ឯក​អគ្គរដ្ឋទូត​ចិន លោក វ៉ាង វិនពិន (Wang Wenbin) និង​លោក ម៉ាង ស៊ីណេត អភិបាល​ខេត្ត​ព្រះសីហនុ បាន​ឯកភាព​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ចិន និង​ខេត្ត​ព្រះសីហនុ ក្នុង​វិស័យ​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ការ​វិនិយោគ​ ទេសចរណ៍ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លេង​ល្បែង​អនឡាញ និង​ការ​ឆបោក​តាម​ទូរគមនាគមន៍។

ការ​អះអាង​​បែន​នេះ​ធ្វើ​ឡើង​ដោយ​លោក ​វ៉ាង វិនពិន បន្ទាប់​ពី​លោក​បាន​ជួប​ជាមួយ​លោក ម៉ាង ស៊ីណេត ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ដោយ​លោក​អះអាង​ថា កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​ជួយ​ជំរុញ​ឲ្យ​​ខេត្ត​ព្រះសីហនុ​ក្លាយ​ជា​គំរូ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​តាម​ខេត្ត ក្រុង​រវាង​ប្រទេស​ទាំង​ពីរ។

លោក​សរសេរ​នៅ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា៖ «អបអរសាទរ​ ខេត្ត​ព្រះសីហនុ ដែល​សម្រេច​បាន​ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់​លើស​ពី ​៤០០០ ​ដុល្លារ។ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ដែល​វិនិយោគ​ដោយ​ប្រទេស​ចិន​ រួម​ចំណែក​ជាង​ពាក់​កណ្តាល​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ខេត្ត​ព្រះសីហនុ។ ភ្ញៀវ​ទេសចរ​ចិន​គឺ​ជា​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ច្រើន​ជាង​គេ​ដែល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ»។

លោក ឡុង ឌីម៉ង់ អភិបាលរង​ខេត្ត​ និង​ជា​អ្នក​នាំ​ពាក្យ​ បាន​ឲ្យ​ដឹង​ថា ឯក​អគ្គរដ្ឋទូត​ចិន​បាន​សន្យា​ជួយ​ទាក់​ទាញ​អ្នក​វិនិយោគ ពង្រឹង​ពាណិជ្ជកម្ម និង​ជួយ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ខេត្ត​ព្រះសីហនុ​ដល់​ភ្ញៀវ​ទេសចរ​ចិន។ 

លោក​បន្ត​ថា ទិសដៅ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​កំណត់​រួច​ហើយ​តាម​រយៈ​ផែនការ​មេ​ ដោយ​ផ្ដោត​ទៅ​លើ​ពាណិជ្ជកម្ម​អន្តរជាតិ ដឹក​ជញ្ជូន ភស្តុភារកម្ម ឧស្សាហកម្ម កសិឧស្សាហកម្ម មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ ដូច្នេះ​ខេត្ត​នេះ​ខេត្ត​ព្រះសីហនុ​មាន​ឱកាស​ច្រើន​សម្រាប់​អ្នក​វិនិយោគ។

ពាក់​ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​ដូចជា ល្បែង​អនឡាញ និង​ការ​បោក លោក​ថ្លែង​ថា៖ «ការ​ជួយ​ផ្ដល់​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​មក គឺជា​រឿង​មួយ​សំខាន់​ដែល​ឈាន​ដល់​ការ​បង្ក្រាប ​ល្បែង​អនឡាញ​ខុស​ច្បាប់ ជា​ពិសេស​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក និង​ករ​ជួញដូរ​គ្រប់​ទម្រង់។ ស្ថានភាព​អនឡាញ​អី​ហ្នឹង​បាន​ស្ងាត់​ច្រើន​ណាស់​ ព្រោះ​ការ​ប្រឆាំង​បទ​ល្មើស​នេះ​ជា​ការ​ប្ដេជ្ញា​ចិត្ត​មួយ​មុត​មាំ​រដ្ឋាភិបាល និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទាំង​អស់»។

ទិដ្ឋភាព​ខេត្ត​ព្រះសីហនុ ក្នុង​ខែ​ធ្នូ ឆ្នាំ២០២៤។ ហុង រស្មី

លោក ហុង វណ្ណៈ អ្នក​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង​ថា បើ​ប្រៀប​ធៀប​ចំណូល​នឹង​ចំនួន​ប្រជាជន​នៃ​ខេត្ត​ព្រះសីហនុ ផលិតផល​សរុប​សម្រាប់​មនុស្ស​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ អាច​ឈាន​ដល់​ ៤០០០​ដុល្លារ ដូច​លោក វ៉ាង វិនពិន លើក​ឡើង ដោយសារ​តែ​កំណើន​នៃ​ការ​អភិវឌ្ឍ​នៃ​ខេត្ត​នេះ​កើន​ឡើង។ 

យ៉ាង​ណា​ក៏​ដោយ បច្ចុប្បន្ន​នេះ ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់​របស់​កម្ពុជា​ស្ថិត​នៅ​ក្រោម ៣០០០​ដុល្លារ។

លោក​ ហុង វណ្ណៈ បន្ត​ថា ដើម្បី​ឲ្យ​កម្ពុជា​ទទួល​បាន​ផល​ចំណេញ​ពី​ការ​អភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ ការ​គ្រប់គ្រង​ប្រភព​ចំណូល​នៅ​ខេត្ត​នេះ​គឺ​ជា​រឿង​សំខាន់។

លោក​ថ្លែង​ថា៖ «បើ​យើង​គ្រប់​គ្រង់​អត់​បាន ប្រមូល​ចំណូល​អត់​បាន ការ​វិនិយោគ​នៅ​ខេត្ត​នេះ​វា​ទៅ​ជា​រឿង​មិន​សូវ​មាន​ផល​ប្រយោជន៍​សម្រាប់​សង្គម​ជាតិ​ ហើយ​ការ​ចែក​រំលែក​ផល​ចំណេញ​ដើម្បី​ឲ្យ​សង្គម​ក្លាយ​ជា​សង្គម​ស៊ីវិល័យ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គឺ​ជា​កាតព្វកិច្ច​របស់​អ្នក​ដឹកនាំ។ ការ​អភិវឌ្ឍ​មិន​អាច​រីក​ចម្រើន​សម្រាប់​មនុស្ស​តែ​មួយ​ក្ដាប់​តូច​ទេ គ្រាន់​តែ​ថា កម្រិត​នៃ​ការ​ទទួល​បាន​ផល​ចំណេញ​វា​ខុស​គ្នា»។

មិន​ថា​នៅ​ខេត្ត​ព្រះសីហនុ ឬ​នៅ​កម្រិត​ទូទាំង​ប្រទេស​កម្ពុជា ការ​បែង​ចែក​ផល​ចំណេញ​ពី​ការ​រីក​ចម្រើន​របស់​ប្រទេស​ទៅ​ដល់​ប្រជា​ពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​គឺ​ជា​រឿង​សំខាន់ ចៀសវាង​ការ​អភិវឌ្ឍ​ដែល​ធ្វើ​ឲ្យ​មាន​គម្លាត​ឆ្ងាយ​រវាង​អ្នក​មាន​និង​អ្នក​ក្រ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ហុង វណ្ណៈ៕