ភ្នំពេញៈ ដើម្បីអាចសម្រេចទៅបាន នូវការផ្តល់សេវាសាធារណៈល្អ ប្រកបដោយប្រសិទ្ធភាព គឺត្រូវការ ចាំបាច់​នូវ​រដ្ឋ បាលសាធារណៈ ដែលស្អាតស្អំ បម្រើរាស្ត្រ និងបម្រើរដ្ឋ ប្រកបដោយមនសិការ និងការយកចិត្តទុកដាក់ ទទួលខុស​ត្រូវ ក៏ដូចជាការចូលរួមពីគ្រប់ភាគីទាំងអស់ផងដែរ។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល ក្នុងសារ​លិខិតអប​អរ​សា​ទរទិវាជាតិ និងអន្តរជាតិ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ។  

ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំនេះ គឺផ្តោតលើការផ្តល់សេវាសាធារណៈល្អ ក្រោមប្រធានបទ “សេវា​សាធារ​ណៈល្អ រាស្ត្រស្រលាញ់គាំទ្រ”។ ការជ្រើសរើសប្រធានបទនេះ គឺសំដៅលើ ការលើកកម្ពស់ស្មារតី ពង្រឹង​យន្ត​ការ​គ្រប់​គ្រង និង ផ្តល់សេវាសាធារណៈ ប្រកបដោយលក្ខណៈទំនើប និងតម្លាភាព ចៀសវាងនូវអំពើពុករលួយ ការ​បំពាន​ក្រម​សីល​ធ​ម៌វិជ្ជាជីវៈ ឬបំពានអំណាចក្នុងការអនុវត្តតួនាទី និងភារកិច្ច។

សារលិខិតបានសរសេរថា ការអបអរសាទរទិវា ជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ គឺ« ដើម្បី​លើក​កម្ពស់​ស្មារ​តី​ប្រយុទ្ធ​ប្រឆាំងអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ ជាន់ថ្នាក់ សំដៅចូលរួមពង្រឹងអភិបាលកិច្ចល្អ និង​នី​តិ​រដ្ឋ​​នៅ​ក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋ ដែលជាមូលដ្ឋានចាំបាច់ក្នុងការ អភិវឌ្ឍសង្គមជាតិ»។

សារលិខិតបានរំលេចថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានដាក់ចេញនូវ យុទ្ធសាស្ត្រ បញ្ចកោណ ដើម្បី កំ​ណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ក្នុងនោះ មានការលើកកម្ពស់ការអនុវត្តអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងអភិក្រម ជីវភាព នៃប្រព័ន្ធតួអង្គតែមួយ ពោលគឺការអភិវឌ្ឍស្ថាប័ន ការពង្រឹង អភិ​បាលកិច្ចល្អ និងការពង្រីកប្រសិទ្ធភាពការងារក្នុងវិស័យសាធារណៈ។

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវលទ្ធផលធំៗ ដូចជា ការរក្សាបាននូវកំណើនសេដ្ឋកិច្ច ការជំរុញ និងកៀរគរ​ធុរ​ជន និងការវិនិយោគ ការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ព្រមទាំងការធ្វើ កំណែទម្រ​ង់​គ្រប់វិស័យ។ 

ក្នុងនោះរួមមាន ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ យុត្តិធម៌ និងតុលាការ និងការគ្រប់​គ្រងរដ្ឋបាល​សា​ធារណៈ ដែលផ្តោតសំខាន់លើការចាក់គ្រឹះឱ្យកាន់តែរឹងមាំនៃគុណភាព ប្រសិទ្ធភាព ទំនើបកម្ម និង​ការអភិវឌ្ឍ​ដោយ​ចីរ​ភាពយូរអង្វែង។ 

លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែតបញ្ជាក់ថា៖«រាជរដ្ឋាភិបាលក៏បានពង្រឹងការអនុវត្ត និងពង្រីកក្របខ័ណ្ឌច្បាប់ រួម​មាន​ការពង្រឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយឆន្ទៈមុតស្រួច និងការប្តេជ្ញាខ្ពស់តាមរយៈវិធានការស្នូលទាំង ៣ គឺការអប់រំ បង្ការទប់ស្កាត់ និងការអនុវត្តច្បាប់ប្រឆាំងអំពើ ពុករលួយ ការលើកកម្ពស់អភិបាលកិច្ចល្អ និង​ការត្រួត​ពិ​និ​ត្យ​​​ផ្ទៃក្នុង ព្រមទាំងការចូលរួមជាមួយសហគមន៍អន្តរជាតិ បំពេញ កាតព្វកិច្ចដែល​កម្ពុជា​មានប្រកប​ដោយការ​ទទួល​ខុសត្រូវ និងមោទនៈ»។ 

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងបរិការណ៍នៃការ លំបាក និងដុនដាបសេដ្ឋកិច្ចរបស់ពិភពលោក និងស្ថានភាព​មិន​នឹងនរនៃស្ថិរភាព និងសន្តិភាពពិភពលោក នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល នៅមានការងារ និងឧបសគ្គជាច្រើន ដែលត្រូវ​បន្ត​ប្រឹង​ប្រែងជម្នះ ដើម្បីសម្រេចឱ្យបាន នាំនាវាកម្ពុជាដើរឆ្ពោះទៅកាន់ការអភិវឌ្ឍបន្ថែម និងការកសាងថ្មីៗ ដែលបម្រើ ជាពិសេស ដល់ជីវភាពរស់នៅរបស់ពលរដ្ឋគ្រប់ជាន់ថ្នាក់ ឱ្យកាន់តែល្អប្រសើរ។

លោកនាយករដ្ឋមន្រ្តី មានជំនឿយ៉ាងមុតមាំថា៖«ដរាបណាយើងទាំងអស់គ្នា ទាំងរដ្ឋ ឯកជន និងមហាជនទូទៅ រួប​រួម​គ្នា​ប្រឹងប្រែងក្រោម ម្លប់តែមួយនៃ ជាតិ សាសនា ព្រះមហាក្សត្រ នៃយើង នោះយើងនឹងសម្រេចបាននូវគោលដៅរួម ដែលយើងទាំងអស់គ្នា ប៉ងប្រាថ្នាចង់បាននាពេលអនាគត»។

ប្រមុខរដ្ឋាភិបាលក៏បានស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយ ស្ថាប័ន និង​តួអង្គ​ពាក់​ព័ន្ធ​ ចូលរួម​អនុវត្តនូវ​សកម្មភាព​គន្លឹះៗ​មួយចំនួន ដែលគាំទ្រដល់កិច្ចប្រឹងប្រែងរួមគ្នា។ 

ក្នុងនោះរួមមាន ពង្រឹងការអប់រំស្តីពីការ​ប្រឆាំងអំពើពុករលួយ​ឱ្យមានវិសាលភាពគ្របដណ្តប់បានកាន់តែទូលាយ ចូលកាន់តែជ្រៅទៅ ក្នុងស្រទាប់សង្គម ទាំងក្នុងសាលា-ក្រៅ​សា​លា ទាំងក្នុងស្ថាប័នសាធារណៈ ឯកជន និងសង្គមស៊ីវិល ទាំងមុនចេញធ្វើការ និងក្នុងពេលធ្វើការ។

លោកនាយករដ្ឋមន្រ្តីបានស្នើដូច្នេះថា៖«ជំរុញការបង្ការទប់ស្កាត់ក្នុងរដ្ឋបាលសាធារណៈ រួមមានការផ្តល់​សេវា​សា​ធារ​ណៈបានកាន់តែមានតម្លាភាព និង គណនេយ្យភាព ការគ្រប់គ្រងទំនាស់ផលប្រយោជន៍ ការការពារបុគ្គលរាយការណ៍ ការដាក់វិន័យ និងទោសទណ្ឌ -ល-»។

ក្រៅពីនោះ ក៏ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នប្រឆាំងអំពើពុករលួយ និងដៃគូពាក់ព័ន្ធទាំងអស់ ទាំង​ស្ថាប័ន​សាធារណៈ ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ ស្ថាប័ននីតិប្បញ្ញត្តិ វិស័យឯកជន សង្គមស៊ីវិល ផ្នែកសិក្សាធិការ និង​ប្រព័ន្ធ ផ្សព្វផ្សាយ សំដៅពង្រឹង និងពង្រីកការងារអប់រំ និងបង្ការទប់ស្កាត់ឱ្យបានកាន់តែរលូន និងមាន​ប្រសិទ្ធ​ភាព​។

