រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​មើល​ឃើញ​ពី​សារៈ​សំខាន់​នៃ​អ្នក​ផលិត​មាតិកា​នៅ​លើ​បណ្ដាញ​សង្គម ដែល​បាន​ផលិត​មាតិកា​កម្សាន្ត​និង​អប់រំ​ផ្សេងៗ ខុស​ពី​អ្នក​ផលិត​មាតិកា​ដើម្បី​តែ​រក​ប្រាក់ ឬ MMO មួយ​ចំនួន​ដែល​ផលិត​មាតិកា​ដើម្បី​តែ​រក​ប្រាក់ ដោយ​ប្រាសចាក​ពី​ការពិត និង​មិន​គោរព​ក្រមសីលធម៌។

លោក នេត្រ ភក្ត្រា​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ជួប​ពិភាក្សា​និង​​ផ្ដល់​ជូន​នូវ​បណ្ណែ​សរសើរ​ដល់​អ្នក​បង្កើត​មាតិកា​ជាង ១០០​នាក់ នៅ​រសៀល​ថ្ងៃ​ទី០៣ ខែ​ធ្នូ ដោយ​លោក​ថ្លែង​ថា ក្រៅ​ពី​កម្សាន្ត​និង​ផ្ដល់​ជា​ព័ត៌មាន អ្នក​ផលិត​មាតិកា​ថែម​ទាំង​ជួយ​រក្សា​បាន​នូវ​សណ្តាប់​ធ្នាប់​នៅ​ក្នុង​សង្គម​ផង​ដែរ។

លោក​ត្រូវ​បាន​ស្រង់​សម្ដី​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ក្រសួង​ថា៖ « អ្នក​ផលិត​មាតិកា Content Creator ​ខុស​ពី​ក្រុម MMO (Make Money Online) ​ដែល​គេ​មិន​ខ្វល់​ពី​ក្រម​សីលធម៌​វិជ្ជាជីវៈ​អ្វី​នោះ​ទេ គេ​គិត​ត្រឹម​តែ​ចង់​បាន Like, Comment, Shares ដើម្បី​ទទួល​បាន​លុយ​ពី Facebook, TikTok ឬ​ប្រព័ន្ធ​ផ្សេងៗ​ទៀត»។

លោក នេត្រ ភក្ត្រា ក៏​បាន​ នេត្រ ភក្ត្រា បាន​លើក​ទឹក​ចិត្ត​ដល់​ក្រុម អ្នក​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​សង្គម ឬ អ្នក​មាន​ឥទ្ធិពល​នៅ​លើ​បណ្ដាញ​សង្គម (Influencers) ឲ្យ​បន្ត​ផលិត​មាតិកា​ មិន​ត្រឹម​តែ​សម្រាប់​ប្រជាជន​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ គឺ​មាតិកា​ដែល​មាន​តម្លៃ​ជា​សកល ដើម្បី​ចូល​រួម​ផ្សព្វ​ផ្សាយ​អំពី​ការ​ពិត​របស់​កម្ពុជា​ទៅ​កាន់​ពិភព​លោក ដែល​ជា​ការ​ផ្តល់​ផលប្រយោជន៍​​ដល់​ជាតិ ប្រជាជន និង​ចូល​រួម​ថែ​រក្សា​សុខ​សន្តិភាព ស្ថិរភាព​បាន​រឹងមាំ។

លោក​រដ្ឋមន្ត្រី ក៏​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ផលិត​មាតិកា​គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ​ក្នុង​ការ​​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ដោយ​មិន​ផ្សាយ​រូប​អាក្រាត រូប​ហិង្សា ការ​ធ្វើឲ្យ​មាន​ការ​ស្អប់​រើស​អើង​ជាតិ​សាសន៍​ផ្សេងៗ។ ពួក​គេ​ត្រូវ​គោរព​ក្រមសីលធម៌​ក្នុង​វិជ្ជាជីវៈ​សារព័ត៌មាន​ និង​សោតទស្សន៍។

