សៀមរាបៈ កម្ពុជាបានជំរុញដល់ថ្នាក់ដឹកនាំ នៃប្រទេសអនុតំបន់មេគង្គទាំងអស់ ឱ្យរួមគ្នា រកដំណោះស្រាយ ចំពោះ ការបំពុលឆ្លងដែន និងបញ្ហាបំរែបម្រួលអាកាសធាតុផ្សេងៗទៀត ដើម្បីការពារសុខភាពរបស់ពលរដ្ឋ ភាពរស់រវើកនៃសេដ្ឋកិច្ចនិងភាពធន់នៃប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់។
ការជំរុញនេះត្រូវបានធ្វើឡើង ដោយរដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន តំណាង រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត នៅពេលដែល លោកធ្វើអធិបតីភាព ក្នុងកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មាធិការតម្រង់ទិស ថ្នាក់រដ្ឋមន្ត្រីអនុតំបន់មេគង្គស្តីពីការបំពុលអ័ព្ទឆ្លងដែន ក្នុងអនុតំបន់ទន្លេមេគង្គ (13th MSC Mekong) ដែល ប្រ ព្រឹត្ត ទៅ នៅថ្ងៃទី៤ ខែធ្នូនេះ ក្នុង ខេត្តសៀមរាប។
កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋលេខាធិការអចិន្ត្រៃយ៍ និងតំណាងជាន់ខ្ពស់ទទួលបន្ទុកដីធ្លី ភ្លើងឆេះព្រៃ និងអ័ព្ទពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ព្រមទាំងអគ្គលេខាធិការរងអាស៊ានសម្រាប់សហគមន៍សង្គមវប្បធម៌អាស៊ាន។
លោករដ្ឋលេខាធិកាប្រចាំការ សាន វណ្ណទី បានលើកឡើងថា អនុតំបន់ទន្លេមេគង្គ ដែលល្បីល្បាញខាងជីវចម្រុះ និងភាពសម្បូរបែបនៃប្រព័ន្ធអេកូឡូស៊ី បានទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់។
ទោះជាយ៉ាងណាក៏ដោយ ធនធានដ៏មានតម្លៃទាំងនេះប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងៗ ពីបញ្ហា ភ្លើងឆេះព្រៃ ការបំពុលផ្សែងអ័ព្ទឆ្លងដែន និងផលប៉ះពាល់ធ្ងន់ធ្ងរកាន់តែខ្លាំងឡើង នៃការប្រែប្រួលអាកាសធាតុ។
លោកមានប្រសាសន៍ថា៖«បញ្ហាប្រឈមទាំងនេះធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ រំខានដល់សកម្មភាពសេដ្ឋកិច្ច និងដាក់សម្ពាធយ៉ាងខ្លាំងលើបរិស្ថាន។ ការបំពុលឆ្លងដែន ទាមទារឱ្យមានកិច្ចសហការឆ្លងកាត់ព្រំដែន»។
លោកបន្តថា កិច្ចប្រជុំនេះផ្តល់នូវវេទិកាដ៏សំខាន់មួយ ដើម្បីតម្រង់ទិសសម្រាប់ផែនការយុទ្ធសាស្ត្រជាតិ និងតំបន់ ស្របជាមួយនឹងគោលការណ៍ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងអាស៊ានស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន។ លើសពីនោះ វាក៏ជា ឱកាសមួយ ដែលផ្តល់មូលដ្ឋានគ្រឹះ នៃការប្តេជ្ញាចិត្តរួម សម្រាប់និរន្តរភាពបរិស្ថានផងដែរ។
សេចក្តីប្រកាសព័ត៌មានពីកិច្ចប្រជុំបានឱ្យដឹងថា អង្គប្រជុំក៏បានទទួលស្គាល់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដូចជាការរាំងស្ងួតញឹកញាប់ជាងមុន និងបញ្ហាកាសធាតុកាន់តែអាក្រក់ខ្លាំងផ្សេងៗទៀត ដែលអាចបង្កើនហានិភ័យ នៃកំដៅ និងផ្សែងអ័ព្ទឆ្លងដែន ដែលបានកើតឡើងតាំងពីឆ្នាំ២០១៩មក។
