មណ្ឌលគិរីៈ​ ជំរំសត្វទោចចាហ៊ូ (Jahoo) ​ដែលជា​គម្រោង​ទេសចរណ៍​ធម្មជាតិ គ្រប់​គ្រង​ដោយស​ហគម​ន៍ជ​នជា​តិដើ​មភា​គ​តិចព្នង ត្រូវបាន​ជ្រើស​រើស​ជា​អ្នក​ឈ្នះពានរង្វាន់និរន្តរភាព នៃមូលនិធិ EXO ​ជាលើកដំបូង ក្នុង​​ការ​ទទួល​ស្គាល់​កិច្ចខិតខំប្រឹងប្រែង​ ដែលកំពុងធ្វើជារៀងរាល់ថ្ងៃ ដើម្បីធ្វើឱ្យJahoo ក្លាយ​ជា​កន្លែង​ទេស​ចរ​ណ៍លំ​ដាប់​ពិ​ភព​លោ​កស​ម្រាប់​កា​រអ​ភិ​រក្ស និងអេកូទេសចរណ៍តែមួយគត់នៅកម្ពុជា។

អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​ (WCS) កម្ពុជា និង ​ក្រសួង​បរិស្ថាន ជាដៃគូ នាថ្ងៃទី៥ ខែធ្នូនេះ បានប្រកាស និង​សម្តែង​ សេចក្តី​សោម​ន​ស្សរី​ករាយ ចំពោះJahoo ដែលត្រូវបានជ្រើសរើសជាអ្នកឈ្នះ ពានរង្វាន់និរន្តរភាព មូលនិធិ EXO ឆ្នាំ២០២៤ (2024 EXO Foundation Sustainability Awards) ក្នុង ប្រភេទ'Planet - មិន​រក​ប្រាក់​ចំ​ណេញ​/ស​ហគ្រា​សសង្គម'។ 

ក្នុងនោះ រួមមានរង្វាន់ធំចំនួន៧​ពាន់​ដុ​ល្លា​រ ដែលផ្តល់ ដោយទទួល​ស្គាល់ការ​ប្តេជ្ញាចិត្ត​របស់ពួកគេ ចំពោះ​និរន្តរភាព ការអនុវត្ត និងគំនិតផ្តួចផ្តើមទេសចរណ៍។ មូលនិធិEXO  គឺជាអង្គការមិនរកប្រាក់ចំណេញ ដែល​គាំទ្រ​គ​ម្រោង​​មូលដ្ឋានក្នុងតំបន់អាស៊ីអាគ្នេយ៍។ 

បន្ថែមពីលើនេះ Jahoo ក៏ទទួលបានការបោះឆ្នោតច្រើនជាងគេ សម្រាប់ពានរង្វាន់ 'ជម្រើសរបស់ប្រជាជន' (the ‘People’s Choice’ award) នៅក្រោមចំណាត់ថ្នាក់នៃ Planet ជាមួយនឹងការបោះឆ្នោតចំនួន ៤៤១ មក​ពីជុំវិញពិ​ភព​លោក​ផងដែរ​។

នាយកប្រចាំប្រទេស នៃអង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​ (WCS) កម្ពុជា លោកAlistair Mould បាន​និយាយថា ពួកគេពិតជាមានក្តីរំភើបរីករាយ ដោយឃើញ Jahoo ត្រូវបានជ្រើសរើសជាអ្នកឈ្នះនេះ ដែលនេះប​ង្ហាញថា កិច្ច​​ខិតខំប្រឹងប្រែងរួមគ្នារបស់ពួកគេទាំងនេះបានសំរេចជាលទ្ធផលហើយ។

លោកបានថ្លែងថា៖«តាមរយៈរង្វាន់ទាំងនេះ យើងជឿជាក់ថា នឹងមានអ្នកទេសចរកាន់តែច្រើននឹងមក Jahoo ដើម្បីទទួលបទពិសោធន៍ នៃការដើរតាមផ្លូវ Gibbon ដោយផ្ទាល់ ដែលផ្តល់អត្ថប្រយោជន៍​ដល់សកម្មភាព​អភិ​រក្ស​ព្រៃឈើ ដោយសហគមន៍ជន​ជាតិដើមភាគ​តិច​អណ្តូងក្រឡឹង»។ 

លោកបានលើកឡើងថា សត្វទោចថ្ពាល់លឿង ដែលជិតផុតពូជជាសកលទាំងនេះ គឺជាការទាក់ទាញដ៏​សំ​ខាន់​សម្រាប់អ្នកទេសចរ។

ដូច្នេះហើយ ការការពារជម្រក និងសុខុមាលភាពរបស់ពួកគេ គឺជាគន្លឹះក្នុង​ការ​កំណត់ភាព​ជោគជ័យ​រយៈ​ពេល​វែង និងនិរន្តរភាព នៃគំនិតផ្តួចផ្តើមអេកូទេសចរណ៍នេះ។

នៅពេលដែល ប្រារព្ធខួបលើកទី២៥ឆ្នាំរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា អង្គការWCS បានចែក​រំលែក​ព័ត៌​មាន​ នៃ​ការឈ្នះ​ពានរង្វាន់នេះ ដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលគាំទ្រ Jahoo។ អង្គការWCSបាន ថ្លែង​អំណ​រគុ​ណ​អ្នក​បោះឆ្នោតគាំទ្រ ​គណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិចអណ្តូងក្រឡឹង សម្រាប់​ការគ្រប់​គ្រង​របស់​ពួកគេ។