លោក​ថ្លែង​ថា អ្នក​ផលិត​មាតិកា​ «ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​គឺ​ប្រសិន​បើ​មាន​ភាព មិន​ច្បាស់​នោះ សូម​កុំ​ផ្សព្វផ្សាយ ​ព្រោះ​នៅ​ពេល​ដែល​យើង​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ដែល​មិន​ត្រឹម​ត្រូវ មិន​ពិត ព័ត៌មាន​អាក្រក់ វា​នឹង​សាយ​ភាយ​លឿន​យ៉ាង​លឿន ហើយ​ការ​ផ្សាយ​កែ​តម្រូវ​មិន​សូវ​មាន​អ្នក​មើល​នោះ​ទេ»។

កាល​ពី​ពេល​ថ្មីៗ​ ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដោយ​អង្គការ​យូណេស្កូ បាន​រក​ឃើញ​ថា ២​ភាគ​៣​នៃ​អ្នក​ផលិត​មាតិកា​នៅ​លើ​បណ្ដាញ​សង្គម​មិន​បាន​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​មុន​នឹង​បង្ហោះ​​នៅ​លើ​បណ្ដាញ​សង្គម។ ដោយ​មើល​ឃើញ​ពី​ភាព​ចាំ​បាច់​នៃ​ការ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន យូណេស្កូ​បាន​បើក​វគ្គ​បណ្ដុះ​បណ្ដាល​សម្រាប់​អ្នក​ផលិត​មាតិកា​នៅ​លើ​ពិភពលោក រួម​ទាំង​នៅ​កម្ពុជា​ផង​ដែរ។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ដែល​បាន​ឃ្លាំ​មើល​ពី​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​នៅ​កម្ពុជា យល់​ឃើញ​ថា អ្នក​ផលិត​មាតិកា​នៅ​សម្រាប់​បណ្ដាញ​សង្គម​មិនសូវ​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ក្រម​សីលធម៌​ក្នុង​មាតិកា​របស់​ពួក​គេ​ទេ ពីព្រោះ​អ្នក​ខ្លះ​មិន​បាន​ឆ្លង​កាត​ការ​បណ្ដុះ​បណ្ដាល​អំពី​វិជ្ជាជីវៈ​សារព័ត៌មាន សីលធម៌​ក្នុង​ការ​បង្កើត​មាតិកា ហើយ​ភាគច្រើន​គឺ​ដើម្បី​ទទួល​បាន​ចំណូល​ពី​បណ្ដាញ​សង្គម ឬ​ពី​អ្នក​ឧបត្ថម្ភ (sponsors)។

លោក​បន្ត​ថា៖ «ខ្ញុំ​សង្កេត​ឃើញ​ថា ភាគ​ច្រើន​ប្រើ​ប្រាស់​តាកទិច​ក្នុង​ការ​ទាក់​ទាញ​អារម្មណ៍​បែប​អវិជ្ជមាន​ច្រើន ដើម្បី​ទទួល​បាន view បាន​ like និង​ share ច្រើន។ ដូច្នេះ​ហើយ ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចៀស​ផុត​ពី​ការ​យល់​ខុស​លើ​ព័ត៌មាន​មិន​គ្រប់​ជ្រុង​ជ្រោយ ឬ​មិន​បាន​ត្រួត​ពិនិត្យ​លើ​ប្រភព ឬ ភាព​ត្រឹមត្រូវ ឬ ព័ត៌មាន​ក្លែង​ក្លាយ ខ្ញុំ​ជំរុញ​ឲ្យ​អ្នក​ផលិត​មាតិកា​រៀន​សូត្រ​បន្ថែម​ទាក់​ទង​នឹង​វិជ្ជាជីវៈ​សារព័ត៌មាន និង​ក្រម​សីលធម៌​ក្នុង​ការ​ផ្សព្វផ្សាយ»៕