ប្រមុខរដ្ឋាភិបាលក៏បានលើកឡើងផងដែរថា ការងារប្រឆាំងអំពើពុករលួយ ត្រូវការការរួមគ្នាពីគ្រប់ភាគី ហើយ​ភាព​ស្អាត​ស្អំ ត្រូវតែកើតចេញពីផ្ទះ នៃភាគីនីមួយៗ និង ស្ថាប័ននីមួយៗ។ 

អង្គភាពប្រឆាំងអំពើពុករ​លួយ ដែល​ជាសេនា​ធិការ​របស់​រាជរដ្ឋាភិបាល ត្រូវដើរតួនាទី ជំរុញ និង សម្របសម្រួលចំពោះកិច្ចសហប្រតិបត្តិការចាំបាច់នានា ទាំងក្នុង​ការ​ងារ​អប់រំ និងបង្ការទប់ស្កាត់ជាមួយដៃគូទាំងអស់។ ក្នុងនោះ ត្រូវផ្តោតជាពិសេស ទៅលើការ​អនុវត្តគោលន​យោ​បាយ និង​ផែន​ការអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល និង ស្របជាមួយផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដែលដាក់​ចេញ​ដោយ​ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។

ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ​នេះ អង្គភាពប្រឆាំងពើពុករលួយ (អ.ប.ព)បានកំពុងតែបង្កើន​សកម្មភាព​ចុះអប់​រំផ្សព្វ​ផ្សាយ ដើម្បីបញ្រ្ជាបសារ ប្រឆាំងអំពើពុករលួយ ដោយប្រើវិធីសាស្រ្ត ប្រហាក់ប្រហែលគ្នា ជាពិសេសគឺ នៅ​មុនពេល ទិវាជាតិ និងអន្តរជាតិ ប្រយុទ្ធប្រ​ឆាំង​អំ​ពើពុករលួយ ៩ធ្នូ។

អ្នកនាំពាក្យ អ.ប.ព លោកសយ ច័ន្ទវិចិត្តបានឱ្យដឹងថា ក្រុមការងាររបស់អ.ប.ពចំនួន៧ក្រុម ដែលមាន​៦៧រូប​បាន​ចុះ​ផ្ស​ព្វផ្សា​យ​យ៉ា​ងផុ​សផុល ​នៅតាម​គោល​ដៅ​ផ្សេងៗ ទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ព្រមទាំងខេត្តកំពង់ស្ពឺ តាកែវ និងស្វាយរៀង។ 

គោលដៅទាំងនោះមានដូចជា តាមសាលារៀន សាកលវិទ្យាល័យ ទីផ្សា​រ ច្រកចេញចូលតែមួយ អធិការដ្ឋាននគរបាល និង​រោងចក្រ ជាដើ​ម​។ លើសពីនោះ ក៏មានការប្រគុំតន្រ្តីខ្នាតធំមួយផ្សេងទៀតផងដែរ។

លោកបញ្ជាក់ថា៖«យើង​បាន​បញ្រ្ជាប​សារ​ទៅសាធារណជន ដែលបានលទ្ធផលកាន់តែប្រសើរ។ សាធារណជន​ទទួល​បានព័ត៌មានពីទិវានេះ ហើយ​បើ​ចង់ចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ គាត់ដឹងថា អាចទៅតាមផ្លូវណា។ ការ​បញ្រ្ជាប​សារចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ គឺទី១ ខ្លួនឯងហ្នឹងត្រូវតាំងចិត្តថា មិនប្រព្រឹត្ត​អំពើ​ពុក​រ​លួយទេ។ ក្រៅហ្នឹង បើគាត់ឃើញមានអំពើពុករលួយ គាត់អាចផ្តល់ជាដំណឹង ឬដាក់ពាក្យបណ្តឹងទៅតាមយន្តការ ដែល​អង្គ​ភាព​យើងជម្រាបជូនគាត់ ពេលចុះផ្សព្វផ្សាយនោះ»៕