ព្រះសីហនុៈ យ៉ាងហោចណាស់មនុស្សចំនួន៤១នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងក្រុងព្រះសីហនុ ដោយ​សារ​តែ​បរិភោគ នំសាំងវិច ដែលមានផ្ទុកប៉ាតេរីចំនួន២ប្រភេទ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។ នេះ​បើយោង​តាមអគ្គ​នាយក​ដ្ឋាន​ការ​ពារអ្នកប្រើ ប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​(ក.ប.ប)នៅថ្ងៃទី៣១ ខែធ្នូនេះ។ 

ក.ប.ប.បានឱ្យដឹងថា មនុស្សចំនួន៤១នាក់នោះ មានអាការៈរាគរូស និងក្អួតចង្អោរ ហើយ​ត្រូវ​បា​នប​ញ្ជូន​ទៅ​សង្គ្រោះ​បន្ទា​ន់​នៅមន្ទីពេទ្យ បន្ទាប់ពីបានទទួលទាននំសាំងវិច ដែលទិញមកពីអាហារដ្ឋានមួយកន្លែង។ ករណីនេះ ត្រូវ​បាន​ផ្តោត​ការ​សង្ស័យថា ជាករណីពុលអាហារ។ 

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ  មន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តព្រះសីហនុ បានចុះដល់ទីតាំងកើតហេតុ និង​អាហា​រដ្ឋាននោះ ដើម្បីប្រមូលព័ត៌មាន និងបានដកយកសំណាកគំរូ ដែលរួមមាននំសាំងវិច និង​គ្រឿងផ្សំ​សម្រាប់​ផលិតនំសាំងវិចចំនួន ១២គំរូ ដើម្បីបញ្ជូនមកមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើ​កា​រវិ​ភាគ​រ​កក​ត្តា​ប​ង្កគ្រោះ​ថ្នាក់​នា​នា​។

ក.ប.ប បញ្ជាក់ថា៖«លទ្ធផលវិភាគបានបង្ហាញថា សំណាកគំរូ ដែលទទួលបានពីកន្លែងកើតហេតុ ត្រូវបានរកឃើញ វត្តមាន​បាក់​តេរីប្រភេទ អ៊ីកូឡាយ(E-coli) ក្នុងបរិមាណលើសកម្រិតអនុញ្ញាត ពោលគឺចំនួនច្រើនជាង ១០០ CFU/g និងមាន វត្តមាន បាក់តេរីប្រភេទ ស្តាហ្វីឡូកូកឹសអូរៀស (Staphylococcus aureus) ក្នុងបរិមាណលើស​កម្រិត​សុវ​ត្ថិភាព ពោលគឺចំនួនច្រើនជាង ១០.០០០ CFU/g»។ 

ក.ប.ប បានលើកឡើងថា ស្តាហ្វីឡូកូកឹសអូរៀស (Staphylococcus aureus) អាចនឹងបង្កការពុលអាហារ បន្ទាប់ពីបាន​ទទួលទានអាហារមានផ្ទុកបាក់តេរីប្រភេទនេះ ក្នុងរយៈពេលចាប់ពី១ ទៅ៦ម៉ោង ដោយបង្ហាញ​ចេញនូវ​អាការៈរោគ​មួយ​ចំនួនដូចជា ក្អួតចង្អោរ ចុកពោះ និង រាគរូសជាដើម។

មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានឱ្យដឹងដែរថា ក្រោយពីទទួលបានព័ត៌មានពីការ​ពុល​សាំ​ងវិចនេះមក ក្រុម​កា​រងា​រ​ម​ន្ទីរសុខា​ភិបាលខេត្ត ដែលរួមមានក្រុមឆ្លើយតបបន្ទាន់ និងក្រុមការងារសុវត្ថិភាពចំណីអាហារ បាន​ចុះ​ធ្វើកា​រអ​ង្កេត​ស្រាវ​ជ្រាវ​លើករណីនេះ កាលពីព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៤។  

ក្រុមការងារបានជួបជាមួយអ្នកជំងឺ ៥នាក់ ដែលបានចូលសំរាកព្យាបាលនៅមន្ទីរពេទ្យកាលពីយប់ថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០២៤។ ពួកគាត់មានអាការៈពុលចំណីអាហារដូចជា៖ ក្តៅខ្លួន រាក ក្អួត ចង្អោរ ចុកពោះ ឈឺ ក្បាល អស់កម្លាំង និង ខ្សោះជាតិទឹក ប៉ុន្តែ បន្ទាប់ពីបានទទួលការព្យាបាលនាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៤ នេះអ្នក ជំងឺទាំង ៥នាក់នោះ​បានធូស្បើយហើយ។

មន្ទីរសុខាភិបាលបានចាត់វិធានការបឋម ដោយចាត់ក្រុម ការងារសុវត្ថិភាពចំណីអាហារ ចុះណែ​នាំលើ​អនាម័យចំណី​អាហារចំពោះទីតាំងអាហារដ្ឋានដែលបានលក់នំសាំងវ៉ិចនេះ។

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ លោកស្រីលឹម សាមានបានឱ្យដឹងថា ការពុលនេះ មិនមានករណីធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិតនោះទេ។ 

លោកស្រីបញ្ជាក់ថា៖«ពួកគាត់ទាំង៥នាក់បានចូលសម្រាកពេទ្យ ពីថ្ងៃទី២៧មក ហើយបានចេញពីពេទ្យ​ព្រឹកនេះ​ហើយ [ថ្ងៃអង្គារ ទី៣១]។ យើងបានចុះទៅធ្វើការណែនាំនៅហ៊ាង»។ លោកស្រីបានបន្ត នៅថ្ងៃអង្គារ ទី៣១ ខែ​ធ្នូនេះ ក្រុមការងារ ដែលដឹកនាំដោយអភិបាលរងខេត្តម្នាក់ក៏បានចុះទៅធ្វើការណែនាំដល់ម្ចាស់ហ៊ាងនោះ​បន្ថែម​ទៀត​ផង​ដែរ។ 

ក.ប.ប ក៏បានលើកឡើងដែរថា វត្តមាននៃបាក់តេរីទាំង២ប្រភេទខាងលើនេះបង្ហាញថា ការអនុវត្តអនាម័យ​ក្នុងផលិត​កម្មអនាម័យ បុគ្គលិក អាច​នៅ​មិន​ទាន់បានល្អប្រសើរនៅឡើយ។​ក្នុងនាម​ជាអ​ង្គ​ភា​ព​ទទួ​លប​ន្ទុ​ក​ផ្នែ​ក​សុវ​ត្ថិ​ភាពម្ហូប​អា​ហារ ​ក.ប.ប បានធ្វើការអំពាវនាវដល់ប្រតិបត្តិករអាជីវកម្មម្ហូបអាហារទាំងអស់ ជាពិសេស អ្នករៀបចំ កែច្នៃ និង​ផលិត​ម្ហូបអាហារ ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការអនុវត្តឱ្យបានជាប្រចាំនូវគន្លឹះទាំង៥ ដែល​ធ្វើឱ្យម្ហូប​អា​ហារ​មាន​សុ​វត្ថិភាព របស់អង្គការសុខភាពពិភពលោក (WHO) ដើម្បីធានាដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ ជាពិសេស​ដើម្បី​ជួយឱ្យប្រតិបត្តិករអាជីវកម្មម្ហូបអាហាររួចផុតពីការប្រឈមចំពោះមុខច្បាប់ផងដែរ៕