ភ្នំពេញៈ ក្រសួងព័ត៌មាន និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីចូលរួមចំណែកដល់ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈឱ្យស្របតាមការវិវត្តិយ៉ាងលឿននិងអត់ឈប់ឈរក្នុងវិស័យនេះដែលកំពុងត្រូវបានជំរុញ ដោយបច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI)។
ពិធីចុះហត្ថលេខាបានប្រព្រឹត្តទៅ ក្រោមអធិបតី រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកនេត្រ ភក្ត្រា និង លោកស្រីទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នាថ្ងៃពុធ ទី៤ ខែធ្នូនេះ។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មាន របស់ក្រសួងព័ត៌មាននាថ្ងៃព្រហស្បតិ៍ទី ៥ ខែធ្នូ។
លោករដ្ឋមន្ត្រីបានលើកឡើងក្នុងឱកាសនោះថា ធនធានមនុស្សជាកត្តាដ៏ចាំបាច់បំផុតមួយក្នុងការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍កម្ពុជា។
សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ក៏ដូចជាគ្រឹះស្ថានឧត្តមសិក្សាផ្សេងទៀត មានតួនាទីសំខាន់ក្នុងការចូលរួម ចំណែកបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការបង្កើតកម្មវិធីសិក្សា និងផ្តល់ការបណ្តុះបណ្តាលជំនាញ ផ្នែកព័ត៌មាននិងសោតទស្សន៍ ដើម្បីធ្វើឱ្យធនធានមនុស្សសម្រាប់វិស័យព័ត៌មាននៅកម្ពុជាមានការរីកចម្រើន ឡើងទាំងបរិមាណ និងគុណភាព។
លោករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ពីសារៈ សំខាន់ និងភាពចាំបាច់ ក្នុងការបង្កើតកម្មវិធីសិក្សាសមស្រប សម្បូណ៍បែប និងទំនើប ដើម្បីឱ្យយុវជនជំនាន់ក្រោយ ដែលមានចំណាប់អារម្មណ៍លើជំនាញនេះ មានឱកាសក្នុងការទទួលបានការបណ្តុះបណ្តាល ទាំងក្នុងកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្ររង និងកម្រិតវិជ្ជាជីវៈ។
លោកមានប្រសាសន៍ថា៖«កិច្ចសហប្រតិបត្តិការនេះ នឹងចូលរួមធ្វើឱ្យកម្ពុជាមាន ធនធានមនុស្ស ក៏ដូចជាកសាងអ្នកបន្តវេនក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ប្រកបដោយគុណភាព សមត្ថភាព និងចំណេះជំនាញពិតប្រាកដ ដើម្បីចូលរួមបង្កើនជំនឿទុកចិត្តពីសាធារណជនមកលើវិស័យព័ត៌មាននៅកម្ពុជា»។
កម្មវិធីសិក្សា ដែលនឹងរៀបចំឡើងក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់សារៈសំខាន់ទាំងលើទ្រឹស្តី និងការអនុវត្តផ្ទាល់។ មិនត្រឹមតែផ្តោតលើជំនាញសារព័ត៌មាន ការសរសេរអត្ថបទ ផលិតនិងការផ្សាយ ព័ត៌មានបែបប្រពៃណីប៉ុណ្ណោះទេ ក្រសួងព័ត៌មាន និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នឹងដាក់បញ្ចូល ការបណ្តុះបណ្តាលជំនាញពហុព័ត៌មាន និងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយគ្រប់ទម្រង់សំខាន់ៗក្នុង វិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងយុគសម័យឌីជីថល។ ក្នុងនោះរាប់បញ្ចូលទាំងមុខវិជ្ជាស្នូល ដែលមានដូចជា សារព័ត៌មាន, ជំនាញផលិតកម្មវិធីទូរទស្សន៍, សារព័ត៌មានឌីជីថល, ទំនាក់ទំនងសាធារណៈ និងទីផ្សារផ្សព្វផ្សាយពាណិជ្ជកម្ម, ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍។
លោកស្រីទេព កូលាប បានបង្ហាញពីការប្តេជ្ញាចិត្ត ចំពោះកិច្ចសហប្រតិបត្តិការនេះ ដើម្បីធ្វើយ៉ាងណាឱ្យវគ្គសិក្សាអាចចាប់ផ្តើមដំណើរការ សម្រាប់សិស្សនិស្សិតក្នុងពេលឆាប់ៗនេះ ព្រមទាំងរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីធានានិរន្តភាពនៃកម្មវិធីសិក្សានេះ។
ក្រៅពីកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ក្នុងក្របខណ្ឌ អភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ក្រសួងព័ត៌មានបានដំណើរការមជ្ឈមណ្ឌលបណ្តុះ បណ្តាលវិក្រឹត្យការវិជ្ជាជីវៈសារព័ត៌មានរបស់ខ្លួនឡើងវិញ កាលពីចុងឆ្នាំ២០២៣កន្លងមក។
ជាមួយគ្នានេះដែរ ក្នុងក្របខណ្ឌនៃការអភិវឌ្ឍនិងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ក្រសួងនឹងបន្តយកចិត្តទុកដាក់ និងបើកទូលាយលើកិច្ចសហប្រតិបត្តិជាមួយតួអង្គពាក់ព័ន្ធដទៃទៀត ដើម្បីចូលរួមលើកកម្ពស់វិស័យព័ត៌មាននិង សោតទស្សន៍នៅកម្ពុជា ឱ្យកាន់តែរីកចម្រើនឡើង ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយ ចីរភាព។
កម្ពុជាមានស្ថាប័នព័ត៌មានដែលបានចុះបញ្ជីជាង២ពាន់អង្គភាព និងមានអ្នកសារព័ត៌មានប្រមាណ ១ម៉ឺននាក់៕