញ្ញា ពិបាកដក ដង្ហើម គ្រុនក្តៅ ក្អក ឈឺក និងឈឺសាច់ដុំ ឬមានបញ្ហាសុខភាពផ្សេងទៀត។​ក្នុងករណីឃើញមាន​ជំងឺផ្តាសាយកើត​ឡើង​ច្រើន​ក្នុងសហគមន៍ សូមរាយការណ៍ជាបន្ទាន់ទៅលេខ ១១៥៕