ភ្នំពេញ៖ ក្រសួងមហាផ្ទៃ​បានចេញ​សេចក្តីណែនាំ​​ស្ដីពី​ការផ្សព្វផ្សាយ​ព័ត៌មាន​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម សម្រាប់​មន្ត្រី​មាន​សមត្ថកិច្ច​ក្របខ័ណ្ឌរបស់​ក្រសួង​ ដោយ​​សង្កត់ធ្ងន់​លើ​ការការពារ​សិទ្ធិ​បុគ្គល និង​ការ​ប្រកាន់ខ្ជាប់​នូវ​ប្រសិទ្ធភាព និង​សង្គតិភាព​តាម​គន្លង​ច្បាប់។

នៅក្នុង​សេចក្តីណែនាំ​​ដែល​បានចេញ​ផ្សាយ​នៅថ្ងៃទី២៧​កន្លងទៅ​ ក្រសួងមហាផ្ទៃ​បាន​រៀបរាប់​លម្អិត​អំពី​គោលនយោបាយ​ដែល​ត្រូវបាន​រៀបចំឡើង​ដើម្បី​ធានាថា ​មន្ត្រីក្រោម​ចំណុះ​ត្រូវ​​រក្សា​ការសម្ងាត់​វិជ្ជាជីវៈ​​ និង​ផ្ដល់​នូវ​ទំនុកចិត្ត​សាធារណៈ​។​

អាជ្ញាធរ​ដែនដី មន្ត្រីរាជការ​ស៊ីវិល មន្ត្រីនគរបាល​ជាតិ​ក​ម្ពុ​ជា មន្ត្រី​ពន្ធនាគារ​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ ក្នុងការ​ផ្តល់ ឬ​ផ្សព្វផ្សាយ ព័ត៌មាន​ជា​សាធារណៈ​ឱ្យមាន​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​វិជ្ជាជីវៈ​ស្របតាម​គោលការណ៍​ច្បាប់​​។

យោង​តាមសេចក្ដីណែនាំ​បាន​បង្ហាញថា​៖ «​មុនពេល ក្នុងពេល និង​ក្រោយពេល​ប្រតិបត្តិការ មន្ត្រី​មាន​សមត្ថកិច្ច ត្រូវ​រក្សា​ការសម្ងាត់​វិជ្ជា​ជីវៈ មិនត្រូវ​ផ្តល់ ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​ទៅ​បុគ្គល​គ្មាន​ភារកិច្ច សាធារណជន និង​ភ្នាក់ងារ​ព័ត៌មាន​ឡើយ»​។

សេចក្ដីណែនាំរបស់ក្រសួង​មហាផ្ទៃ បា​នបន្ដថា​៖ «ក្នុងពេល​ប្រតិបត្តិការ មន្ត្រី​មាន​សមត្ថកិច្ច មិន​អនុញ្ញាតឱ្យ​ថតរូប​ភាព វីដេអូ សំឡេង និង​ផ្តល់ ឬ ផ្សព្វផ្សាយ​សកម្មភាព​ប្រតិបត្តិការ​ជាដាច់ខាត ទោះ​តាម​ទម្រង់​ណាក៏ដោយ»​។

ករណីនេះ ​​ប្រធាន​អង្គភាព ឬ ប្រធាន​ក្រុម​ប្រតិបត្តិការ ត្រូវ​ចាត់តាំង​មន្ត្រី​សម្រាប់​ថត​សកម្មភាព​ទុក​បម្រើ​ការងារ​ជំនាញ​។

មន្ត្រី​មាន​សមត្ថកិច្ច ត្រូវអនុវត្ត​វិធានការ​ជំនាញ និង​ហាមឃាត់​បុគ្គល​គ្មាន​ភារកិច្ច សាធារណជន និង ភ្នាក់ងារ​ព័ត៌មាន​ផ្សេងៗ​ដែលនាំឱ្យ​ប៉ះពាល់​ដល់​សមត្ថកិច្ច​ជំនាញ​ដំណើរការ​នីតិវិធី និង​សិទ្ធិ​បុគ្គល​។​

ពួកគេ​មិនត្រូវ​ផ្តល់ ឬ​ផ្សព្វផ្សាយ​ជា​សាធារណៈ តាម​មធ្យោបាយ​នានា​នូវ​ឯកសារ ជំនាញ​គ្រប់​ដំណាក់កាល​នីតិវិធី​ដល់​ភាគី​ដែល​គ្មាន​សមត្ថកិច្ច​ក្នុង​សំណុំរឿង​ជាដាច់ខាត​។ លើកលែង តែ​ករណី​ចាំបាច់​ដែល​សម្រេច​ដោយ​ថ្នាក់ដឹកនាំ​មាន​សមត្ថកិច្ច​។​

ក្រសួង​មហាផ្ទៃ​បានឱ្យដឹងថា​៖ «ក្នុងករណី​ទទួលបាន​គោលការណ៍​អនុញ្ញាតឱ្យ​ផ្តល់ ឬ​ផ្សព្វផ្សាយ​ព័ត៌មាន រាល់​រូបភាព ឬ​វីដេអូ​ពាក់ព័ន្ធ នឹង​ជនសង្ស័យ សាក្សី ជាពិសេស​អនីតិជន និង​ជនរងគ្រោះ​ពីបទ​ល្មើស​មួយចំនួន គប្បី​បិតបាំង មុខ និង​\​ឬ​អត្តសញ្ញាណ​»។ 

យ៉ាងណាមិញ ទាំង​រូបភាព និង​វីដេអូ​ត្រូវ​ធ្វើ​ឱ្យ​​ព្រាលៗ​ចំពោះ​ជនសង្ស័យ​ដែលមាន​ដៃ​ជាប់​ខ្នោះ ឬ​ចំណង និង​គប្បី​ជ្រើសរើស​រូបភាព ឬ​ប្លង់​វីដេអូ​ណា​ដែល​មិន​បង្ហាញ​បច្ចេកទេស​ជំនាញ​របស់សមត្ថ រួម​ទាំង​ រូបភាព ឬ​ប្លង់​វីដេអូ​ហិង្សា ឬ​អ្វី​ដែលនាំឱ្យ​ប៉ះពាល់​សតិអារម្មណ៍ វប្បធម៌ និង​ប្រពៃណី​ល្អ​របស់​ជាតិ​។​

អាជ្ញាធរ​ក្រោម​ឱវាទ​ក្រសួង​មហាផ្ទៃ ត្រូវ​រក្សា​ឱ្យបាន​នូវ​សិទ្ធិ​បុគ្គល នីតិវិធី​នៃ​ការ ស៊ើបអង្កេត សុវត្ថិភាព​សំណុំរឿង និង​ចៀសឱ្យផុត​ពី​ការប៉ះពាល់​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​ដទៃ ពេល​រាល់​ការធ្វើ​សន្និសីទ​សារព័ត៌មាន បង្ហាញ​ជនសង្ស័យ ឬ​ការបកស្រាយ​ជា​សាធារណៈ៕ ​