ព្រះសីហនុៈ ក្រសួងបរិស្ថានបញ្ជាឱ្យក្រុមហ៊ុនខេមបូឌាន ណូប៊លថេស្ត ហ្វូដ (Cambodian Noble Tased Food Co., LTD)បញ្ឈប់ការបង្ហូរទឹកកខ្វក់ចូលក្នុងព្រែកសង្កែ និងធ្វើការស្តារភក់ ក្នុងព្រែកសង្កែនេះ ឱ្យបានស្អាតឡើងវិញសម្រាប់ឱ្យពលរដ្ឋអាស្រ័យផល។
ចំណាត់ការនេះត្រូវបានធ្វើឡើង បន្ទាប់ពី ក្រុមការងារមន្ត្រីជំនាញក្រសួងបរិស្ថាន ដោយមានការចូលរួមពី ក្រុមមេធាវីរបស់ក្រសួងបរិស្ថាន អាជ្ញាធរស្រុកព្រៃនប់ តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៣០ ខែធ្នូនេះ បានចុះត្រួតពិនិត្យការបញ្ចេញទឹកកខ្វក់ ចូលទៅក្នុងព្រែកសង្កែ ស្ថិតក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុនខេមបូឌាន ណូប៊លថេស្ត ហ្វូដ ដែលមានទីតាំងក្បែរព្រែកសង្កែនេះ។
ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃអង្គារ ទី៣១ ខែធ្នូនេះថា ក្រុមការងារបានចុះធ្វើការត្រួតពិនិត្យដងព្រែកសង្កែចាប់ពីស្ពានថ្ម ផ្លូវជាតិលេខ៣ រហូតដល់មាត់សមុទ្រ និងបានសង្កតឃើញនៅចំណុចខ្លះទឹកព្រែកនៅមានលក្ខណៈក្រម៉ៅ ខ្លាញ់អណ្តែត និងក្លិនស្អុយនៅឡើយ។ ប៉ុន្តែ នៅចំណុច ក្បែរសមុទ្រ ទឹកព្រែកមានលក្ខណៈថ្លាធម្មតា។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ជាអ្នកនេសាទនៅតាមដងព្រែកនេះបានឱ្យដឹងថា កាលពីសប្តាហ៍មុននេះទឹក មានពណ៌ខ្មៅ និងក្លិនយ៉ាងខ្លាំងបានហូរតាមព្រែក ដែលភ្ជាប់ចូលទៅក្នុងសមុទ្រ ប៉ុន្តែរយៈពេល២ថ្ងៃមុនពេលក្រុមការងារចុះទៅនោះ គឺពុំមានទឹកស្អុយចេញមកទៀតឡើយ។
ក្រសួងបានបញ្ជាក់ថា៖«បន្ទាប់មកក្រុមការងារបានចុះត្រួតពិនិត្យក្នុងទីតាំងក្រុមហ៊ុន ហើយបានរកឃើញថាក្រុមហ៊ុននៅមានការបញ្ចេញសំណល់រាវចេញពីរោងចក្រ មានលក្ខណៈមិនប្រក្រតីមួយចំនួន ដែលក្រុមការការងារត្រូវឱ្យរោងចក្រអនុវត្តច្បាប់ជាធរមាន»។
ក្រុមការងារបានណែនាំ ដល់ក្រុមហ៊ុន ឱ្យអនុវត្តវិធានការបន្ទាន់មួយចំនួនដូចជា ត្រូវរៀបចំអាងប្រព្រឹត្តិកម្មឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីឱ្យការបញ្ចេញឆ្លើយតបស្តង់ដារ ដោយត្រូវធ្វើការបញ្ចេញសំណល់រាវចូលព្រែកតែ១ទីតាំងគត់។
ក្រៅពីនោះ ក្រុមហ៊ុន ក៏ត្រូវធ្វើការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យលើការបញ្ចេញសំណល់រាវតាមការកំណត់ និងត្រូវធ្វើការគ្រប់គ្រងភក់ពីអាងប្រព្រឹត្តិកម្មឱ្យមានត្រឹមត្រូវតាមគោលការបច្ចេកទេស និងច្បាប់។
ក្រុមការងារបានណែនាំដល់ក្រុមហ៊ុនថា៖«ត្រូវបញ្ឈប់ជាដាច់ខាតលើការដុតសំណល់គ្រប់ប្រភេទ ដើម្បីជៀសវាងការបំពុលបរិស្ថាន និងធ្វើការស្តារភក់ក្នុងព្រែកសង្កែនេះឱ្យបានស្អាតឡើងវិញ ដើម្បីអាចឱ្យប្រជាពរដ្ឋអាចអាស្រ័យផលពីព្រែកនេះ ដោយមិនមានផលប៉ះពាល់ជាបន្តទៀត»។
ក្រុមហ៊ុនបានទទួលស្គាល់នូវចំណុចខ្វះខាតរបស់ខ្លួន ហើយបានសុំទោសប្រជាពលរដ្ឋ ដែលបានទទួលរងនូវផលប៉ះពាល់នាពេលកន្លងមក ហើយក្រុមហ៊ុនប្តេជ្ញានឹងធ្វើការអនុវត្តវិធានការណែនាំទាំងនេះ និងគោរពតាមច្បាប់កំណត់។ នេះបើយោងតាមក្រសួងបរិស្ថាន។
ក្រុមការងារជំនាញក្រសួងបរិស្ថាន ក៏បានបន្តយកសំណាក់ទឹកជាចុងក្រោយ ដែលបានបញ្ចេញពីរោងចក្រ មកធ្វើការវិភាគ នៅមន្ទីរពិសោធន៍ក្រសួងបរិស្ថានចំនួន២ទីតាំងបន្ថែមទៀត ដើម្បីចាត់ការតាមនីតិវិធីបន្តផងដែរ។
ក្រសួងបានលើកឡើងថា ការបំពុលទឹកដោយធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជីវៈចម្រុះ និងសុខភាពសាធារណៈ គឺជាល្មើសទៅនឹងមាត្រា២៨៧ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងល្មើសនឹង មាត្រា៤ និង មាត្រា៦ និងមាត្រា៩ថ្មី នៃអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក។
ក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រង់មាត្រា ៨៤៤ បានចែងថា សកម្មភាពបង្កផលប៉ះពាល់ដល់បរិស្ថាន បុគ្គលដែលធ្វើសកម្មភាពស្តុបទុក បញ្ចេញ កប់ បោះចោលកាកសំណល់គ្រោះថ្នាក់ ហើយបង្កឱ្យផលប៉ះពាល់ដល់បរិស្ថាន សុខភាពសាធារណៈ ឬបង្កខូចខាតទ្រព្យសម្បត្តិ ដូចមានចែងក្នុងមាត្រា២៧៣ ( សកម្មភាពបង្កផលប៉ះពាល់) នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០០លានរៀល ទៅ៥០០លានរៀលផងដែរ។
ក្រសួងបាននឹងកំពុងតែធ្វើទំនើបកម្មការតាមដាន និងត្រួតពិនិត្យការបំពុលបរិស្ថានពីចម្ងាយ តាមរយៈការបំពាក់បំពាក់ ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ចេញសំណល់រាវ។
គិតត្រឹមខែ ធ្នូនេះរោងចក្រសហគ្រាសចំនួន៣៦ ក្នុងចំណោមរោងចក្រ សហគ្រាសសរុបចំនួន ១២២កន្លែងទូទាំងប្រទេស ត្រូវបានបំពាក់ ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ចេញសំណល់រាវ នៅតាមទីតាំងរបស់ខ្លួនរួចរាល់៕