លើសពីនោះ អនុតំបន់ទន្លេមេគង្គបានជួបប្រទះនូវការកើនឡើងកម្តៅ និងផ្សែងអ័ព្ទក្នុងរដូវប្រាំង ចន្លោះខែធ្នូ ឆ្នាំ ២០២៣ ដល់ខែឧសភា ឆ្នាំ ២០២៤ ដែលប៉ះពាល់ដល់ប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ក៏ដូចជាផ្នែកភាគខាងជើងនៃប្រទេសឡាវ និងប្រទេសវៀតណាមជាច្រើនថ្ងៃ។
សេចក្តីប្រកាសបានសរសេរថា៖«ខណៈដែលប្រទេសអនុតំបន់កំពុងឈានចូលដល់រដូវប្រាំង អង្គប្រជុំបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងសកម្មភាពក្នុងប្រទេសនីមួយៗ តាមរយៈផែនការសកម្មភាពជាតិរៀងៗខ្លួន និងផ្តល់អាទិភាព ដល់ការបង្ការអគ្គិភ័យ ការព្រមានជាមុន ការត្រួតពិនិត្យ និងការពន្លត់អគ្គិភ័យ ដើម្បីកាត់បន្ថយការកើតឡើង នៃអ័ព្ទឆ្លងដែនក្នុងអំឡុងពេលនៃអាកាសធាតុកាន់តែស្ងួត»។
កិច្ចប្រជុំលើកទី១៤ នៃគណៈកម្មាធិការតម្រង់ទិស ថ្នាក់រដ្ឋមន្ត្រីអនុតំបន់មេគង្គនឹងធ្វើឡើងក្នុងប្រទសឡាវ នាឆ្នាំ២០២៥ខាងមុខ។
ក្រសួងបរិស្ថានបានឱ្យដឹងថា ដើម្បីដោះស្រាយការបំពុលផ្សែងអ័ព្ទឆ្លងដែន និងបញ្ហាប្រឈមដែលពាក់ព័ន្ធ កម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុងនិរន្តរភាពបរិស្ថាន និងសកម្មភាពអាកាសធាតុ។
ក្នុងនោះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាបំពុលអ័ព្ទឆ្លងដែន និងបញ្ហាប្រឈមបរិស្ថានកាន់តែទូលំទូលាយ។
ក្រសួងបរិស្ថាន បានដាក់ចេញ យុទ្ធនាការ Blue Skies & Net Zero ២០៥០ ស្របតាម ការធ្វើបច្ចុប្បន្នភាព នៃការរួមចំណែក ដែលបានកំណត់កម្រិតថ្នាក់ជាតិរបស់ខ្លួន (NDCs) និងយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតកាបូន (LTS4CN) ។ យុទ្ធនាការនេះប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ ដើម្បីសម្រេចបានការបំភាយឧស្ម័នសុទ្ធត្រឹមឆ្នាំ ២០៥០។
លើសពីនេះ ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រា ដោះស្រាយការបំពុលប្លាស្ទិក តាមរយៈគំនិតផ្តួចផ្តើមដូចជាយុទ្ធនាការ "ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិក" និង "កម្ពុជាស្អាត ខ្មែរអាចធ្វើបាន" យើងបានចូលរួមជាមួយប្រជាពលរដ្ឋជាង ៩,៧ លាននាក់ ដើម្បីកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក និងទទួលយកជម្រើសប្រកបដោយនិរន្តរភាព។
ក្រសួងបរិស្ថានបាននិងកំពុងយកចិត្តទុកដាក់ការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងការគ្រប់គ្រងកាកសំណល់។ ក្រសួងមានគោលបំណងកាត់បន្ថយការបញ្ចេញជាតិពុល ដែលធ្វើឱ្យបញ្ហាគុណភាពខ្យល់កាន់តែធ្ងន់ធ្ងរ ដែលបានបំពេញបន្ថែម ដល់កិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយ របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលឆ្លងដែន៕