![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/202412/4_12_2024_aaaa.jpg)
«ក្រមា» ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃ មនុស្សជាតិរបស់អង្គការយូណេស្កូដោយគណៈកម្មការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ។ រូបថត STPM
ភ្នំពេញ៖ លោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានចេញសារលិខិត និងបានថ្លែងសារជាភាសាអង់គ្លេសអបអរសាទរការចុះ «ក្រមា» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃ មនុស្សជាតិរបស់អង្គការយូណេស្កូដោយគណៈកម្មការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូតាមរយៈ សេចក្តីសម្រេច 19.COM 7.5.27។
ការចុះបញ្ជីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) ដែលបានក្លាយជាទិវាប្រវត្តិសាស្ត្រ ដ៏សំខាន់របស់ជាតិកម្ពុជាទាំងមូល។
យោងតាមសារលិខិតរបស់លោកនាយករដ្ឋមន្ដ្រីបានឱ្យដឹងថា៖ «នេះគឺជាមោទនភាពថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលបានសម្រេចនូវសមិទ្ធផល សម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល។
ការចុះបញ្ជីនេះបានផ្តល់នូវតម្លៃដូចគ្នាចំពោះកម្ពុជា និង សហគមន៍អន្តរជាតិ នូវកាតព្វកិច្ចនៃកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការថែរក្សា ការពារ និងលើកតម្កើង គុណតម្លៃ «ក្រមា» ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ»។
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/202412/4_12_2024_aaaaa.jpg)
ទិដ្ឋភាពនៃការចូលរួមរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រួសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay)។ រូបថត UNESCO
លោកបានបញ្ជាក់ថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ លោកនាយករដ្ឋមន្ដ្រីបានអំពាវនាវចំពោះស្ថានីយ៍វិទ្យុ ទូរទស្សន៍ និង បណ្តាញព័ត៌មានទាំងអស់ ចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍ដែលជាមោទនភាពជាតិដ៏មាន សារៈសំខាន់នេះឱ្យបានទូលំទូលាយបំផុត៕