ក្រសួងមហាផ្ទៃចេញសារាចរថ្មីហាមមិនឲ្យផលិតរូបភាព វីដេអូ និងមាតិកា ល្បែងស៊ីសងខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយល្បែងស៊ីសងទាំងនេះ ដើម្បីអូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ។ អ្នកវិភាគយល់ថា ការណែនាំនិងការអនុវត្តជាក់ស្ដែងស្ថិតនៅឆ្ងាយពីគ្នានៅឡើយ។
នៅក្នុងសារាចរណែនាំដែលផ្សព្វផ្សាយនៅថ្ងៃទី៤ ខែធ្នូនេះ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងសង្កេតឃើញថា ការផ្សព្វផ្សាយនិងចែករំលែកអំពីល្បែងស៊ីសងខុសច្បាប់មានការចូលរួមពីបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គមមួយចំនួនផងដែរ ដែលជាហេតុធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ហើយបន្តចែកចាយបន្ត។
លោកណែនាំឲ្យសាធារណជនត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។
លោកថ្លែងថា៖ «ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផ្សព្វផ្សាយ ឬចែករំលែកបន្តអំពីរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ»។
អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការតឹងរ៉ឹងតាមដែនសមត្ថកិច្ចរបស់ខ្លួនក្នុងការតាមដាន និងហាមឃាត់ការផ្សព្វផ្សាយ និងការចែករំលែកបន្តនូវរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ត្រូវជំរុញការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីផលប៉ះពាល់នៃការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
លោក ស សុខា បញ្ជាក់ថា៖ «ក្រសួងមហាផ្ទៃនឹងចាត់វិធានការចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូចបានណែនាំខាងលើនេះ»។
លោកក៏បានបង្ហោះសារាចរណែនាំនេះនៅលើទំព័រហ្វេសប៊ុក ដែលទទួលបានអន្តរកម្មយ៉ាងច្រើន ក្នុងនោះមានអ្នក like ជាង ៨ពាន់នាក់ និងអ្នកចែករំលែក ៤,៤ពាន់ដង រួមជាមួយការបញ្ចេញមតិយោបល់ជាង ៦០០មតិ ដែលបង្ហាញការគាំទ្រ បូករួមជាមួយនឹងការរិះគន់។
អ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ Kannaly Phal បានសរសេរថា៖ «ល្បែងស្រុកខ្មែរច្រើនណាស់លោកបងអើយ តែគេបង់គេចេះបង់ឲ្យប៉ូលិសមូលដ្ឋាន»។
អ្នកបញ្ចេញមតិយោបល់ម្នាក់ទៀតឈ្មោះ Dina S. Suos សរសេរថា៖ «សូមក្រសួងមហាផ្ទៃស្រាវជ្រាវប្រភពដែលផ្ញើ SMS មកលេខទូរស័ព្ទដៃមួយទៀត វាក៏ជាល្បែងអនឡានដែរទាន»។
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា កន្លងទៅ បុរសម្នាក់ត្រូវបានរាយការណ៍ថាបានសម្លាប់ប្រពន្ធ និងកូនពីរនាក់ មុននឹងសម្លាប់ខ្លួនដោយសារតែចាញ់ល្បែងស៊ីសង់ និងជំពាក់បំណុលវណ្ឌក។
លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថា សារាចរណែនាំនេះទុកពេល៧ថ្ងៃ គឺរហូតដល់ថ្ងៃទី១០ ខែធ្នូនេះ ដើម្បីបញ្ឈប់រាល់សកម្មភាពដូចមានចែងនៅក្នុងសារាចរនេះ។
លោកថា៖ «ចាប់ពីថ្ងៃទី១១តទៅ សមត្ថកិច្ចពាក់ព័ន្ធនៃក្រសួងមហាផ្ទៃនឹងចាត់វិធានការតាមផ្លូវច្បាប់»។លោក យង់ គឹមអេង ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ថ្លែងថា សារាចរនេះជាមូលដ្ឋានមួយសម្រាប់អនុវត្តទៅលើការទប់ស្កាត់ការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់។ ប៉ុន្តែ ការអនុវត្តជាក់ស្ដែងមានការពិបាក។
លោកលើកឡើងថា៖ «កន្លងមក ហាក់ដូចជាចេញការណែនាំទៅអត់ខ្លាចយ៉ាងម៉េច។ នៅតែមានការលេងយ៉ាងគគ្រឹកគគ្រេងដដែល។ យើងឃើញថា អ្នកដែលផ្សាយនៅតែផ្សាយ អ្នកដែលលេងនៅតែលេង ហាក់ដូចជាប្រសិទ្ធភាពមិនទាន់ខិតចូលមកជិត ដែលអាចធ្វើឲ្យសកម្មភាពទាំងនេះត្រូវបានបញ្ឈប់។ ខ្ញុំយល់ថា ទាល់តែមានសកម្មភាពជាក់លាក់ ការអនុវត្តច្បាស់លាស់ ទើបអាចឲ្យសារាចរណែនាំនេះក្លាយជាការពិត និងជាវិធានការដែលមានប្រសិទ្ធភាពខ្ពស់»៕