ចំពោះភាពជោគជ័យរបស់Jahoo នាពេលបច្ចុប្បន្ននេះ អង្គការWCS​ក៏បាន​ អរគុណ​ចំពោះ​ការ​គាំ​ទ្រ​យូរ​អង្វែង​របស់​​ក្រសួងបរិស្ថាន, ទីភ្នាក់ងារUSAID កម្ពុជា, គម្រោងរេដបូក​កែវសីមា និងអង្គការ World Hope International តាមរយៈការផ្តួចផ្តើមជាច្រើននៅក្នុងតំបន់កែវសីមា។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យា បានឱ្យដឹងថា ការបង្កើតសហគមន៍​តំបន់​ការពារធម្មជាតិបែបនេះ គឺជាការជួយលើក​កម្ពស់ជីវភាពសហគមន៍ ​​និងការចូលរួម​ការអភិរក្ស​ធន​ធាន​ធម្មជាតិ ជាពិសេសនោះគឺ អភិរក្សវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីរបស់​សហគមន៍ជនជាតិដើមភាគតិច តែ​​ម្ដង​។

លោកមានប្រសាសន៍ថា៖«ពលរដ្ឋ​នៅតាម​សហគម​ន៍តំ​បន់​ការ​ពារ​ធ​ម្ម​ជា​តិហ្នឹ​ង​ គឺ​បាន​ទទួល​នូវ​ការ​លើក​កម្ពស់​ជីវ​ភាព។ ទីមួយគឺយើងផ្ដល់នូវជំនាញ។ ទោះមាន​អង្គការគាំទ្រ ក៏យើងគៀងគរការគាំទ្រ ទៅដល់សហគមន៍ ដូច​ជា​ការបណ្ដុះបណ្ដាលជំនាញ បង្កើតជាអេកូទេសចរណ៍នេះ គេហៅថា​គោល​ដៅ​លំហែ​បៃត​ងរបស់​យើង»។ 

លោក​បន្ត​ថា​ក្រៅពីនោះ មានការ ផ្តល់នូវពូជសត្វចិញ្ចឹម ការ​ដាំបន្លែ និង​រៀប​ចំ​បង្កើត​ជាគណៈ​កម្មការ ដើម្បីពួកគាត់ធ្វើជាម្ចាស់ និង គ្រប់​គ្រង​តំបន់​សហគមន៍​របស់គាត់ដោយខ្លួនឯង។  

លោកបន្ថែមថា ការងារនេះកំពុងតែ ជួយឱ្យ​សហគមន៍​ គេច​ផុត​ពី​ការ​ចូល​ព្រៃ​ ដើម្បី​ចិញ្ចឹម​ជីវិត​ ងាកមក ការបម្រើ​ទេស​ចរណ៍វិញ តាមរយៈព្រៃសហគមន៍របស់គាត់ ដែលបានថែទាំសម្រាប់កូនចៅរបស់គាត់។ 

សហគមន៍តំបន់ការពារធម្មជាតិ សរុប​មានចំនួន ១៩៣សហគមន៍ ត្រូវបានបង្កើតឡើង ដែលមានសមាជិកសរុបចំនួន ៧៣ ១៤៩គ្រួសារ និង គ្រប​ដណ្តប់​លើ​ផ្ទៃដីព្រៃជាង ៣៣ម៉ឺនហិកតា នៅក្នុងខេត្តចំនួន១៥ គិតត្រឹម ឆ្នាំ២០២៤នេះ។ 

អង្គការ WCSបានឱ្យដឹងថា សត្វ​ទោច​ថ្ពាល់​លឿង​​ប្រមាណ​ ១ ១២៩ក្បាល​ត្រូវ​បាន​ធ្វើ​កំណត់ត្រា​នៅ​ក្នុង​ដែន​ជ ម្រក សត្វព្រៃកែវសីមា ដែល​ជា​ចំនួន​មួយ​ថេរ និងបង្ហាញ​សញ្ញា​វិជ្ជមាន​មួយ​ ក្នុង​រយៈពេល ១២ឆ្នាំ​ចុងក្រោយ​នេះ។​

ជំរំសត្វទោច ចាហ៊ូ ស្ថិត​ក្នុង​ភូមិ​អណ្តូងក្រឡឹង ឃុំ​សែនមនោរម្យ ស្រុក​អូរាំង ត្រូវបាន​ពង្រីក​ទី​ជម្រក​ទំហំ ៤៤៥,៥​ហិកតា បន្ថែម​ទៀត​ ​សម្រាប់​សត្វទោច​ថ្ពាល់លឿង នៅ​​ឆមាស​ទីមួយ ​នៃ​ឆ្នាំ២០២៤នេះ។ 

ការ​ពង្រីក​នេះបាន​ធ្វើ​ឱ្យ​តំបន់​រស់នៅ​របស់​សត្វទោច​​សរុប​បាន​កើន​ឡើង​រហូត​ដល់ ៦៩១,៣​ហិកតា នា​ពេល​បច្ចុប្បន្ន​នេះ។ គម្រោង​​​នេះ​មាន​គោលបំណង​បន្ត​ពង្រីក​ទីជម្រក​របស់​សត្វទោច​ឱ្យ​ឈាន​ដល់​គោលដៅ​ចំនួន ១ ០០០​ហិកតា​នៅ​ចុងឆ្នាំ​នេះ។ នេះបើយោងតាមគម្រោងUSAID មរតក​បៃតង​៕